ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចាត់ទុកគំនិតភ័យខ្លាចរបស់លោក ជុន ច័ន្ទបុត្រ ដែលថាអាមេរិកតាមសម្លាប់ចោលដូចសម្លាប់ កែម ឡី នោះគឺជារឿងឆ្កួតលីលា

(កំពង់ធំ)៖ ថ្លែងចេញពីខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William A. Heidt បានចាត់ទុកការលើកឡើងនូវភាពភ័យខ្លាចពីសំណាក់លោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីជាខេមរភាសា ដែលអះអាងពីភាពភ័យខ្លាចអាមេរិកតាមសម្លាប់ចោល ដូចសម្លាប់លោក កែម ឡី នោះគឺជាគំនិតដ៏ឆ្កួតលីលា និងគ្មានតម្លៃសម្រាប់ការ ពិភាក្សានោះឡើយ។

នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នៅចំពោះបងប្អូនខ្មែរជាង៨០០នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយរឿងអាថ៌កបាំង និងដ៏រស៊ើបមួយនោះគឺលោក ជុន ច័ន្ទបុត្រ ដែលក្រុមអ្នកប្រឆាំង និងមជ្ឈដ្ឋាននានាមើលឃើញថា អ្នករិះគន់ វាយប្រហារខ្លាំងៗទៅរាជរដ្ឋាភិបាលកម្ពុជានោះ តាមពិតទៅ ជាមនុស្សចារកម្មឲ្យសម្តេចទៅវិញទេ។ ការប្រគល់ខ្លួនជាមនុស្សចារកម្មជូន សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ក៏កើតមានឡើងបន្ទាប់ពីបុគ្គល ជុន ច័ន្ទបុត្រ ផ្ទាល់ពេលនៅស្រុកខ្មែរ បានទៅជួបស្ងាត់ៗបំផុត ជាមួយលោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងលោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត ដើម្បីសុំឲ្យជួយការពារសុវត្ថិភាពផ្ទាល់ខ្លួន ដោយខ្លាចអាមេរិកតាមសម្លាប់ ដូចដែលអាមេរិកតាមសម្លាប់លោក កែម ឡី យ៉ាងដូច្នោះដែរ។

ជុំវិញការចោទប្រកាន់ពីសំណាក់លោក ជុន ច័ន្ទបុត្រ​ បែបនេះ សាធារណជនពិតជាចង់ដឹងពីប្រតិកម្មបកវិញ ពីមន្រ្តីសហរដ្ឋអាមេរិកណាស់ ជាពិសេសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាតែម្តង ថា នឹងមានចំណាត់ការបែបណា ចំពោះនាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីជាខេមរភាសាមួយនេះ។ នៅចំពោះមុខក្រុមអ្នកកាសែតជាច្រើននាក់ ក្នុងកម្មវិធីមួយ នៅខេត្តកំពង់ធំ លោក William A. Heidt មិនបានបញ្ចេញប្រតិកម្មខ្លាំងៗ និងប្រកាសពីចំណាត់ការបែបណានោះទេ តែផ្ទុយទៅវិញ បានចាត់ទុកគំនិតរបស់លោក ជុន ច័ន្ទបុត្រ ជារឿងឆ្កួតលីលាទៅវិញ។

លោក William A. Heidt បានបញ្ជាក់ជាភាសាអង់គ្លេស និងត្រូវបានបកប្រែក្រៅផ្លូវការយ៉ាងដូច្នេះថា «​…គំនិតដែរថា លោក ជុន ច័ន្ទបុត្រ មានន័យការភ័យ​ខ្លាច​រស់នៅសហរដ្ឋអាមេរិកនោះ និយាយឲ្យ​ស្មោះត្រង់ទៅចុះ គឺវាជារឿងឆ្កួតលីលា… វាគ្រាន់តែ​ជារឿងឆ្កួត…ហើយវា​មិនមែន​ជាការ​ពិភាក្សា​ប្រកបដោយ​​តម្លៃនោះឡើយ»។ អ្វីបន្ថែមទៀត​ដែលខ្ញុំចង់និយាយ គឺពាក់ព័ន្ធនឹងរឿង​កាលពីម្សិលមិញ និងព្រឹកនេះ ពាក់ព័ន្ធនឹងលើកឡើង​ទៅលើលោក ជុន ច័ន្ទបុត្រ ដែលជាអ្នករាយការណ៍​ព័ត៌មានរបស់ RFA។ ទោះបីជាមានការលើកឡើងថា លោកកំពុងតែខ្លាច​ការរស់​នៅ​សហរដ្ឋអាមេរិក ឬក៏ទទួលសម្ពាធ​​ពីរដ្ឋាភិបាល​​អាមេរិកក៏ដោយ តែខ្ញុំមិនដែលបាន​ជួប​លោក ជុន ច័ន្ទបុត្រ ហើយខ្ញុំមិន​ដែលគិតថា ខ្ញុំធ្លាប់ជួបគាត់នោះ​ឡើយ ក៏ដូចជា មិនដឹង​ពីស្ថានភាព​របស់គាត់ដែរ»

ឯកអគ្គរដ្ឋទូតមហាអំណាចរូបនេះ ក៏បានលើកឡើងផងដែរថា អ្នកកាសែតរាប់ពាន់ម៉ឺននាក់ នៅទូទាំងពិភពលោក បានសរសេរ​ព័ត៌មានអំពី​សហរដ្ឋអាមេរិក​ជារៀងរាល់ថ្ងៃ។ ពួកគេសរសេរ​ព័ត៌មានដែលគាំទ្រ​រដ្ឋាភិបាលអាមេរិក និងម្ខាងផ្សេងទៀត​សរសេរព័ត៌មាន រិះគន់​រដ្ឋាភិបាលអាមេរិក ហើយពួកគេ​ធ្វើបែបនេះ​​ដូចគ្នា​សម្រាប់ប្រទេស ចិន រុស្ស៊ី និងប្រទេស​ធំតូចជា​ច្រើន​ទៀត។

កាលពីម្សិលមិញ នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានរៀបពីដំណើររឿងរបស់លោក ជុន ច័ន្ទបុត្រ ដែលរត់ទៅពឹងលោកចំពោះកិច្ចការពារសុវត្ថិភាពដោយខ្លាចអាមេរិកតាមសម្លាប់យ៉ាងដូច្នេះថា ដំបូងឡើយអតីតបុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់គឺលោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល បានមកជួបខ្ញុំនៅបន្ទាយម៉ោង៧យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ជុន ចាន់បុត្រ បានផ្ញើសារតាម Whats App មកខ្ញុំ មុនប្រមាណ១សប្តាហ៍មកហើយ ដោយលោក ជុន ច័ន្ទបុត្រ សុំកម្លាំងរបស់កងពលតូចលេខ៧០ដើម្បីការពារខ្លួន ព្រោះខ្លាច CIA អាមេរិកតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ដូចសម្លាប់លោក កែម ឡី។ ក្រោយមកនៅម៉ោង១០យប់ថ្ងៃដដែល ខ្ញុំបានចាត់ចែងកម្លាំង៣នាក់ ដើម្បីការពារពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រហូតដល់ម៉ោង១១៖៥៤នាទីយប់ ថ្ងៃទី២២ ខែមីនាដដែលកម្លាំងរបស់ខ្ញុំ បានតាមការពារពីក្រោយ ដោយលោក ជុន ច័ន្ទបុត្រ បានជិះឡាន ឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2S-0789 តាមការពាររហូតដល់សណ្ឋាគារ សាន់វ៉េ ហើយលោកបានប្រាប់ពីខាងក្នុងមកថា សន្យាផ្តល់ព័ត៌មានមកឲ្យយើងវិញ។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ឈ្មោះ រដ្ឋា វិសាល បានរៀបចំឲ្យមានការទទួលទានបាយរវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ដោយមានកម្លាំងរបស់ខ្ញុំតាមការពារផងដែរ។ ក្នុងពេលទទួលទានបាយមានរយៈពេល១៖៤៥នាទី យើងបានជជែករឿងរ៉ាវជាច្រើន។ ខ្ញុំមានខ្សែអាត់សម្លេងទាំងស្រុង នៃការសន្ទនារវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ថែមទៀត។

បើតាមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ កន្លងមកលោក ជុន ច័ន្ទបុត្រ ធ្លាប់បានប្រាប់ពីរឿងរ៉ាវលំបាកមួយចំនួននៅវិទ្យុអាស៊ីសេរី ហើយថា នឹងចង់ចាកចេញពីវិទ្យុបរទេសមួយនេះ ប៉ុន្តែមិនដឹងចាកចេញដោយវិធីណានោះទេ។ លោក ជុន ច័ន្ទបុត្រ ធ្លាប់បាននិយាយប្រាប់ខ្ញុំថា ធ្វើការនៅទីនោះត្រូវតែធ្វើការតាមពួកគេ (អាមេរិក) គេឲ្យនិយាយអ្វីត្រូវធ្វើតាមគេ បើមិនធ្វើតាមគេ គេនឹងសម្លាប់ចោល៕

Related Posts

About The Author

Add Comment

error: Content is protected !!