លោក ហ៊ុន ម៉ាណែត សំណូមពរឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ និងរីកចម្រើនសម្រាប់អនាគតកូនចៅទៅមុខទៀត

លោក ហ៊ុន ម៉ាណែត សំណូមពរឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ និងរីកចម្រើនសម្រាប់អនាគតកូនចៅទៅមុខទៀត

លោក ហ៊ុន ម៉ាណែត តំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានមានប្រសាសន៍ថា សន្តិភាពមានតម្លៃមហាសាល មានសន្តិភាពទើបមានអ្វីៗទាំងអស់។ ដូច្នេះសូមលោកតាលោកយាយ អ៊ុ ពូ មីង និងបងប្អូនទាំងអស់ចូលរួមថែរក្សាសន្តិភាពឱ្យនៅគង់វង្សយូរអង្វែងដើម្បីប្រទេសជាតិបានបន្តការអភិវឌ្ឍ និងរីកចម្រើនសម្រាប់អនាគតកូនចៅទៅមុខទៀត។ លោកបានបញ្ជាក់ថា ដើម្បីទទួលបានរាល់បំណងទាំងនេះ បងប្អូនត្រូវប្រកាន់ស្មារតីឱ្យបានរឹងមាំ បញ្ចៀសនូវការជឿតាមពាក្យភូតភរ បោកបញ្ឆោតពីក្រុមញុះញុង ដែលមានបំណងតែកេងចំណេញនយោបាយដោយមិនខ្វាយខ្វល់អំពីក្តីទុក្ខលំបាក មហន្តរាយផ្សេងៗចំពោះប្រជាពលរដ្ឋ។

នេះជាការសំណូមពររបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុងពិធី សម្ពោធសមិទ្ធផលនានាដែលទើបនឹងកសាងរួចរាល់នៅទីអារាមវត្តមង្គលគិរី ហៅវត្តភ្នំធំ ស្ថិតក្នុងភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
នាឱកាសនោះ លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ថ្ងៃនេះជាលើកទីបីចំពោះខេត្តកំពត នាដើមឆ្នាំ២០១៧ និងជាលើកទីមួយលើទឹកដីស្រុកឈូកដែលប្រជាពលរដ្ឋ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សមានកិត្តិយសបានទទួលដំណើរចុះមកផ្ទាល់របស់លោកហ៊ុន ម៉ាណែត សម្រាប់វិស័យសាសនាក៏ដូចជាផ្នែកអាណាចក្រ។ មកដល់សព្វថ្ងៃក្នុងខេត្តកំពតមានវត្ត២៦៣ ព្រះសង្ឃ២.២៩៦អង្គ។ សូរ៉ាវ និងវិហារសម្រាប់អ៊ិស្លាមសាសនាមាន៧១កន្លែង ព្រមទាំងវិហារកាតុលិមានចំនួន២៥។ ដោយឡែកវត្តមង្គលគិរី ហៅវត្តភ្នំធំបានចាប់ផ្តើមកសាងជាបណ្តើរៗនូវសមិទ្ធផលនានា ក្រោយពីកកើតឡើងក្នុងឆ្នាំ២០០៤។ ក្នុងនោះរួមមាន សង់សាលាឆាន់មួយខ្នង កុដិពីរខ្នង វច្ចកុដិបីខ្នង ដងទង់មួយគូ ជណ្តើរឡើងភ្នំ២៧៣កាំ រូបសំណាកដំរីមួយគូ និងមេទ័ពដៃប្រាំចំនួនមួយ។ លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ គណៈកម្មការ និងពុទ្ធបរិស័ទចាប់ផ្តើមសង់វិហារដែលមានបណ្តោយ១៦,១៥ ម៉ែត្រ ទទឹង៩,៥០ម៉ែត្រ និងសម្រេចរួចរាល់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ទើបធ្វើពិធីកាត់ឫសសីមានាពេលនេះក្នុងតម្លៃ២៦៧.៨៧៧ដុល្លារ។ សមិទ្ធផលទាំងនេះកើតចេញពីអំណោយផល នៃសន្តិភាពតាមយុទ្ធសាស្ត្រឈ្នះឈ្នះក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ុន ម៉ាណែត តំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានប្រគល់ជូនគណៈកម្មការវត្តមង្គលគិរី ហៅវត្តភ្នំធំ នូវថវិកាចំនួន៤២លានរៀល ដើម្បីចូលរួមក្នុងការចំណាយ លើសមិទ្ធផលទាំងឡាយដែលបានកើតឡើង និងសម្រាប់ចាត់ចែងតាមតម្រូវការ។ ជាមួយគ្នានេះដែរ លោកបានឧបត្ថម្ភដល់អនុវិទ្យាល័យ និងវិទ្យាល័យបីកន្លែងនូវកុំព្យូទ័រយួរដៃបីគ្រឿង កុំព្យូទ័រលើតុបីគ្រឿង និងម៉ាស៊ីនព្រីនធ័របីគ្រឿង ព្រមទាំងប្រគេនថវិកា១៥លារៀលដល់គណៈកម្មការវត្តអង្គមុនីវន្ត ស្ថិតក្នុងភូមិត្រពាំងប្រិយ ឃុំស្រែសំរោង ស្រុកជុំគិរីតាមសំណើសម្រាប់កសាងសមិទ្ធផលផ្សេងៗ។ លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត បានធ្វើអំណោយជាអគារសិក្សាមួយខ្នង មានប្រាំមួយបន្ទប់ ទីចាត់ការមួយជូនដល់អនុវិទ្យាល័យត្រពាំងបីនៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូកទុកជាចំណងដៃដែលប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ក្នុងមូលដ្ឋាននោះ ផ្តល់ការគាំទ្រចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ តាមរយៈសំឡេងឆ្នោតដែលលេចចេញជាលទ្ធផលកន្លងទៅថ្មីៗនេះ៕

Related Posts

About The Author

Add Comment

error: Content is protected !!