សារព័ត៌មាន Asia Times បានចេញ​ផ្សាយថា៖ លោក សម រង្ស៊ី ចំណាយលុយដល់២៥ម៉ឺនដុល្លារជួលក្រុមហ៊ុន​អាមេរិកាំង ដើម្បីជួយរកវិធីសម្លាប់សេដ្ឋកិច្ចកម្ពុជា

(បរទេស)៖ សារព័ត៌មាន Asia Times បានចេញ​ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨​នេះថា ក្រុមហ៊ុនផ្តល់​សេវា​ទំនាក់ទំនង​​សាធារណៈមួយ​​របស់អាមេរិ​ក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនា​​សង្រ្គោះជាតិនៅក្រៅ​​ស្រុក (CNRM) ​របស់​លោក សម រង្ស៊ី ជួលឲ្យជួយ​រិះរកវិធី ដើម្បីដាក់សម្ពាធ​​សេដ្ឋកិច្ចមក​លើ​​កម្ពុជា ដែលទង្វើនេះ​ត្រូវបាន​ចាត់ទុកជា​ អំពើ​ក្បត់ជាតិ​កាន់តែធ្ងន់ធ្ងរ​ឡើង ដោយក្រុមអតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ដែលកំពុងរស់​នៅនិរទេសខ្លួន​ឯក្រៅប្រទេស​នេះ។ នេះបើតាម​​ការ​ដកស្រង់​ព័ត៌មានពីសារព័ត៌មា​ន Asia Times ​នៅព្រឹក​ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

សេវាកម្មរបស់​ក្រុមហ៊ុនខាងលើនេះ ជូនដល់​ទណ្ឌិត​ សម រង្ស៊ី គឺជាការទាក់ទាញឲ្យអន្តរជាតិ​ឲ្យដាក់សម្ពាធធ្ងន់ធ្ងរមក​លើរដ្ឋាភិបាលកម្ពុជារបស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងត្រូវចំណាយ​រហូតដល់ទៅ ២៥០,០០០ដុល្លារ​អាមេរិក សម្រាប់​រយៈពេល០៦ខែ។ នេះបើតាម​ឯកសារដែលបែកធ្លាយ​ដោយក្រុមចុះបញ្ជី​ភ្នាក់ងារបរទេស និងត្រូវបានពិនិត្យ​យ៉ាងច្បាស់លាស់ឡើងវិញ​ ដោយសារព័ត៌មាន Asia Times។

ចលនាសង្រ្គោះជាតិនៅ​ក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី មានគោលដៅចំនួនពីរ៖ ទី១ គឺចង់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ នៃអតីតគណបក្ស​សង្គ្រោះជាតិ ទៅកាន់ប្រទេស​កម្ពុជាវិញ មុនការបោះឆ្នោត​ខែកក្កដា ឆ្នាំ២០១៨​ ខាងមុខនេះ ដើម្បីធ្វើការប្រកួត​ប្រជែងការបោះឆ្នោត ជាមួយនឹង​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទី២ គឺចលនា CNRM កំពុងតែអំពាវនាវ​ឲ្យមានការដោះលែង​លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិចេញពីពន្ធនាគារ។

តាមកិច្ចសន្យាជួលនេះចុះហត្ថលេខាដោយលោកស្រី ជូ ឡុង សូមួរ៉ា ដោយបានជួលក្រុមហ៊ុនអាមេរិក Berlin Rosen ធ្វើកិច្ចការឲ្យចលនា CNRM រួមមាន៖ ជួយសរសេរសេចក្តីប្រកាសព័ត៌មានដើម្បីផ្សព្វផ្សាយ និងជាទីប្រឹក្សាផ្តល់យោបល់ផ្នែកនយោបាយ។ សារព័ត៌មានបរទេសនេះមួយក៏បានទម្លាយទៀតថា សូម្បីព័ត៌មាននៅខេត្តក្រចេះស្តីពីការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមអ្នកតវ៉ានៅក្រុមហ៊ុនចំការកៅស៊ូ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ក៏លោក សម រង្ស៊ី ខិតខំឲ្យធ្វើព័ត៌មានបំប៉ោងនិងបំផ្លើស ដែលនេះក៏ជាផ្នែកមួយនៃការជួលក្រុមហ៊ុន Berlin Rosen របស់អាមេរិកផងដែរ។

ក្រុមហ៊ុន BerlinRosen មានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក នឹងត្រូវមាន​តួនាទីបញ្ជូនសារ​ទាំងអស់របស់ចលនាសង្រ្គោះជាតិ CNRM របស់ទណ្ឌិត សម រង្ស៊ី ទៅកាន់​បណ្តា​សារព័ត៌មានធំៗ និងល្បីៗរបស់​អន្តរជាតិ។ នៅក្នុងកិច្ច​សន្យារវាង CNRM និង BerlineRosen នោះថែមទៀត ក្រុមហ៊ុន​អាមេរិកនេះ នឹងត្រូវបញ្ចេញ​នូវអត្ថបទ​ចំនួនពីរ ផ្ញើជូនទៅ «សារព័ត៌មានអន្តរជាតិ ដែលមានប្រសិទ្ធភាព​ខ្ពស់» ខណៈដែល​ពួកគេក៏កំពុង​ជួយចលនា CNRM ក្នុងការចេញផ្សាយអត្ថបទ​បន្ថែមទៀត ទៅកាន់បណ្តាប្រព័ន្ធ​ផ្សព្វផ្សាយនានាជាច្រើន។

អ្វីដែលសំខាន់​បន្ថែម​ទៀតនោះ ក្រុមហ៊ុន BerlinRosen គឺតម្រូវឲ្យ​ចូលរួម​ក្នុងការជម្រុញប្រព័ន្ធ​ផ្សព្វផ្សាយសកម្ម ដែលរួមមានទាំង​ការសរសេរព័ត៌មាន​ជាទៀងទាត់។ អត្ថបទមួយ​ត្រូវបានចេញផ្សាយ​រួចមកហើយ កាលពី​ថ្ងៃទី០៩ ខែមីនា ដែលបាន​​ធ្វើការ​អត្ថាធិប្បាយ​អំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងសមត្ថកិច្ច​នៅក្នុងខេត្ត​ក្រចេះ ដោយមាន​ការសរសេរថា «កងរាជអាវុធហត្ថ​ បានបាញ់ប្រហារលើក្រុមបាតុករ»៕

Image result for លោក សម រង្ស៊ីImage result for លោក សម រង្ស៊ី

Related Posts

About The Author

Add Comment

error: Content is protected !!