ឯកឧត្ដម ហ៊ុន ម៉ានី បន្តបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនជាង៧០០នាក់ទៀត នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានបន្តចុះជួបសួរសុខទុក្ខ និងបំពាក់មេដាយការពារជាតិជូន បងប្អូនសមាជិកអតីតយុទ្ធជន ស្រុកថ្ពង និងស្រុកឱរ៉ាល់ ប្រមាណជាង៧០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់លើកឡើងថា សង្គ្រាមរាំរ៉ៃ ខ្មែរត្រូវរួបរួមគ្នា ពីព្រោះខាងណាក៏ខ្មែរ ខាងណាក៏សាច់ នេះជាគំនិតផ្ទាល់របស់សម្តេចក្នុងនយោបាយឈ្នះឈ្នះ ទើបយើងទទួលបានសន្តិភាពក្រោមដំបូលរដ្ឋធម្មនុញតែមួយ និងកងកម្លាំងតែមួយ មកដល់សព្វថ្ងៃ។

តំណាងរាស្ត្រវ័យក្មេងរូបនេះ បានរំលឹកថា សម័យវិបត្តិយោធានៅប្រាសាទព្រះវិហារ និងវាលឥន្ទ្រី យោធាបរទេសបានបង្ហាញសភាវុធទំនើប និងបាននិយាយវាយប្រហារ មកលើកងយោធពល ខេមរភូមិន្ទយើង ដែលមិនទំនើបដូច ក៏ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា កងទ័ពឈ្លានពានត្រូវចុះចាញ់ តាមរយៈការចរចាផង និងការពារផង ក្នុងនោះ ដូចជាបញ្ហាជា ប្រទេសឡាវផងដែរ គឺដោះស្រាយតាមរយៈការទូត ដោយមិនបង្ហូរឈាមឡើយ នេះជាឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែនរបស់យើង។

ឯកឧត្ដមតំណាងរាស្ត្រ បញ្ជាក់ជំហរជូនបងប្អូនអតីតយុទ្ធជនថា សម្តេចតេជោ ហ៊ុន សែន មិនបោះបង់ចោលបងប្អូន ហើយនឹកឃើញជានិច្ច ចំពោះអតីតកាលធ្លាប់រួមអាវុធជាមួយគ្នា ហើយសម្តេច ក៏ជាជនពិការដោយសារសង្គ្រាមដែរ។

ឯកឧត្ដម វ៉ី សំណាង បានលើកឡើងថា «ថ្ងៃនេះសុំសរសើរដោយស្មោះ ដែលបងប្អូនគ្រួសារអតីតយុទ្ធជន ក្នុងខេត្តទាំងអស់ មិនគិតថា បងប្អូនជាអតីតយុទ្ធក្នុងរបបខ្មែរ ក្រហមនោះទេ គឺបងប្អូនមិនបានធ្វើឲ្យអាជ្ញាធរមូលដ្ឋានណា ពិបាកចំពោះពួកគាត់ទេ មិនតែប៉ុណ្ណោះមិនបានសុំទាននណា ដើម្បីចញ្ចឹមខ្លួនទេ គឺបានប្រកបរបរកស៊ីចិញ្ចឹមគ្រួសារ ដោយមិនប៉ះពាល់ចំពោះបញ្ហាសង្គមឡើយ»

ឯកឧត្ដមប្រធានកិត្តិយសអតីតសមាគម បានសុំសសើរមួយទៀត នោះគឺបងប្អូនមិនចាញ់ឧបាយកល ដ៏ពឹសពុលរបស់ពួកប្រឆាំង ដែលប្រើប្រាស់នយោបាយញុះញង់ បំបែកបំបាក់ បែងចែក លាបពណ៌ មកលើរាជរដ្ឋាភិបាល មកលើសមត្ថកិច្ចតាមមូលដ្ឋានជាហេតុ ធ្វើឲ្យបងប្អូនគ្រួសារអតីតយុទ្ធជន មានការភណ្ឌ័ច្រឡំ រហូតថ្នាំងថ្នាក់ចិត្តថែមទៀត។ ប៉ុន្តែមកដល់ពេលនេះ បងប្អូនអតីតយុទ្ធជនយើង មានជំនឿចិត្តទាំងស្រុងមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន តាមរយៈការបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹងរបស់បងប្អូន។ ហើយបងប្អូនអតីតយុទ្ធជន បានទទួលការដំឡើងប្រាក់ខែ ទទួលបានការត្រួតពិនិត្យសុខភាព ទទួលបានការយកចិត្តទុកដាក់ជាងជនសាមញ្ញ ដើម្បីតបស្នងសងគុណ ដល់សមាជិកអតីតយុទ្ធជន ដែលបានការពារជាតិ ការពារមាតុភូមិរបស់យើងទទួលបានសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អតីតយុទ្ធជនកំពុងទទួលរបបទូទាំងខេត្តកំពង់ស្ពឺចំនួន៥៤១០នាក់ ក្នុងនោះបានធ្វើបច្ចុប្បន្នភាព រកឃើញ៖
*គ្រួសារជួបការលំបាកចំនួន១៩៨គ្រួសារ
*គ្រួសារក្រីក្រចំនួន២២៤២គ្រួសារ
*គ្រួសារមានដីគ្មានផ្ទះចំនួន៣៣០គ្រួសារ
*គ្រួសារអត់ដីអត់ផ្ទះចំនួន៤១០គ្រួសារ។

ប្រធានអតីតយុទ្ធជនខេត្តបានបន្តទៀតថា បានសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន បានចំនួន០៧ខ្នង ក្នុងនោះថវិកាសម្តេចតេជោ ហ៊ុន សែន ចំនួន០៦ខ្នង និងថវិកាសប្បុរសជនចំនួន០១ខ្នង ត្រូវបានប្រគល់ជូនរួចរាល់។ សមាគមនបានស្នើសុំចុះបញ្ជីដីសម្បទានសង្គមកិច្ចមានចំនួន១២៩០នាក់ផងដែរ។

ឯកឧត្ដមប្រធានបញ្ជាក់ថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ មានការខិតខំបំពេញតួនាទី និងសហការណ៍ជាមួយបណ្តាអង្គភាពពាក់ព័ន្ធបានប្រសើរ និងមានការយល់ដឹងខ្ពស់ ពីបងប្អូនអតីតយុទ្ធជនយើងោងដែរ។ នៅចំពោះមុខក្រុមការងារសមាគម បានបន្តចុះជួប និងទំនាក់ទំនងជាមួយគ្រួសារអតីតយុទ្ធជន ក្នុងនោះ បានអប់រំពួកគាត់ឲ្យមានការជឿជាក់ ស្មោះត្រង់ មកលើរាជរដ្ឋាភិបាលផងដែរ។ ហើយនៅថ្ងៃនេះស្រុកថ្ពង សមាជិកអតីតយុទ្ធជនចំនួន៤៩១នាក់ ស្រុកឱរ៉ាល់ ចំនួន២១៦ នាក់ ក្នុងនោះលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានឧបត្ថមថវិកាក្នុងម្នាក់ៗ៥០,០០០រៀលផងដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!