សម្តេច ទៀ បាញ់ ជំរុញឱ្យកងទ័ពនៅព្រំដែនកម្ពុជា-ឡាវ រួមគ្នាថែរក្សាសន្តិសុខព្រំដែន ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងប៉ះទង្គិចគ្នា

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជំរុញឱ្យកងទ័ពនៅព្រំដែនប្រទេសទាំងពីរ ជាពិសេសបញ្ជាការយោធាខេត្តអាតាពើ និងយោធាខេត្តចំប៉ាសាក់ របស់កងទ័ពប្រជាជនឡាវ ដែលមានព្រំដែនជាប់ជាមួយយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ត្រូវរួមគ្នាថែរក្សាសន្តិសុខព្រំដែន ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងប៉ះទង្គិចគ្នា។

កិច្ចប្រជុំទ្វេភាគីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-ឡាវ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិឡាវ ក្នុងឱកាសដែល សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមករា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ សម្តេច ទៀ បាញ់ បានលើកឡើងថា មេបញ្ជាការយោធាខេត្តអាតាពើ និង យោធាខេត្តចំប៉ាសាក់ របស់កងទ័ពប្រជាជនឡាវ ដែលមានព្រំដែនជាប់ជាមួយយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ត្រូវរួមគ្នាធ្វើយ៉ាងណាបំពេញភារកិច្ច រក្សាសន្តិសុខ តាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ឱ្យមានសុវត្ថិភាពល្អ និង ធ្វើយ៉ាងណាឱ្យប្រជាជនប្រទេសទាំងពីកម្ពុជា-ឡាវ ទៅមករកស៊ីឱ្យមានសេចក្តីសុខ ហើយរឿងហេតុដែលកើតឡើង កន្លងមកត្រូវបញ្ជៀស ឱ្យបានដាច់ខាត កុំឱ្យមានការប៉ះទង្គិចគ្នា ត្រូវតែជួបចរចារគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា សន្តិភាពប្រទេសជិតខាង គឺជាមូលដ្ឋានគ្រឹះ សម្រាប់ប្រយុទ្ធតស៊ូ និងភាពក្រីក្រ ដែលប្រជាជនយើងទាំងពីរ បានឆ្លងកាត់ជាយូរមកហើយនោះ ឱ្យមានការរីចំរើនឆាប់រហ័ស។

ដោយឡែក សម្រាប់ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវវិញ ក្រៅពីស្វាគមន៍ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា លោកក៏បានលើកឡើងដែរថា ទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា គឺបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឡាវ-កម្ពុជា ស្ថិតស្ថេរនិរន្តន៍តរៀងទៅ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡា និងសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាបជូនគ្នាទៅវិញ ទៅមក អំពីសភាពការណ៍ខ្លះៗ ដែលបានកើតមានឡើងនៅក្នុងប្រទេសនីមួយៗ និង អំពីសភាពកាណ៍ប្រែប្រួលក្នុងដំបន់ និងពិភពលោកផង។ លោកឧត្តមសេនីយ៍ ក៏បានស្នើសុំដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឱ្យបន្តការផ្លាស់ប្តូរប្រតិភូថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ ចាប់ពីថ្នាក់ នាយកដ្ឋាន ភូមិភាគ ដំបន់ ប្រតិភូសម្រាប់បំប៉ន និសិ្សតយោធា ដើម្បីឱ្យកម្រិតទំនាក់ទំនងកងទ័ពទាំងពីរកាន់តែកើនឡើង កម្រិតខ្ពស់បន្ថែមទៀត៕

Related Posts

About The Author

Add Comment

error: Content is protected !!