សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីដល់អភិបាលរាជធានី-ខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក បើមិនចាត់វិធានការរថយន្តតទ្រុងខុសបច្ចេកទេស នឹងប្រឈមការដកតំណែង

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកជាថ្មីម្តងទៀតថា អភិបាលរាជធានី-ខេត្ត ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ ដែលមិនព្រមចាត់វិធានការចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសទេនោះ នឹងត្រូវប្រឈមជាមួយការដកហូត តំណែងជាក់ជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook ដែលកំពុងមានប្រជាប្រិយភាពយ៉ាងដូច្នេះ «ចំពោះរថយន្តតទ្រុង និងកាត់តកែច្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង»

បើទោះបីជាយ៉ាងណាសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃច្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើសទម្ងន់ កំណត់ដោយច្បាប់ ដែលបង្កឲ្យខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានបង្ហាញលទ្ធផលនៃប្រតិបត្តិការកាត់ទ្រុងរថយន្តដែលតខុសលក្ខណៈបច្ចេកទេសផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃម្សិលមិញ មានរថយន្តកែច្នៃដាក់ទ្រុង សណ្តាងធំៗខុសបច្ចេកទេស ៨១គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត ៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ៣១០គ្រឿងទៀត កំពុងត្រៀមកាត់ទ្រុងចេញ។

សម្តេចនាយករដ្ឋមន្ត្រីបានគូសរំលេចថា រថយន្តធំៗវែងៗទាំងនោះភាគច្រើនបើកលឿននៅលើដងផ្លូវដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

សម្តេចតេជោ ក៏បានស្នើជនរួមជាតិចូលផ្ញើសារ (Comment) ក្នុង Facebook របស់សម្តេចពេលឃើញភាពអសកម្មចំពោះចំណាត់ការលើរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនេះផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា «ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍»

បើទោះបីជាយ៉ាងណា សម្តេចតេជោ បានស្នើដល់ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ «យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញលើសការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអង្វែង»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញកណ្តាប់ដៃដែកជាថ្មីឲ្យចាត់វិធានការចំពោះរថយន្តតទ្រុងខុសបច្ចេកទេស ហើយបានព្រមានដកហូតតំណែងអភិបាលរាជធានី-ខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក ដែលបណ្តែតបណ្តោយឲ្យរថយន្តតទ្រុងទាំងនេះបន្តធ្វើចរាចរណ៍លើដងវិថីថែមទៀតផង។

ក្រោយការដាក់ចេញបទបញ្ជាដ៏ដាច់ណាត់នេះ គេសង្កេតឃើញអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានចេញប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ចាត់វិធានការលើរថយន្តទាំងនោះ ផ្ទុយមុនពេលសម្តេចនាយករដ្ឋមន្ត្រីមិនទាន់ស្រែក ទោះបីពួកគេដឹងថា រថយន្តទាំងនោះបង្កបញ្ហាលើដងវិថីច្រើនយ៉ាងណាក្តី តែបានត្រឹមអង្គុយបក់ផ្សែងតែប៉ុណ្ណោះ៕

Related Posts

About The Author

Add Comment

error: Content is protected !!