​តើ​លោក​អ្នកដឹង​ទេ​ថា ស្ពាន​បុរាណ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្រុក​ប្រាសាទបាគង ដល់ទី​ប្រជុំជន​កំពង់ក្តី ស្រុក​ជីក្រែង មាន​ចំនួន​ប៉ុន្មាន​?

​សៀមរាបៈ ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្រុក​ប្រាសាទបាគង ទៅ​ទីប្រជុំជន​កំពង់ក្តី ស្រុក​ជីក្រែង គឺ​រត់​លើ​កំណាត់​ផ្លូវ​បុរាណ ពី​សម័យអង្គរ ហើយ​តាម​ការស្រាវជ្រាវ របស់​អ្នក​បុរាណវិទ្យា បាន​រកឃើញថា កំណាត់​ផ្លូវ​នេះ មាន​ស្ពាន​បុរាណ​ចំនួន​២១ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ស្ពាន​បុរាណ ចំនួន​១០ បាន​ខូច​បាត់​រូបរាង ហើយ​មាន​នៅសល់តែ​ស្ពាន​ចំនួន​១១ ប៉ុណ្ណោះ ដែល​អាច​រក្សាបាន​។​

​ការខូចខាត​បាត់បង់ ក៏​ព្រោះតែ​កត្តា​ពេលវេលា ការខ្វះខាត​កិច្ចការ​គាំពារ នាពេល​ប្រទេស ស្ថិតក្នុង​ស្ថាន​ប្រទាញប្រទង់ ដោយសារ​សង្គ្រាមស៊ីវិល ហើយ​ស្ពាន​ដែលមាន​នៅសល់​ទាំង ១១ នោះ មានដូចជា ស្ពាន​អូរ​ចិ​ញ្ជៀ​ន ស្ពាន​តូច ស្ពានថ្ម​បាយក្រៀម ស្ពានថ្ម ស្ពាន​តា​មាស ស្ពាន​ភូមិ​អូរ ស្ពាន​ថ្នាល់​ដាច់ ស្ពាន​ស្វាយ ស្ពាន​បឹង​អំពិល ស្ពាន​ខ្ពស់ និង​ស្ពាន​ព្រះ​ទិស​។

​កន្លងមក ស្ពាន​បុរាណ​ទាំង ១១ នេះ មានការ​ទ្រុឌទ្រោម​ខ្លាំង ទើប​នៅ​ឆ្នាំ​២០១៣ នៅពេល​ធ្វើការ​ជួសជុល​ផ្លូវជាតិ​លេខ​៦​ឡើងវិញ ទើប​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្នើសុំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ចិន ដែល​ទទួល​ម៉ៅការ ធ្វើ​ផ្លូវ​វាង​ស្ពាន​បុរាណ​ទាំងនោះ ដើម្បី​ថែរក្សា អភិរក្ស​ស្ពាន​ទាំងនោះ ឱ្យបាន​គង់វង្ស​ត​កូនចៅ និង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ផង​។​

​ក្នុងន័យ​ថែរក្សា និង​លើក​តម្លៃ​ស្ពាន​បុរាណ​ទាំងនោះ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្ត​ដាក់​ថែទាំ និង​លើក​តម្លៃ​ស្ពាន​បុរាណ ដូចជា ស្ពាន​ព្រះ​ទិស ដោយ​ដាក់​ឱ្យមាន​ភ្នា​ក់​អភិរក្ស ចំនួន​៤​នាក់ បំពេញការងារ​ជា​អចិន្ត្រៃយ៍ បាន​កសាង​រោង​ឆ្មាំ ១​ខ្នង បង្គន់​អនាម័យ​១​ខ្នង មាន​៤​បន្ទប់ សម្រាប់​បម្រើ​អ្នកទេសចរ​។​

​ដោយឡែក ស្ពាន​បុរាណ​ចំនួន ១០ ទៀត យើង​បានដាក់​ស្លាក​ឈ្មោះ ស្ពាន​បុរាណ​តាម​ស្ពាន​នីមួយៗ ដើម្បីឱ្យ​ភ្ញៀវទេសចរ បាន​ស្គាល់ ព្រមទាំង​ធ្វើការ​សម្អាត​ជា​រៀងរាល់ខែ​រួមមាន​៖ ការកាប់​ឆ្ការ​រុក្ខជាតិ​តូចធំ រើស​សំរាម​ជុំវិញ​ស្ពាន និង​មើល​ស្ថានភាព​ស្ពាន​ជាដើម​៕V

Related Posts

About The Author

Add Comment

error: Content is protected !!