អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការអំពាវនាវឱ្យមានចលនាសង្រ្គោះជាតិក្នុងជួរកងទ័ព គឺជាការស្រមើលស្រមៃដ៏ឆ្កួតលីលារបស់ទណ្ឌិតសម រង្ស៉ី ដែលមិនអាចទៅរួចឡើយ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការអំពាវនាវឱ្យមានចលនាសង្រ្គោះជាតិ នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក នាថ្មីៗនេះ គឺជាការស្រមើលស្រមៃ ដ៏ឆ្កួតលីលា និងមិនអាចទៅរួចឡើយ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងទ័ពកម្ពុជា មានវិន័យតឹងរឹង ស្មោះស្ម័គ្រ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារជាតិជាតិ សាសនា ព្រះមហាក្សត្រ និងមិនអនុញ្ញាត ឱ្យមានចលនាឧទ្ទាមណាមួយ កើតនៅលើទឹកដីកម្ពុជាឡើយ កុំថាឡើយនៅក្នុងជួរកងទ័ព។​ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានត្រៀមខ្លួនរួចជាសម្រេចហើយ ក្នុងការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ទេច ទប់ស្កាត់ចលនាទាំងឡាយ ដែល​មានគោលដៅបំផ្លាញដល់សន្តិសុខ សន្តិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា»

អ្នកនាំពាក្យក្រសួងការពារជាតិ បានព្រមានជាដាច់ខាតចំពោះទណ្ឌិត សម រង្ស៉ី ឱ្យបញ្ឈប់ការស្រមើលស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនតទៅទៀត។ កងយោធពលខេមរភូមិន្ទកម្ពុជា ដែលឆ្លងកាត់ការតស៊ូក្នុងភ្លើងសង្រ្គាម ដោយបូជាសាច់ស្រស់ឈាមស្រស់ ពលីគ្រប់បែបយ៉ាង ការពារបូរណភាពទឹកដី សន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ប្រឆាំងដាច់ខាតចំពោះ ចលនាក្បត់ជាតិរបស់ លោក សម រង្ស៊ី។

ការព្រមានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានអំពាវនាវឱ្យមានចលនាសង្រ្គោះជាតិ នៅក្នុងជួរកងទ័ព ក្នុងពិធីប្រកាសជាផ្លូវការនៃ ចលនាសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោក សម រង្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា៖ «បើយើងមិនធ្វើចលនាឱ្យកងកម្លាំងប្រដាប់អាវុធ នៅជាអព្យាក្រឹត្យ កុំឱ្យកងកម្លាំងប្រដាប់អាវុធ ស្តាប់បញ្ជាជនផ្តាច់ការ ហើយបាញ់សម្លាប់ប្រជាពលរដ្ឋ យើងក៏មិនអាចបំផុសឱ្យប្រជាពលរដ្ឋ ក្រោយឈរធ្វើបាតុកម្ម ធ្វើកូដកម្មបានដែរ»

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ បានព្រមានកម្ទេចចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយបុគ្គល សម រង្ស៊ី ប្រសិនបើកើតមាននៅកម្ពុជា។

សម្តេចពិជ័យសេនា បានថ្លែងយ៉ាងដូច្នេះថា «ឥលូវនឹងចលនាសង្គ្រោះជាតិ ចុងក្រោយវាថារៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះត្រៀមឲ្យហើយទៅ គឺថាបង្កើតហិង្សាអត់បានទេ បើឃើញថា រៀបចំបង្កើតយើងដាក់មុនហើយ»

Image may contain: 1 person

Related Posts

About The Author

Add Comment

error: Content is protected !!