​ឃាតកដែលសម្លាប់ស្ដ្រី រួចញាត់ចូលក្នុងធុងទឹកកក យកទៅទម្លាក់នៅជិតស្ពានព្រែកតាម៉ាក ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ

(ភ្នំពេញ)៖ ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយក​ទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលរបស់លោក និងកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

បើតាមលោកស្នងការ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង្ស័យ ទៅឆែកផ្ទះនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលហើយ គឺមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រែកតាម៉ាក៕

Related Posts

About The Author

Add Comment

error: Content is protected !!