សម្តេចពិជ័យសេនាទៀ បាញ់ ដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិទស្សនា ការតាំងពិព័រណ៌លំហរអាកាសនៅប្រទេសសឹង្ហបូរី ឆ្នាំ២០១៨

(ភ្នំពេញ)៖ មុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា រួមជាមួយបណ្តារដ្ឋមន្ត្រីការពាជាតិអាស៊ានទាំង១០ប្រទេស បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកការតាំងពិព័រណ៌លំហរអាកាស ឆ្នាំ២០១៨  ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលតាំងពិពណ៌ ចាងយី (Changi) ប្រទេសសឹង្ហបូរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ទន្ទឹមនេះគណៈប្រតិភូកងយោធពលខេមរភូមិន្ទ មកពីបញ្ជាការដ្ឋាន កងទ័ពជើងគោក កងទ័ពជើងទឹក និងជើងអាកាស ក៏បានចូលរួមទស្សនាក្នុងពិធីក្នុងពិធីតាំងពិព៌ណលំហរអាកាស ឆ្នាំ២០១៨ នៅសឹង្ហបូរីផងដែរ។

ពិព័រណ៌លំហរអាកាស ឆ្នាំ២០១៨ នៅសឹង្ហបូរី ដែលជាពិព័រណ៌អាកាសចរណ៍ដ៏ធំមួយ ដែលតែងតែបានប្រារព្ធធ្វើនៅរៀងរាល់ពីរឆ្នាំម្តង និងបានផ្តល់ឱកាសដល់ប្រមុខការពារជាតិអាស៊ាន និងមេបញ្ជាការកងទ័ពមកពីបណ្តាលប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងអ្នកចូលរួមពីវិស័យឯកជន បានសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗក្នុងវិស័យឧស្សាហកម្មការពារជាតិ ដែលកំពុងមានការរីកចំរើនជឿនលឿនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។

លើសពីនេះទៅទៀតការតាំងពិព័រណ៌លំហរអាកាសនេះក៏បានបើកចំហរដល់បណ្តាលក្រុមហ៊ុនផលិតផ្នែកឧស្សាហ៍កម្មយោធា បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យបច្ចេកទេស  វិទ្យាសាស្ត្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងដៃគូ។ នៅក្នុងពិព័រណ៌លំហរអាកាសឆ្នាំ២០១៨នេះ មានក្រុមហ៊ុនផលិតយន្តហោះប្រភេទខុសគ្នា ចំនួន៥៨ប្រភេទមកដាក់តាំងបង្ហាញភ្ញៀវ
ទស្សនា។

ឆ្លៀតក្នុងឱកាសនោះសម្តេចពិជ័យសេនា បានទស្សនាតាមស្តង់តាំងពិព័រណ៌មួយចំនួន ដែលផ្តោតលើវិស័យអាកាសចរណ៍នាវាចរ ព្រមទាំងសម្ភារៈបច្ចេកវិទ្យាទំនើប។ ក្នុងឱកាសនោះដោយបានការអញ្ជើញពីលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន ក៏បានជួបសម្តែង ការគួសម ប្រកបដោយភាពស្និទ្ធស្នាល ក្នុងពេលប្រទេសសឹង្ហបុរី ជាប្រធានអាស៊ាន ឆ្នាំ២០១៨។

មុនបញ្ចប់កម្មវិធីទស្សនកិច្ច គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទស្សនាការសម្តែងលើអាកាស ដោយកងទ័ពអាកាសសឹង្ហបុរី  កងទ័ពអាកាសរាជាណាចក្រថៃ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌូនេស៊ី និងកងទ័ពជើងអាកាសម៉ាឡេស៊ី ដែលអាកាសយាននិកទាំងនោះបានបញ្ជាបើកបរយន្តហោះប្រកបដោយទេព្យកោសល្យខ្ពស់៕ដោយ៖Fesh News

Related Posts

About The Author

Add Comment

error: Content is protected !!