ស្វែងយល់ពីប្រទេសឥណ្ឌា ទីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំពេញដំណើរទស្សនកិច្ច

(ញ៉ូដេលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ។ ឆ្លៀតឱកាសនេះ សូមបង្ហាញពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងប្រទេសនៅអាស៊ីខាងត្បូងមួយនេះ៖

ប្រទេស ឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យដ៏ធំជាងគេលើពិភពលោក ហើយតាមការព្យាករណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសនេះ នឹងមានចំនួនច្រើនជាងប្រទេសចិន ក្នុងឆ្នាំ២០២៨ខាងមុខ ព្រមទាំងនឹងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោកផងដែរ។

ខណៈដែលប្រទេសនេះកំពុងមានកំណើនសេដ្ឋកិច្ច និងជារដ្ឋនុយក្លេអ៊ែរផងនោះ ប្រទេស ឥណ្ឌាបានក្លាយជារដ្ឋដ៏មានអំណាចមួយក្នុងតំបន់។ យ៉ាងនេះក្តី ប្រទេស ឥណ្ឌាក៏ត្រូវប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើនផងដែរដូចជា បញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន។

ឧបទ្វីបឥណ្ឌា ជាដែនដីមួយដែលបន្សល់ទុកនូវអារ្យធម៌ដ៏ចំណាស់ជាងគេលើពិភពលោក លាតសន្ធឹងចេញពីតំបន់ភ្នំជាប់បន្ទាត់ព្រំដែនប្រទេស អាហ្វហ្កានីស្ថាន ទៅកាន់តំបន់ព្រៃនៃប្រទេស ភូមា ហេតុនេះដែនដីឥណ្ឌាជាដែនដីធំ ហើយចម្រុះដោយជនជាតិ ភាសា វប្បធម៌ និងប្រពៃណីជាច្រើនប្រភេទ។

* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋឥណ្ឌា
* រដ្ឋធានី៖ ញ៉ូវដេលី
* ចំនួនប្រជាជន៖ ១,៣ពាន់លាននាក់
* ផ្ទៃក្រឡា៖ ៣,១លានម៉ែតការ៉េ ក្នុងនោះរួមទាំងដែនដីកាស្មៀផងដែរ។
* ភាសាសំខាន់ៗ៖ ហិណ្ឌី អង់គ្លេស និងភាសាផ្លូវការចំនួន២០ផ្សេងទៀត។
* សាសនារដ្ឋ៖ ហិណ្ឌូ ឥស្លាម គ្រីស្ទាន ព្រះពុទ្ធ និង ស៊ីក និងសាសនាផ្សេងៗជាច្រើនទៀត។
* អត្រាសង្ឃឹមរស់ ៦៤ឆ្នាំ(សម្រាប់បុរស) និង៦៨ឆ្នាំ(សម្រាប់ស្ត្រី)
* ប្រភេទក្រដាស់ប្រាក់៖ រ៉ូពី
* ពេលវេលា៖ ខុសគ្នាមួយម៉ោងកន្លះ ជាមួយប្រទេសកម្ពុជា
* ប្រធានាធិបតី៖ លោក Ram Nath Kovind
* នាយករដ្ឋមន្ត្រី៖ លោក Narendra Modi

១៖ កាលបរិច្ឆេទសំខាន់ៗក្នុងប្រវត្តិសាស្ត្រឥណ្ឌា៖
* ឆ្នាំ២៥០០ មុនគ.ស៖ ប្រទេស ឥណ្ឌាក្លាយជាដែនដីនៃអារ្យធម៌ និងចក្រភពបុរាណ។
* ឆ្នំា១៦០០ នៃគ.ស៖ ចក្រភពអង់គ្លេសបានមកដល់ដែនដីឥណ្ឌា និងបង្កើតទីតាំងជំនួញក្រោមការរគ្រប់គ្រងរបស់ក្រុមហ៊ុនឥណ្ឌាខាងកើត ហើយក្នុងទស្សវត្សរ៍ឆ្នាំ១៨៥០ អង់គ្លេសគ្រប់គ្រងឥណ្ឌាស្ទើទាំងស្រុង។
* ឆ្នាំ១៨៥៨ នៃគ.ស៖ ឥណ្ឌាស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលអង់គ្លេស។
* ឆ្នាំ១៩២០ នៃគ.ស៖ អ្នកជាតិនិយមឥណ្ឌាលោក មហាត្មាត់គន្ធី បានដឹកនាំយុទ្ធនាការបាតុកម្មទាមទារឯករាជ្យអហិង្សាប្រឆាំង នឹងការគ្រប់គ្រងនៃរដ្ឋាភិបាលអង់គ្លេស ដែលទីបំផុតបាតុកម្មនេះ បានឈានទៅរកការទាមទារឯករាជ្យយ៉ាងពិតប្រាកដ។
* ឆ្នាំ១៩៤៧ នៃគ.ស៖ ប្រទេស ឥណ្ឌាត្រូវបានបំបែកចេញជាពីរ ដោយដែនដីដែលមានពួកហិណ្ឌូភាគច្រើន ស្ថិតក្នុងប្រទេស ឥណ្ឌា ចំណែកពួកម៉ូស្លីមគ្រប់គ្រងប៉ាគីស្ថាន។ ប្រទេសទំាងពីរបានវាយប្រហារគ្នាដើម្បីដណ្តើមតំបន់ កាស្មៀដែលជាតំបន់ជម្លោះ។
* ឆ្នាំ១៩៥០ នៃគ.ស៖ ឥណ្ឌាបានក្លាយជាប្រទេស សាធារណរដ្ឋ។
* ឆ្នាំ១៩៦២ នៃគ.ស៖ ឥណ្ឌា និងចិន បានវាយប្រហារគ្នាតាមបន្ទាត់ព្រំដែន។
* ឆ្នាំ១៩៧១ នៃគ.ស៖ ប្រទេស ឥណ្ឌា និងប៉ាគីស្ថាន បានធ្វើសង្គ្រាមដណ្តើមតំបន់ភាគខាងកើតប៉ាគីស្ថាន ដែលឈានទៅរកការបង្កើតប្រទេសបង់ក្លាដែស។
* ឆ្នាំ១៩៧៤ នៃគ.ស៖ ឥណ្ឌាបានបាញ់សាកល្បងនុយក្លេអ៊ែរក្រោមដីជាលើកដំបូងរបស់ខ្លួន។
* ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាលផ្តើមបង្កើតកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច សេរី បើកចំហសេដ្ឋកិច្ចដល់ពាណិជ្ជករ និងវិនិយោគិនទូទាំងសកលលក។
* ឆ្នាំ២០០០ នៃគ.ស៖ ប្រជាពលរដ្ឋឥណ្ឌាកើនឡើងដល់១ពាន់លាននាក់។

២៖ វប្បធម៌៖
វប្បធម៌ប្រទេសឥណ្ឌា បានអូសបន្លាយអស់រយៈពេល៤៥០០ឆ្នាំមកហើយ។ សង្គមឥណ្ឌាត្រូវបានកំណត់ទៅតាមវណ្ណៈក្នុងសង្គមដែលមានភាពរឹតបន្តឹងជាខ្លាំង។ តម្លៃគ្រួសារមានសារៈសំខាន់ ជាខ្លាំងក្នុងប្រពៃណីឥណ្ឌា។

អាពាហ៍ពិពាហ៍ត្រូវបានគេគិតថាជារឿងជីវិតដ៏សំខាន់មួយ ហេតុនេះអត្រានៃការលែងលះគឺទាបបំផុត។ គិតត្រឹមឆ្នាំ២០០១ ស្ត្រីឥណ្ឌាតែ១,៦ ភាគរយប៉ុណ្ណោះ ដែលបានលែងលះគ្នា ប៉ុន្តែតួលេខនេះបានកើនឡើងដោយសារតែការអប់រំ និងឯករាជ្យនៃសេដ្ឋកិច្ចរបស់ស្ត្រី។ អាពាហ៍ពិពាហ៍កុមារ បានក្លាយជារឿងធម្មតាទៅហើយ ជាពិសេសនៅតាមតំបន់ជនបទ។ ស្ត្រីជាច្រើនបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ ដែលជាអាយុរៀបការស្របច្បាប់របស់ពួកគេ។

៣៖ ទំនាក់ទំនងអន្តរជាតិ និងយោធា
ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧ មកឥណ្ឌា បានថែរក្សាចំណងមិត្តភាពជាមួយប្រជាជាតិជាច្រើន។ នៅទសវត្សរ៍ឆ្នាំ១៩៥០ ឥណ្ឌាបានចាប់យកតួនាទីជាអ្នកគាំទ្រ ដឹកនាំការទាមទារឯករាជ្យរបស់បណ្ដាប្រទេសនៅទ្វីបអាស៊ី និងអាហ្វ្រិកក្រោមអាណានិគមអឺរ៉ុប។

ឥណ្ឌាគឺជាសមាជិកនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ ក្រោយពីសង្គ្រាមរវាង ចិន-ឥណ្ឌា និង ឥណ្ឌា-ប៉ាគីស្ថាន នៅឆ្នាំ១៩៦៥ មកទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ឥណ្ឌា និងសហភាព សូវៀត បានធ្វើឲ្យឥណ្ឌា បាត់បង់នូវទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក  ហើយបានបន្តសភាពបែបនេះរហូតដល់ការបញ្ចប់នូវសង្គ្រាម ត្រជាក់។ ឥណ្ឌា បានធ្វើសង្គ្រាម ៤ ដងជាមួយប៉ាគីស្ថាន ដែលដើមចមសំខាន់នៃជម្លោះ គឺដណ្ដើមដែនដីកាស្មៀរ ។ ឥណ្ឌា បានឈ្នះសង្គ្រាមទៅលើប៉ាគីស្ថាន នៅឆ្នាំ ១៩៧១ ដោយឥណ្ឌាបានជួយគាំទ្រដល់ចលនារំដោះជាតិបង់ក្លាដេស (អតីតប្រទេសប៉ាគីស្ថានខាងកើត )។

ប៉ុន្មានចុងក្រោយនេះ ឥណ្ឌាបានដើរតួនាទីដ៏មានឥទ្ធិពលក្នុងសមាគមអាស៊ាន អង្គការ SAARC និងអង្គការ WTO ។ ឥណ្ឌាគឺជាសមាជិក និងជាអ្នកគាំទ្រអង្គការសហប្រជាជាតិ ជាយូរណាស់មកហើយ។  នៅក្នុងប្រតិបត្តិការថែរក្សាសន្តិសុខចំនួន ៣៥ ទូទាំងទ្វីបទាំង ៤ មានកងទ័ព  និងកម្លាំងនគរបាលឥណ្ឌាជាង ៥៥.០០០ នាក់ផងដែរ។

នៅក្នុងវិស័យសេដ្ឋកិច្ចវិញ ឥណ្ឌា បានបង្កើតឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានា នៅអាមេរិកខាងត្បូង អាស៊ី និងអាហ្វ្រិក។ ឥណ្ឌា ជាប្រទេស ដែលមានកងទ័ពច្រើនជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក ដែលរួមមានទាំង កងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កងទ័ពជំនួយមានដូចជា ទាហានប៉ារ៉ា (Paramilitary Forces) ឆ្មាំសមុទ្រ (Coast Guard) និងកងកំម៉ង់ដូយុទ្ធសាស្ត្រ (Strategic Forces Command) សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រង របស់កងទ័ពទាំងអស់។

ប្រធានាធិបតី គឺជាមេបញ្ជាការកំពូលនៃកងទ័ពឥណ្ឌា។ ឥណ្ឌាបានក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរ នៅឆ្នាំ១៩៧៤ បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងមក ដោយពុំមានការប្រកាសជាសាធារណៈ។ ២៤ ឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៩៨ បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរម្ដងទៀត ដោយបានប្រកាសជាសាធារណៈនូវសក្ដានុភាពរបស់ខ្លួនថា ជា មហាអំណាចនុយក្លេអ៊ែរ។ ជាការឆ្លើយតបចំពោះព្រឹត្តិការណ៍នេះ ប្រទេសប៉ាគីស្ថាន ដែលជាសត្រូវដ៏យូរអង្វែងរបស់ឥណ្ឌា ក៏បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ របស់ខ្លួន នៅឆ្នាំជាមួយគ្នានោះដែរ។ នាពេលថ្មីៗនេះឥណ្ឌា បានធ្វើសហប្រតិការជាមួយសហរដ្ឋអាមេរិក  លើការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល។

៤៖ រដ្ឋបាល៖
បំណែងចែកប្រព័ន្ធរដ្ឋបាល ឥណ្ឌា គឺជាសាធារណរដ្ឋសហព័ន្ធមាន២៨ រដ្ឋ (States) និង០៧ ទឹកដីសហភាព (Union Territories) ហើយមានរដ្ឋធានី ឈ្មោះញូដេលី (New Delhi) ។ គ្រប់រដ្ឋទាំងអស់ និងអាណាខេត្តចំនួនពីរគឺ៖ Producherry និងរដ្ឋធានីជាតិដេលី (National Capital Territory of Delhi) បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលប្រចាំរដ្ឋ និងអាណាខេត្តផ្ទាល់ខ្លួន។
នៅឆ្នាំ១៩៥៦ តាមរយៈច្បាប់ស្ដីអំពីការរៀបចំរដ្ឋឡើងវិញ (States Reorganisation Act) រដ្ឋត្រូវបានបង្កើតឡើងដោយផ្អែកទៅតាមមូលដ្ឋាននៃភាសា។ រចនាសម្ព័ន្ធថ្មីនេះមិនមានបំលាស់ប្ដូរ អ្វីជាធំដុំទេ។ រដ្ឋ ឬអាណាខេត្តនីមួយៗ ត្រូវបានចែកទៅជា៦១០ ស្រុក (Districts) សម្រាប់ការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។ ស្រុកត្រូវបានចែកទៅជា tehsils និងបន្តចែកទៅជាភូមិ (villages) ។

៥៖ សេដ្ឋកិច្ច
ចាប់តាំងតែពីបានទទួលឯករាជ្យមក ឥណ្ឌាបានប្រកាន់ភ្ជាប់នូវទិសដៅ សង្គមនិយម ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរឹងទៅលើផ្នែកឯកជន ដូចជាពាណិជ្ជកម្មក្រៅប្រទេស និងការវិនិយោគផ្ទាល់ ពីបរទេស។ ទោះជាយ៉ាងណាក្ដី ចាប់ពីឆ្នាំ១៩៩១ មក ឥណ្ឌាបានបើកចំហទីផ្សារ របស់ខ្លួន ដោយធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបន្ធូរបន្ថយការគ្រប់គ្រង របស់រដ្ឋទៅលើ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនបរទេស។

ឥណ្ឌា មានកម្លាំងពលកម្ម ៥១៦.៣ លាននាក់ជាប់លំដាប់ទី២ក្នុងលោក ដែលក្នុងនោះ៦០% បម្រើការនៅក្នុងវិស័យកសិកម្ម និងសហគ្រាសពាក់ព័ន្ធ ចំណែក២៨% បម្រើវិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធ និង១២%ផ្សេងទៀតបម្រើក្នុងវិស័យឧស្សាហកម្ម។ ដំណាំកសិកម្មសំខាន់ៗរួមមាន ស្រូវ ស្រូវសាលី ធញ្ញជាតិប្រេង កប្បាស ក្រចៅ តែ អំពៅ និងដំឡូងបារាំង។ វិស័យកសិកម្មរួមចំណែក២៨% នៃផលិតផលក្នុងស្រុកដុល វិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធមានរហូតដល់៥៤% ហើយ ១៨%ទៀត តំណាងឲ្យឧស្សាហកម្មសំខាន់រួមមាន ឧស្សាហកម្មយានយន្ត ស៊ីម៉ងត៍ គីមី អេឡិចត្រូនិក ម្ហូបអាហារ គ្រឿងយន្ត អាជីវកម្មរុករករ៉ែ ប្រេងកាត ឱសថ ដែកថែប សម្ភារៈដឹកជញ្ជូននិងវាយនភណ្ឌ។ អាស្រ័យដោយកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់ឥណ្ឌា បានធ្វើឲ្យមានការកើនឡើងនូវតម្រូវការថាមពលដ៏ច្រើនផងដែរ។ ដោយផ្អែកតាមអង្គការគ្រប់គ្រងព័ត៌មានស្ដីពីថាមពល (Energy Information Administration) ឥណ្ឌាជាប្រទេស ដែលប្រើប្រាស់ប្រេងច្រើនជាងគេទី៦ និងទី៣ ខាងធ្យូងថ្ម។

ទោះជាសេដ្ឋកិច្ចឥណ្ឌាមានការកើនក្នុង ២ទសវត្សចុងក្រោយនេះក៏ដោយ ប៉ុន្តែការរីកចម្រើនពុំមានភាពស្មើគ្នាទេ ទៅតាមសង្គម សហគមសេដ្ឋកិច្ច ភូមិសាស្ត្រតំបន់ ជាពិសេសភាពខុសគ្នា រវាងទីក្រុង និងជនបទ។ សមភាពនៃចំណូលនៅប្រទេសឥណ្ឌា មានទំនាក់ទំនងគ្នាតិចណាស់ (Gini Coefficient: 36.8 នៅឆ្នាំ ២០០៤) ទោះជាមានការកើនឡើងនៅរយៈកាល ចុងក្រោយនេះក៏ដោយ។ បំណែងចែកភោគផល (Wealth Distribution) នៅឥណ្ឌា ពុំមានសមភាពឡើយ ដោយអ្នកមានចំណូលខ្ពស់១០% នៃក្រុមចំណូលទទួលបានផលរហូតដល់ ៣៣% នៃចំណូល។ ថ្វីបើដំណើរការសេដ្ឋកិច្ចសំខាន់ ១/៤ នៃប្រជាជនរកចំណូលបានក្រោមបន្ទាត់ក្រោមបន្ទាត់ភាពក្រីក្រ ០.៤ ដុល្លារ ក្នុងមួយថ្ងៃ។ នៅឆ្នាំ ២០០៤-២០០៥ ប្រជាជន ២៧.៥% បានរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

ថ្មីៗនេះឥណ្ឌាបានផ្ដល់មូលនិធិយ៉ាងច្រើន ដល់វិស័យអប់រំ ឲ្យប្រជាជនអាចនិយាយភាសាអង់គ្លេសបាន និងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យក្លាយជា Outsourcing Destination ដ៏សំខាន់ សម្រាប់សហប្រតិបត្តិការពហុភាគី និង Popular Destination សម្រាប់ Medical Tourism ។ ឥណ្ឌាបានក្លាយទៅជាអ្នកនាំចេញដ៏សំខាន់នូវផលិតផលផ្នែកទន់ (Software) ក៏ដូចជា ហិរញ្ញវត្ថុ ការស្រាវជ្រាវ និងសេវាកម្មផ្នែកបច្ចេកវិជ្ជា។ វាយនភណ្ឌ គ្រឿងអលង្ការ សម្ភារៈវិស្វកម្ម និងផលិតផលផ្នែកទន់ គឺជាផលិតផលនាំចេញដ៏សំខាន់។ ក្រៅពីនេះ ប្រេងឆៅ យានយន្ត ជីរកសិកម្ម ផលិតផលគីមី ក៏ជាផ្នែកនាំចេញដ៏សំខាន់ផងដែរ។ ដៃគូពាណិជ្ជកម្ម សំខាន់បំផុតរបស់ឥណ្ឌាមាន សហរដ្ឋអាមេរិក  សហភាពអឺរ៉ុប ប្រទេសចិន រុស្ស៊ី និងជប៉ុន៕

ដោយ៖ Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!