អ្នកនាំពាក្យ ហេង សួរ ហៅជនក្បត់កម្ពុជារូបនេះថា ជាមនុស្សកំពុងបែកថ្នាំ និងឈ្លក់វង្វេងនឹងព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងកម្ពុជា

(ភ្នំពេញ)៖ ឆ្លើយតបនឹងសារព្រមានរបស់ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់កម្ពុជា បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា សរសេរលិខិតជូននាយករដ្ឋមន្រ្តីកម្ពុជា ដោយសម្តែងពីកង្វល់ទាក់ទងព្រឹត្តិការណ៍ថ្មីៗ ដែលប៉ះពាល់ដល់សិទ្ធិកម្មករនោះ, ភ្លាមៗនៅយប់ថ្ងៃដដែលនេះ លោក ហេង សួរ អ្នកនាំពាក្យដ៏សកម្មមួយរូបនៅក្រសួងការងារ បានប្រតិកម្មធ្ងន់ៗ និងហៅជនក្បត់កម្ពុជា សម រង្ស៊ី ថាជាមនុស្សកំពុងបែកថ្នាំ និងឈ្លក់វង្វេងជាមួយព័ត៌មានអវិជ្ជមាននានា ពាក់ព័ន្ធនឹងកម្ពុជា។

ការប្រតិបត្តិកម្មធ្ងន់ៗពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបែបនេះធ្វើឡើង លោក សម រង្ស៊ី បានផ្សព្វផ្សាយថា សមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិធំៗ  ដែលជាអ្នកបញ្ជាទិញសម្លៀកបំពាក់ ផលិតនៅប្រទេសកម្ពុជា បានសម្តែងពីកង្វល់របស់ពួកគេ ទាក់ទងទៅនឹងព្រឹត្តិការណ៍ថ្មីៗ នៅកម្ពុជា ដែលថាប៉ះពាល់ដល់សិទ្ធិរបស់កម្មករ និងធ្វើឱ្យសិទ្ធិមនុស្សស្រុតចុះ។

លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គល សម រង្សី ប្រៀបដូចជាមនុស្សបែកថ្នាំ និងឈ្លក់វង្វេងតែនឹងព័ត៌មានអវិជ្ជមាននានាពាក់ព័ន្ធនឹងកម្ពុជា ដោយក្តាប់មិនជាប់អំពីប្រភព ប្រភេទ និងទម្ងន់នៃព័ត៌មាន មិនយល់អំពីអ្វីដែលហៅថាលិខិត អ្វីទៅជានិយាមនៃការឆ្លងឆ្លើយព័ត៌មាន និងមិនរង់ចាំពិនិត្យការទទួលយករបស់ភាគីមិត្ត បន្ទាប់ពីទទួលបានការឆ្លើយតបពីរាជរដ្ឋាភិបាល»។

លោកបានបន្តថា «នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាទទួលបានលិខិតពីមិត្តភក្រ្តបរទេសយើង ហើយកន្លងមកភាគីមិត្តយើងតែងតែរីករាយ និងទទួលយកការពន្យល់ និងឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា។ ដូច្នេះការលើកឡើងរបស់បុគ្គល សម រង្សី នឹងក្លាយទៅជាការលើកឡើងខ្យល់សារជាថ្មីម្តងទៀតមិនខាន»។

លោកបានបន្តថា «លិខិតដែលសមាគមមួយចំនួនសរសេរមករាជរដ្ឋាភិបាល ហើយដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសាព័ត៌មាន មុនពេលយើងទទួលបានផ្លូវការនោះ មិនមានអ្វីដែលជាក្តីបារម្ភសម្រាប់កម្ពុជាពន្យល់ទៅម្ចាស់លិខិតវិញឡើយ ពីព្រោះចំណុចទាំង៤ ដែលម្ចាស់លិខិតស្នើសុំមករាជរដ្ឋាភិបាលគឺជាចំណុច ដែលយើងបានកំពុងអនុវត្ត និងពិភាក្សាជាមួយភាគីពាក់ព័ន្ធនៃយន្តការត្រីភាគីកម្ពុជា រួចទៅហើយ។ យើងរីករាយនឹងផ្តល់ព័ត៌មានពិតចុងក្រោយពីកម្ពុជាដល់មិត្តរបស់យើង ហើយយើងជឿជាក់ថាមិត្តយើងនឹងសរសើរកម្ពុជាពីព្រោះធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ កម្ពុជាគឺជាប្រទេសមួយ ដែលមានច្បាប់បើកទូលាយ និងផ្តល់សិទ្ធិសេរីភាព ដល់ប្រជាពលរដ្ឋខ្លួនក្នុងការបង្កើតសហជីព សមាគម និងការបញ្ចេញមតិ ។ ពាក្យពេចន៍ ឃ្លាឃ្លោង ដែលមានចែងនៅក្នុងច្បាប់កម្ពុជា គឺដូចគ្នា ឬប្រសើរជាងពាក្យពេចន៍ ឃ្លាឃ្លោង នៃច្បាប់ក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់»។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការបំភ្លៃដើម្បីរិះគន់កម្ពុជានេះផងដែរ សារព័ត៌មាន Asia Times បានចេញ​ផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨​ថា ក្រុមហ៊ុនផ្តល់​សេវា​ទំនាក់ទំនង​​សាធារណៈមួយ​​របស់អាមេរិ​ក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនា​​សង្រ្គោះជាតិនៅក្រៅ​​ស្រុក (CNRM) ​របស់​លោក សម រង្ស៊ី ជួលឲ្យជួយ​រិះរកវិធី ដើម្បីដាក់សម្ពាធ​​សេដ្ឋកិច្ចមក​លើ​​កម្ពុជា ដែលទង្វើនេះ​ត្រូវបានពលរដ្ឋខ្មែរ ​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​កាន់តែធ្ងន់ធ្ងរ​ឡើង ដោយក្រុមអតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ដែលកំពុងរស់​នៅនិរទេសខ្លួន​ឯក្រៅប្រទេស​៕

Related Posts

About The Author

Add Comment

error: Content is protected !!