អ្នកនាំពាក្យបក្សកាន់អំណាច៖ ចលនាអតីតថ្នាក់ដឹកនាំបក្សប្រឆាំង គឺជា «ចលនាឧទ្ទាម» ហើយអ្នកដឹកនាំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា ចលនាដែលបង្កើតឡើងដោយ អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសនោះ គឺចលនាឧទ្ទាម ហើយអ្នកដែលចូលរួមបង្កើតចលនានេះ គឺជាអ្នកប្រព្រឹត្តបទល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សកម្មភាពនយោបាយណា ដែលចេញពីអតីតគណបក្សប្រឆាំង សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់»។ លោកបន្ត៖ «អង្គការចាត់តាំង ដែលបង្កើត នាពេលនេះ គឺគ្រាន់តែមានលក្ខណៈជាក្រុមឧទ្ទាមទេ មិនត្រូវច្បាប់ទេ»

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍បង្កើតចលនា​មួយឈ្មោះ «​ចលនា​សង្គ្រោះ​ជាតិ»។ សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ចលនា​នេះ​បង្កើតឡើង ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ ទាមទារ​ឲ្យមាន​ការដោះលែង លោ ក​កឹម ​សុខា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។ ចលនានេះដឹកនាំដោយ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម។

លោក សុខ ឥសាន ជឿជាក់ថា ចលនានោះមានតែនៅក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមិនជះឥទ្ធិពលអ្វីដល់កម្ពុជាទេ។ លោកថ្លែងថា «អត់មាន ជះឥទ្ធិពល អ្វីអាក្រក់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងក្របខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គ្រាន់តែវាមានចិត្តសាស្រ្តបន្តិចបន្តួច តាមរយៈការឃោសនា មកលើប្រជាពលរដ្ឋ»

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏បានព្រមានដល់អ្នកចូលរួមបង្កើតចលនានោះថា នឹងត្រូវចាប់ខ្លួនជាមិនខាន បើសិនបង្ហាញវត្តមាននៅកម្ពុជា។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ចំពោះប្រទេសណាមួយ ដែលគាំទ្រដល់ចលនាឧទ្ទាមនេះ នឹងមានបញ្ហាការទូតជាមួយកម្ពុជាផងដែរ។

លោក សុខ ឥសាន៖ «អ្នកនៅខាងក្រៅដែលចូលរួមចលនាឧទ្ទាមនេះ ក៏បានចូលរួមចំណែក ក្នុងការប្រព្រឹត្ត អំពើខុសច្បាប់នៃកម្ពុជាដែរ ម្យ៉ាងទៀត បើប្រទេសណា គាំទ្រចលនានេះគឺផ្ទុយហើយ បើសិនប្រទេសនោះដាក់ទង់ជាតិ ទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការហើយទៅគាំទ្រ ពួកឧទ្ទាម ក៏គាត់ត្រូវទទួលខុសត្រូវ ចំពោះចំណងមិត្តភាព​រវាងប្រទេសគាត់ និងកម្ពុជាដែរ»

Related Posts

About The Author

Add Comment

error: Content is protected !!