អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន ប្ដេជ្ញានៅចំពោះសម្ដេចតេជោ ហ៊ុន សែន ថានឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត

(ភ្នំពេញ)៖ អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ណាកាណេ (​Kazuyuki NAKANE) បានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ថាលោកនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈដែលជប៉ុនបានមកបើកស្ថានកុងស៊ុល នៅទីក្រុងសៀមរាប ​​គឺឆ្លុះបញ្ចាំងអំពីទំនាក់ទំនង​រវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅថែមទៀត។

នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអនុរដ្ឋមន្ដ្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

អនុរដ្ឋមន្ដ្រីការបរទេស បានបញ្ជាក់ទៀតថា លោកនឹងពិនិត្យមើលលើការងារទាំងឡាយណា ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានសម្រេចរួមមកហើយ ហើយជំរុញការងារទាំងនោះឲ្យ មានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ លោកសង្កត់ធ្ងន់ថា ទិសដៅរបស់ជប៉ុន​ក្នុងការរួមចំណែក​នៅក្នុងតំបន់ គឺជួយជំរុញការអភិវឌ្ឍ របៀងខាងត្បូងដែលក្នុងនោះមានការជំរុញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការចូលរួមចំណែកអភិវឌ្ឍកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ​ បណ្តាញខ្សែភ្លើងក៏ដូចជាការជួយជំរុញការអភិវឌ្ឍធន​ធានមនុស្ស​។

លោក អ៊ាង សុផល្លែត បានអះអាងបន្ថែមថា លោក កាហ្ស៊ូយូគី ណាកាណេ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ដ្រី​ថា ជប៉ុនបានសម្រេចបង្កើតមហាវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូ​ នៅកម្ពុជា​ផងដែរ។​ ​ឆ្លៀតឱកាសនោះ លោក កាហ្ស៊ូយូគី ណាកាណេ​ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលជួបក្រុមនាវាយុវជនកន្លងមក​។

​ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ​ចំពោះលោក កាហ្ស៊ូយូគី ណាកាណេ​ ដែល​បានលើកឡើងអំពីគម្រោងជំនួយនានាមកកម្ពុជា ហើយសម្តេចបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុន​ទាំងអស់ គឺសុទ្ធតែជួយចំគោលដៅ នៃការអភិវឌ្ឍរបស់កម្ពុជា​ ហើយជំនួយទាំងនោះ គឺចំអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​ផ្តោតសំខាន់​ទៅលើ​ «ធនធានមនុស្ស​, ទឹក, ភ្លើង និងផ្លូវ»។

ដោយឡែក​ចំពោះការជួបជាមួយក្រុមនាវាយុវជន អាស៊ាន ជប៉ុននោះ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺមានសារៈសំខាន់ណាស់ សម្រាប់ការតភ្ជាប់​រវាងប្រជាជន និងប្រជាជន​យុវជន​អាស៊ាន និងយុវជន ជប៉ុន​មានទំនាក់ទំនងល្អ​ជាមួយគ្នា ហើយនៅពេលនេះសោធ​នាវាយុវជន​កម្ពុជា បានបង្កើតសមាគមមួយ ហើយសមាគមនាវាយុវជនកម្ពុជា ដែលបានទៅចូលរួមជាមួយនាវាយុវជនអាស៊ាន ជប៉ុន គឺកំពុងមានការកើនឡើង ជារៀងរាល់ឆ្នាំផងដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!