សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ ជាមួយសម្ពាយនៃផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ពិភពលោកសំខាន់ៗជាច្រើននៅលើទឹកដីនៃប្រទេសវៀតណាម និងប្រទេសហ្វីលីពី​នអស់រយៈពេល៥ថ្ងៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយនៅម៉ោង ១០៖៤៥នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយបានស្ពាយនូវផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំមន្រ្តីជាន់ខ្ពស់របស់កម្ពុជាចាកចេញពីកម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយបានអញ្ជើញទៅចូលរួមកិច្ចសន្ទនា ក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលប្រារព្ធធ្វើឡើងនៅទីក្រុងដាណាំង ប្រទេសវៀតណាម។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើ APEC បញ្ចូលកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកពេញសិទ្ធិរបស់ APEC ដើម្បីផ្តល់ឱកាសឲ្យប្រទេសទាំង៣នេះ បានចូលរួមជជែកយ៉ាងពេញលេញជាមួយ APEC។ នៅប្រទេសវៀតណាម ក្រៅពីការចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ APEC ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ក៏បានជួបសំណេះសំណាលទ្វេភាគីជាមួយប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីវៀតណាមផងដែរ។

ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោ ហ៊ុន សែន បានជជែកជាច្រើនលើការពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្ម និងកសាងព្រំដែនមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសការបោះបង្គោលព្រំដែនឲ្យបានរួចរាល់នៅឆ្នាំ២០១៨ខាងមុខ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន បានហោះឆ្ពោះទៅប្រទេសហ្វីលីពីន នៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅក្នុងទឹកដីហ្វីលីពីន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផង និងបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ជាច្រើនទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាជាច្រើនទាំងបញ្ហានៅកម្ពុជា តំបន់ ក៏ដូចជាលើពិភពលោកផងដែរ។ ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានឱកាសបានជួបស្វាគមន៍ជាមួយមេដឹកនាំលើពិភពលោកជាច្រើនដោយស្មើភាព និងស្មើសិទ្ធិ មានដូចជាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីជប៉ុន នាយករដ្ឋមន្រ្តីចិន នាយករដ្ឋមន្រ្តីកាណាដា និងមេដឹកនាំមកពីបណ្តាប្រទេសជាច្រើនផ្សេងទៀត។

រូបភាពជាច្រើនសន្លឹកបង្ហាញភាពស្និទ្ធស្នាលរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកជាច្រើនផ្សេងទៀត បាននាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ក្រៅពីចាប់អារម្មណ៍ទៅរូបភាពបង្ហាញភាពស្និទ្ធស្នាលនោះហើយ ប្រជាពលរដ្ឋខ្មែរក៏មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងថែមទៀត ចំពោះសារដ៏មុតស្រួចរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងត្រង់ៗទៅកាន់ប្រធានាធិបតីអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៥។

សារដែលនាំឲ្យការចាប់អារម្មណ៍ខ្លាំងពីមហាជននោះ គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងពេញចិត្តពេញថ្លើម និងគាំទ្រពេញទំហឹងចំពោះបន្ទាត់នយោបាយរបស់លោក ដូណាល់ ត្រាំ ក្នុងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ សម្តេចតេជោ បានប្រាប់លោក ដូណាល់ ត្រាំ ថា បន្ទាត់នយោបាយនេះ នឹងធ្វើឲ្យអាមេរិកមានមិត្តភក្តិ និងការគោរពស្រឡាញ់ច្រើនពីបណ្តាប្រទេសលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចបញ្ជាក់ផងដែរថា ស្ថានទូតអាមេរិកនៅភ្នំពេញ ធ្វើការមិនអព្យាក្រឹត្យ ហើយតែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

សារដែលកាន់តែធ្វើឲ្យមហាជនខ្មែរចាប់អារម្មណ៍ខ្លាំងថែមទៀត គឺសម្តេចតេជោ ហ៊ុន សែន ហ៊ានដោយត្រង់ចំពោះមុខសហរដ្ឋអាមេរិក ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអតីតកាលរហូតនាំឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់ភ្លើងសង្រ្គាម។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងស្នើសុំផ្ទាល់មាត់ឲ្យលោក ដូណាល់ ត្រាំ ពិចារណាបង្វែរបំណុលកម្ពុជាក្នុងសម័យសង្រ្គាមមកជាជំនួយអភិវឌ្ឍន៍។ សម្តេចបានប្រាប់លោក ត្រាំ ការទាមអារបំណុលប្រមាណជា ៥០០លានដុល្លារនាពេលបច្ចុប្បន្ននេះ គឺប្រៀបដូចជាការដែលអាមេរិក «យកញញួរមកវាយក្បាលខ្មែរ ហើយឲ្យខ្មែរចេញថ្លៃញញួរ» ថែមទៀត។

ក្រៅពីការចូលរួមកិច្ចប្រជុំដ៏មមាញឹកនោះទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបពិភាក្សាទ្វេភាគីផងដែរជាមួយនាយករដ្ឋមន្រ្តីចិន នាយករដ្ឋមន្រ្តីឡាវ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ទាំងជំនួបក្នុងកិច្ចប្រជុំជាមួយបណ្តាក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាការជួបប្រជុំទ្វេភាគី ការស្វែងរកផ្តល់ប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា សុទ្ធតែបានតម្កល់ជាចម្បងសម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទាំងកិច្ចប្រជុំ APEC នៅវៀតណាម និងប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន បានបញ្ចប់ទៅដោយលទ្ធផលល្អ ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងអស់ នៃប្រទេសជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook របស់សម្តេចបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំសំខាន់ៗទាំង២នោះ មានឯកសារព្រមព្រៀងមួយដ៏សំខាន់បំផុត ដែលបានចុះហត្ថលេខា ដោយប្រមុខដឹកនាំអាស៊ាន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ដើម្បីការការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន ឲ្យមានសិទ្ឋិសេរីភាពកាន់តែទូលំទូលាយ ក្នុងការស្វែងរកការងារធ្វើ នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា «ប្រទេសអាស៊ានទាំង១០ យើងរួមសុខរួមទុក្ខជាមួយគ្នា និងរីកចម្រើនទៅមុខជាមួយគ្នា ដោយមិនទុកប្រទេសណាឲ្យនៅពីក្រោយឡើយ។ ទន្ទឹមនឹងនោះ ក៏យើងមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាឡើយ ប៉ុន្តែយើងរួមគ្នាដោះស្រាយបញ្ហានានា ដោយសន្តិវិធីដែលនាំមកនូវវិបុលភាព និងសន្តិភាព»។

ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញនូវមោទនភាពជាខ្លាំងចំពោះមេដឹកនាំរបស់ខ្លួនក្នុងយុគ្គសម័យនៃសុខសន្តិភាព ដែលបាននាំយកកេត្យានុភាពរបស់ជាតិទៅកាន់តំបន់ និងពិភពលោក បន្ទាប់ពីបានរងទុក្ខយ៉ាងខ្លោចផ្សារដោយសារភ្លើងសង្រ្គាមអស់ជាច្រើនទសវត្សរ៍មកនោះ៕ by: Fresh news

 

Related Posts

About The Author

Add Comment

error: Content is protected !!