សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជន និងប្រព័ន្ធផ្សព្វផ្សាយ បន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយមូលនិធិគន្ធបុប្ផាកម្ពុជាឲ្យបានច្រើនថែមទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សប្បុរសជន និងប្រព័ន្ធផ្សព្វផ្សាយ បន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយពីមូលនិធិគន្ធបុប្ផាឲ្យបានច្រើនថែមទៀត ដើម្បីប្រមូលថវិកា ជួយដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ការអំពាវនាវជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ នៅព្រឹកថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំមកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៣,៩២១នាក់ នៅសាលមហោស្រពកោះពេជ្រ។

Facebook សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ឲ្យបានច្រើនថែមទៀត ដើម្បីប្រមូលថវិកាជួយដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេស សូមប្រព័ន្ធផ្សព្វផ្សាយជួយបន្តផ្សព្វផ្សាយ ឲ្យបានច្រើនថែមទៀតពីការចូលជាសមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា»

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ មូលនិធីនេះ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។

ការបង្កើត មូលនិធិគន្ធបុប្ផានេះ ធ្វើឡើងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីប្រធានមន្ទីរពេទ្យនេះគឺ លោក ប៊ិត រចនឺ កាន់តែអស់លទ្ធភាពបន្តិចម្តងៗ ក្នុងការស្វែងរកជំនួយឧបត្ថម្ភពីក្រៅប្រទេស។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការចូលរួមវិភាគទានដល់ «មូលនិធិគន្ធបុប្ផាកម្ពុជា» សូមទាក់ទងលេខាធិការដ្ឋាន នៃមូលនិធិ រៀងរាល់ម៉ោងធ្វើការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តាមអាស័យដ្ឋាន៖ ផ្លូវលេខ៩២, សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០១៧ ៣៥១ ១៩៩ / ០១៦ ៩១១ ៩៦០ / ០៩០ ៨៨៨ ០៧២៕

Related Posts

About The Author

Add Comment

error: Content is protected !!