ស្ថាបនិក Facebook «ប្រឈមមុខបញ្ហាកាន់តែធំ» ដោយមហាអំណាចនានា កោះ​ហៅ​​ឲ្យ​ចូលខ្លួនស្រាយ​បំភ្លឺ រឿងបែក​ធ្លាយ​ព័ត៌មាន​​អ្នកប្រើ​ប្រាស់ ៥០លាន​នាក់!

(អាមេរិក)៖ បន្ទាប់ពី​លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) បាន​ប្រកាសជាចំហ​ថា រូបលោករីករាយ​នឹងចូលខ្លួនផ្តល់​សក្ខីកម្ម​​ជុំវិញ ​រឿង​អាស្រូវ​បែក​​ធ្លាយ​ទិន្ន​ន័យ​អ្នក​ប្រើ​ប្រាស់ Facebook ​ប្រមាណ ៥០លាននាក់ កាលពីប៉ុន្មានថ្ងៃមុន​សភា​សហរដ្ឋអាមេរិក ក៏បានកោះហៅ​នាយក​ប្រតិបត្តិ​ (CEO) របស់​ក្រុម​ហ៊ុន​​​បណ្តាញ​សង្គមយក្ស​រូបនេះ ឲ្យចូលមកធ្វើការស្រាវបំភ្លឺ បូករួមទាំងការកោះហៅដូចគ្នាពីសភាសហភាពអឺរ៉ុប និងអង់គ្លេស​​ថែមទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Financial Times នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។

គណៈកម្មាធិការ​ពាណិជ្ជកម្ម និងថាមពល​នៃសភាតំណាងរាស្រ្ត​អាមេរិក បានលើក​ឡើងថា «ការផ្តល់សេចក្តី​អត្ថាធិប្បាយ​ ពីសំណាក់ថ្នាក់​ដឹក​នាំមួយចំនួន​របស់​ក្រុមហ៊ុន Facebook បានបន្សល់​ទុកនូវសំណួរ​ជាច្រើន ដែលពុំទទួល​បាន​ចម្លើយ។ ទន្ទឹមនឹងនេះ លោក Zuckerberg បានគូស​​បញ្ជាក់ថា រូបលោកនឹង​ស្ម័គ្រចិត្តផ្តល់​សក្ខីកម្ម ហើយពួកយើង​ជឿជាក់ថា ក្នុងនាមជា CEO របស់ Facebook លោកគឺ​ជាសាក្សីដ៏​សាកសមបំផុត ដើម្បីផ្តល់ចម្លើយ​ចំពោះប្រជាជន​អាមេរិក»។ គណកម្មាៈធិការ​បានបញ្ជាក់ថា ខ្លួននឹងផ្ញើលិខិត​កោះហៅ​ជាផ្លូវការ ទៅ​កាន់​លោក Zuckerberg នៅប៉ុន្មាន​ថ្ងៃខាង​មុខនេះ។

គួរជម្រាបថា ជាមួយគ្នានេះ សភា​នៃចក្រភពអង់គ្លេស ព្រមទាំងសភាស​ហភាពអឺរ៉ុប ក៏បានកោះហៅ​នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ផងដែរ ដើម្បីឲ្យលោក​ផ្តល់ភស្តុតាង ជុំវិញរឿងអាស្រូវ​ដ៏កក្រើកខាងលើ ដែលមានជាប់ពាក់ព័ន្ធ​ជាមួយក្រុមហ៊ុន​វិភាគ​​ទិន្នន័យ Cambridge Analytic មានមូលដ្ឋាន​នៅក្នុង​ទីក្រុងឡុងដ៍។

ពាក់ព័ន្ធនឹង​រឿងនេះ ក្រុមហ៊ុន Cambrdige Analytica បានរងការចោទ​ប្រកាន់ថា បានប្រមែប្រមូលយក​ទិន្នន័យផ្ទាល់ខ្លួន​ របស់អ្នក​ប្រើប្រាស់​ Facebook សរុបប្រហែល ៥០លាននាក់ ដើម្បីធ្វើការវិភាគ​នយោបាយឲ្យអតិថិជន​របស់ខ្លួន រួមមានទាំង​យុទ្ធនាការ​បោះឆ្នោតឆ្នាំ២០១៦ របស់​លោក ដូណាល់ ត្រាំ ដែលបច្ចុប្បន្ន​បានក្លាយជា​ប្រធានាធិបតីអាមេរិក។

ការចោទប្រកាន់នេះ បានធ្វើឲ្យ​ក្រុមហ៊ុន Facebook ក្លាយជា​មុខព្រួញ​នៃក្រសែភ្នែកអន្តរជាតិ​ជាថ្មីម្តងទៀត ខណៈការជជែក​ដេញដោលបានកើត​មានថា ជុំវិញសំណួរថាតើ Facebook បានបរាជ័យ​ក្នុង​ការការពារទិន្នន័យ​នៃអ្នកប្រើប្រាស់របស់​ខ្លួនដែរ ឬយ៉ាងណា។

គួរបញ្ជាក់ថា គ្រាន់តែផ្ទុះបញ្ហាខាងលើនេះដំបូងៗប៉ុណ្ណោះ នៃការបែកធ្លាយព័ត៌មាន​របស់​អ្នកប្រើប្រាស់រាប់សិបលាននាក់នោះ ក្រុមហ៊ុន​អាមេរិកមួយនេះ​​បាន​ខាតបង់គិត​ជាទឹក​ប្រាក់ជាង ៦០ពាន់លានដុល្លារ ដោយសារតែភាគ​​ហ៊ុនធ្លាក់ចុះយ៉ាងគំហុក មិនធ្លាប់មានក្នុង​រយៈពេល ០៤ឆ្នាំ៕

Related Posts

About The Author

Add Comment

error: Content is protected !!