សហរដ្ឋអាមេរិក «ទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល» និងបង្កឲ្យពិភពអារ៉ាប់-មូស្លីម ជ្រួលច្របល់!

(វ៉ាស៊ីនតោន)៖ នៅទីបំផុត​ដូចការរំពឹងទុក ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ទទួលស្គាល់​ទីក្រុងយ៉េរូសាឡឹម ជារដ្ឋធានីរបស់​អ៊ីស្រាអែល បើទោះជាមាន ការព្រមានពីក្រុម​មន្ត្រីអាមេរិក​ខ្លួនឯង និងបណ្ដាប្រទេស​សម្ព័ន្ធមិត្តរបស់ខ្លួន​ក៏ដោយ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

ការប្រកាស​របស់ លោក ដូណាល់ ត្រាំ កើតមានឡើង​បន្ទាប់ពី​មានសេចក្ដីរាយ​ការណ៍ជាច្រើនថា ប្រធានាធិបតី​អាមេរិករូបនេះ បានប្រាប់មេដឹកនាំ​អ៊ីស្រាអែល និងពិភពអារ៉ាប់​កាលពី ថ្ងៃអង្គារថា លោកមាន​បំណងផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក ក្នុងប្រទេស​អ៊ីស្រាអែល ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម ហើយដែលនេះ​គឺជា​ការសម្រេចិត្ត​មួយ រំលោភលើ​គោល​នយោបាយ អាមេរិក​ចំពោះ​អ៊ីសា្រអែល និងប៉ាឡេស្ទីន​អស់រយៈពេល​រាប់ទសវត្សរ៍​មកនេះ។

ជាងនេះទៅទៀត លោកត្រាំ ក៏បានបង្គាប់ផងដែរ​ឱ្យក្រសួងការបរទេស​អាមេរិក ត្រៀមរៀបចំ​ផ្លាស់ប្ដូរស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង តែលអាវីវ ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម ខណៈអ៊ីស្រាអែល​ផ្ទាល់ចាត់ទុកថា ជាការសម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ។ ​

គួរបញ្ជាក់ថា ប្រទេសបារាំង អ៊ីរ៉ង់ ហ្សកដានី រួមទាំង​ប៉ាឡេស្ទីន អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានព្រមានថា អំពើហិង្សា និងជម្លោះអាចនឹងផ្ទុះ​ឡើងក្នុងតំបន់មជ្ឈិមបូព៌ា។ ចំណែកឯ ប្រទេសប៊ូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេណេហ្កាល់ ស៊ុយអែត ចក្រភពអង់គ្លេស និង​អ៊ុយរុយហ្កាយ បានស្នើកោះប្រជុំបន្ទាន់​មួយ​ នៅក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បីពិភាក្សា​ពីការសម្រេចចិត្ត​របស់ លោក ត្រាំ នេះ៕

ដោយ៖freshnewsasia

Related Posts

About The Author

Add Comment

error: Content is protected !!