អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី អ្នកនយោបាយទ័លចក្រ

(ភ្នំពេញ)៖ មួយជីវិតនយោបាយរបស់សម រង្ស៊ី មិនខុសពីខ្មោចឪខ្លួនឡើយគឺស្លាប់ដោយយកទៅជាមួយនូវកេរ្តិ៍ឈ្មោះអសោចជាជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស បំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ ប៉ុន្មានថ្ងៃមកនេះទណ្ឌិត សម រង្ស៊ី ដែលរួតរឹត ដោយបណ្តឹងផ្លូវច្បាប់បានលាប់នឹងជំងឺតួឯករបស់ខ្លួនឡើងវិញ ក្រោយពីដឹងថាមនុស្ស ម្នាលែងបានលើកតម្កើងកឹម សុខា ជាប្រធានបក្ស និងលែងនឹកនាឈ្មោះរបស់ខ្លួនតទៅ ទៀតនិងទុកឱ្យខ្ចាត់ព្រាត់ទៅឱ្យឆ្ងាយពីកម្ពុជា ដោយបានចេញមុខបង្កើតចលនាសង្គ្រោះ ជាតិមួយឡើងដោយមានអេង ឆៃអ៊ាង មូរ សុខហួរ និង ជូឡុង សូមួរ៉ា ប្រពន្ធរបស់ខ្លួនធ្វើ ជាសមាជិក។

ចលនាសង្គ្រោះជាតិដឹកនាំដោយ សម រង្ស៊ី បានយក កឹម សុខា ធ្វើជាជំនួញ នយោបាយដើម្បីឈានទៅប្រមូលកម្លាំង និងឡើងក្តោបក្តាប់អំណាចជាប្រធានបក្សប្រឆាំងសាជាថ្មី។ នេះគឺជាមហិច្ឆតាដ៏ធំរបស់ទណ្ឌិត សម រង្ស៊ី ដែលគេដឹងថាពិតជាបានខកចិត្តនឹង កឹម សុខា ដែលបណ្តោយឱ្យបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយទង្វើក្បត់ជាតិរបស់ខ្លួន និងក្តៅក្រហល់ក្រហាយ នឹងទង្វើមិនគោរពចាស់ទុំនយោបាយរបស់កូនស្រី កឹម សុខា ដែលបានយកឈ្មោះគណបក្សសង្គ្រោះជាតិ ទៅធ្វើជាបាយឡុកបាយឡលេង សើចជាមួយអ្នកនយោបាយបរទេសមួយចំនួន។

ចរិតនយោបាយបំផ្លាញជាតិ និងក្បត់ជាតិរបស់ សម រង្ស៊ី ដែលមានតពូជពីឪពុក របស់ខ្លួនមកនេះបានធ្វើឱ្យអ្នកនយោបាយបរាជ័យរហូតនេះហ៊ានធ្វើអ្វីៗទាំងអស់ដើម្បី បំពេញមហិច្ឆតាអំណាច របស់ខ្លួន ខណៈជីវិតនយោបាយ សម រង្ស៊ី ត្រូវបានគេមើលឃើញថា បានបញ្ចប់ជាស្ថាពរក្រោយពីបានសម្រេចចិត្តលាលែងចេញពីប្រធានគណបក្សសង្គ្រោះជាតិ និងសម្រេចចិត្តរត់ចោលស្រុក គេចពីទោសទណ្ឌដែលខ្លួនបានប្រព្រឹត្ត។ សម រង្ស៊ី នៅតែចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៌ជានិច្ច ហើយការបង្កើតចលនាសង្គ្រោះជាតិ នេះក្រៅពីចង់ឡើងគ្រប់គ្រងតំណែងជាប្រធានបក្សប្រឆាំងវិញ ជនក្បត់ជាតិមួយនេះបានរៀបចំចលនាតស៊ូមួយជាចំហ និងបានអំពាវនាវឱ្យមានការរៀបចំទៅជារណសិរ្ស ដើម្បីប្រមូលកម្លាំងធ្វើបដិវត្តន៍ជាថ្មីដោយប្រើប្រាស់ពណ៌ផង និងប្រើកម្លាំងបាតុកម្មតវ៉ាផង។ មិនអស់ចិត្ត សម រង្ស៊ី ថែមទាំងយកជាតិនិងប្រជាជនកម្ពុជាទាំងមូលមកធ្វើជាចំណាប់ខ្មាំងរបស់ខ្លួនទៀត ដោយបានបង្ហោះសារនៅលើគណនីធ្វីតទ័រខ្លួនថា «ត្រូវតែព្យួរការបោះឆ្នោតខាងមុខ រហូតដល់មានការធានាថា ដំណើរការបោះឆ្នោតគោរពតាមស្តង់ដារអន្តរជាតិ។ ធ្វើដូច្នេះដើម្បីជៀសផុតពីអំពើហិង្សា និងក្លាយជារដ្ឋដែលប្រឈមមុខ នឹងភាពឯកោ ឬទទួលទណ្ឌកម្ម»

មានសែស្រឡាយជាជនក្បត់ជាតិ ភាសាទាំងនេះសម រង្ស៊ី មិនញញើតក្នុងការនិយាយឡើយ ហើយមិនញញើតក្នុងការយកកម្ពុជាមកធ្វើជា ចំណាប់ខ្មាំងនយោបាយរបស់ខ្លួនដែរ។ សម រង្ស៊ី ហ៊ានយកសន្តិភាពនិងការអភិវឌ្ឍដែល កម្ពុជាមានមកគំរាមកំហែងបំផ្លិចបំផ្លាញដោយអំពើហិង្សា។ មានជាតិជាជនបំផ្លាញជាតិ សម រង្ស៊ី មិនខ្លាចនឹងឱនក្បាលអង្វរបរទេសឱ្យបំផ្លាញ ផលប្រយោជន៍ជាតិឡើយ។ តាមពិតអ្វីដែល សម រង្ស៊ី ព្រមាន គំរាមកំហែងសព្វបែបយ៉ាងមកលើសេចក្តីសុខរបស់ប្រជាជនកម្ពុជាគឺគ្រាន់ តែជាការស្រម៉ៃក្នុងក្តីអស់សង្ឃឹមប៉ុណ្ណោះ។ ជីវិតនយោបាយរបស់ខ្លួនបានធ្លាក់ចូលក្នុង ជ្រោះមរណៈបាត់ទៅហើយ វ័យក៏កាន់តែចាស់ឱកាសវិលចូលក្នុងស្រុកក៏បាត់អស់ព្រោះ ជាប់ជំពាក់នឹងគុកច្រវ៉ាក់ ហើយឱកាសក្នុងការវិលចូល ក្នុងឆាកនយោបាយខ្មែរក៏បាត់ ថែមទៀតព្រោះអង្គការចាត់តាំងបដិវត្តន៍ពណ៌របស់ខ្លួនប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្រប ច្បាប់ត្រូវបានកម្ទេច។ សាកគិតស្រម៉ៃទៅមើលតើសម រង្ស៊ី នៅពេលនេះមានអារម្មណ៍ ស្មូគស្មាញយ៉ាងណា? វិលវល់យ៉ាងណា? ធុញថប់អារម្មណ៍យ៉ាងណា?

គេមិនគួរនឹងប្រកាន់សមរង្ស៊ីដែលក្នុងចិត្តក្នុងអារម្មណ៍របស់ខ្លួនពោរពេញដោយការសងសឹក ខូចចិត្តនិងមានបញ្ហាផ្លូវអារម្មណ៍នោះទេ។ សម រង្ស៊ី ពេលនេះខិតខំក្នុងការ ស្តារមុខមាត់ឡើងវិញ សង្គ្រោះជីវិតនយោបាយខ្លួននិងបក្ខពួកខ្លួនឡើងវិញ។ ហេតុដូច្នេះ សម រង្ស៊ី ត្រូវខំប្រឹងជាចុងក្រោយ ទោះបីដឹងថាចលនាសង្គ្រោះជាតិដែលបង្កើតឡើងនេះ ខុសច្បាប់ក៏ខំប្រឹង ទោះដឹងថាក្រុម កឹម សុខា ប្រឆាំងក៏ខំមានៈ ទោះជាមានចលនាគាំទ្រ អតីតបក្សសង្គ្រោះជាតិជំទាស់ក៏សមរង្ស៊ីនិងគូកនធ្វើមុខក្រាស់ដើម្បីកសាងកម្លាំងនយោបាយឡើងវិញក្រោមរូបភាពជួយប្រស់ ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងដោះ លែង កឹម សុខា ឱ្យចេញពីគុក។ នេះគ្រាន់តែជាមធ្យោបាយប្រើប្រាស់នៅពេលមនុស្សទាល់ច្រកតែប៉ុណ្ណោះ ព្រោះដូចដែលប្រជាពលរដ្ឋខ្មែរតែងតែលើកហើយថា «ពេលឆ្កែ ទាល់ច្រក សូម្បីតែម្ចាស់ ក៏វាខាំដែរ!»។ សម រង្ស៊ី ក៏ដូចគ្នាដែរ! ពលរដ្ឋខ្មែរនឹងរង់ចាំមើល ថាតើចលនាឧទ្ទាមខុសច្បាប់ដែល សម រង្ស៊ី និងគូកនរបស់ខ្លួនប៉ុន្មានដំបរស្វាបង្កើត ឡើងមកនេះនឹងមានអាយុប៉ុន្មាន បើការជំទាស់ប្រឆាំងមានគ្រប់ទិសដូច្នេះ?

ទោះបីជាពេលនេះ សម រង្ស៊ី គ្រាន់តែជាមនុស្សទាល់ច្រកម្នាក់ និងជាមនុស្សដែល គេសង្ស័យថាមានបញ្ញាស្មារតីមិននឹងនរដោយសារតែវិបត្តិផ្លូវចិត្តចាញ់ការបោះឆ្នោត ជាច្រើនអាណត្តិ និងវក់វីនឹងផែនការបំផ្លាញជាតិក៏ដោយ ប៉ុន្តែក្រុមជនប្រភេទនេះមិន គួរបណ្តោយឱ្យបន្តយកជាតិ និងប្រជាជនកម្ពុជាធ្វើជាចំណាប់ខ្មាំង និងដាក់ការគំរាមកំ ហែងសព្វបែបយ៉ាងឡើយ។ វិធានការច្បាប់ត្រូវអនុវត្តប្រឆាំងនឹងជនជំពូកនេះ ដោយមិនអាចអត់ឱនឱ្យបានឡើយ ហើយ សម រង្ស៊ី និងគូកនក៏គួរដឹងជាមុនថា រាល់ពាក្យនីមួយៗរាល់សកម្មភាពនីមួយៗរបស់ខ្លួន ដែលបានគំរាមកំហែងមកលើជាតិនិងប្រជាជនកម្ពុជាត្រូវបានប្រជាជនដឹងថាជាទង្វើក្បត់ជាតិ និងជាទង្វើល្មើសច្បាប់។ នៅក្នុងការអ នុវត្តជាក់ស្តែង ប្រសិនបើឆ្កែនោះទាល់ច្រក ងាកមកខាំម្ចាស់វិញ ម្ចាស់ពិតជាប្រើធម៌ក្តៅ ព្រមានសត្វឆ្កែនោះជាមិនខានឡើយដើម្បីកុំឱ្យឡើងចាងខ្លាំងពេក!៕

ដោយ៖ ចៅចាក់ស្មុក
ភ្នំពេញ, ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨

Related Posts

About The Author

Add Comment

error: Content is protected !!