ស្វែងយល់ពី៖ ប្រវត្តិនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ត្រូវបានធ្វើឡើង។ ប៉ុន្តែតាំងពីការកកើតស្ថាប័ននេះ ក្នុងឆ្នាំ១៩៩៩ ព្រឹទ្ធសភាបានឆ្លងកាត់ជាច្រើនដំណាក់កាល នៃប្រវត្តិរបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បាននាំមកនូវការបោះឆ្នោតជាសកល នីតិកាលទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ និងបានរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាហៅកាត់ថា «UNTAC» ។

នីតិកាលទី២ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ហើយបន្ទាប់មកវិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើងនៅកម្ពុជា ។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយ ធំចំនួន ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ នៅប្រាសាទខេមរិន្ទព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតឱ្យមានឡើងវិញ ដោយត្រូវធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជាច្រើនមាត្រា រួមមាន៖ មាត្រា ១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ២៨ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣ និងមាត្រាទាំងឡាយ នៃជំពូកទី៨ ដល់ជំពូកទី១៤ នៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបាន អនុម័តនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩៩៩ ។

ព្រឹទ្ធសភានីតិកាលទី១ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដែលមានអាណត្តិ ៥ឆ្នាំ និងត្រូវបានបន្តអាណត្តិរបស់ខ្លួន១ឆ្នាំទៀត គឺនៅឆ្នាំ២០០៥ ប៉ុន្តែដោយសារ នៅពេលនោះរដ្ឋសភាកំពុងជាប់រវល់រៀបចំ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ដូច្នេះការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ត្រូវបានធ្វើឡើងនៅឆ្នាំ២០០៦វិញ។

ព្រឹទ្ធសភានីតិកាលទី១ មានសមាជិកចំនួន ៦១ រូប ដោយកើតចេញពីការចាត់តាំង និងជ្រើសតាំងក្នុងនោះ៖

* ព្រះមហាក្សត្រ ចាត់តាំងសមាជិកព្រឹទ្ធសភាចំនួន ២រូប
* គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន ៣១រូប
* គណបក្សហ៊្វុនស៊ិនប៉ិច ជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន ២១រូប
* គណបក្ស សម រង្ស៊ី ជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន ៧រូប ។

ព្រឹទ្ធសភានីតិកាលទី២ និងនីតិកាលទី៣ សមាជិកកើត ឡើងតាមរយៈការបោះឆ្នោតអសកល និងមានអាណតិ្ត ៦ឆ្នាំ ហើយ ត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង អនុលោមតាមមាត្រា ១០២ ថ្មី នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ សមាជិកព្រឹទ្ធសភា នីតិកាលទី២ និងនីតិកាលទី៣ មានសមាជិកចំនួន ៦១រូប ដូចគ្នាក្នុងនោះមានសមាជិកចំនួន ៥៧រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល និងសមាជិក ៤រូបទៀត គឺ ២រូប ចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប យោងតាមមាត្រា ១០០ថ្មី នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦។ សមាជិក ដែលកើតចេញពីការបោះឆ្នោតអសកលរួមមាន៖
* គណបក្សប្រជាជនកម្ពុជា មានសមាជិក ៤៥រូប
* គណបក្សហ៊្វុនស៊ិនប៉ិច មានសមាជិក ១០រូប
* គណបក្ស សម រង្ស៊ី មានសមាជិក ២រូប

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។ សមាជិក ដែលកើតចេញពីការបោះឆ្នោតអសកលរួមាន៖
* គណបក្សប្រជាជនកម្ពុជា មានសមាជិក ៤៦រូប
* គណបក្ស សម រង្ស៊ី មានសមាជិក ១១រូប

ព្រឹទ្ធសភានីតិកាលទី៤ មានសមាជិកចំនួន ៦២រូប ដែល ចំនួននេះ ស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា នីតិកាល ទី៦ ដែលមានសមាជិកចំនួន ១២៥រូប ។ សមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។

សមាជិកព្រឹទ្ធសភាឯទៀតត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ អាសនៈនៅក្នុងព្រឹទ្ធសភាដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវបែងចែកតាមភូមិភាគដូចខាងក្រោម ៖

* ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦ អាសនៈ
* ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ អាសនៈ
* ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ
* ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ
* ភូមិភាគទី៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ
* ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ អាសនៈ
* ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន ៩ អាសនៈ
* ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន ៦ អាសនៈ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន ៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជន កម្ពុជា គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕

Related Posts

About The Author

Add Comment

error: Content is protected !!