អ្នកនាំពាក្យ បក្សកាន់អំណាច ចំអកថា លោក សម រង្ស៊ី បន្តបរាជ័យជាថ្មីទៀត នៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ​ ឥសាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ បានចំអកថា មេចលនាសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងបន្តបរាជ័យជាថ្មីម្តង ក្នុងការបញ្ចូលដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងបា៉រីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។

លោក សុខ ឥសាន បានលើកឡើងតាមរយៈបណ្តាញសង្គម Telegram យ៉ាងដូច្នេះថា៖ «ទណ្ឌិត សម រង្សី និងបក្សពួកបានចាកចេញពីជប៉ុន តាមការដេញរបស់តំណាងរាស្ត្របក្សកាន់អំណាចជប៉ុន ហេីយ ។ ឥឡូវរត់ដល់ប្រទេសឥណ្ឌូណេសុីហេីយ ដោយសង្ឃឹមថា ចាក់រុកសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានផល។ តែឥណ្ឌូណេសុី មិនគិតដូចទណ្ឌិតសម រង្សីឡេីយ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានដេីរតាមស្មារតីកិច្ចព្រមព្រៀងរួចហេីយ។ ដូច្នេះ ខ្សុយទៀតហេីយទណ្ឌិតអេីយ អស់សង្ឃឹមទៀតហេីយ»។

លោក សម រង្ស៊ី នៅរយៈពេល១ស​ប្តាហ៍នេះ បានខ្នះខ្នែងស្វែងរកអន្តរាគមន៍ពីប្រទេសមួយចំនួន ដើម្បីឱ្យដោះស្រាយបញ្ហារបស់ អតីតគណបក្សប្រឆាំង ដែលតុលាការកំពូលកាត់ទោសរំលាយ ដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិ។ ក្រៅ​ពី​ប្រទេស​ជប៉ុន លោក​សម រង្ស៊ី​ និង​មេដឹកនាំចលនាសង្រ្គោះជាតិមួយចំនួន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បីស្នើឱ្យមានកិច្ចអន្តរាគមន៍។

លោក​សម រង្ស៊ី បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ២០១៨ ដោយអះអាងថា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឥណ្ឌូនេស៊ី​ថា ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ដោយ​សារ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង។ ទោះជាយ៉ាងនេះក្តី រហូតដល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយ អំពីភាគីឥណ្ឌូនេស៊ី ចំពោះការស្នើអន្តរាគមន៍របស់លោក សម រង្ស៊ី នៅឡើយទេ៕

Related Posts

About The Author

Add Comment

error: Content is protected !!