សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រឆាំងចំពោះនយោបាយគាំពារនិយមរបស់ប្រទេសមួយចំនួន លើវិស័យពាណិជ្ជកម្ម ដែលនាំឱ្យប្រទេសធ្លាក់ខ្លួនឯកោ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រហស្បតិ៍នេះបានប្រកាសប្រឆាំងចំពោះនយោបាយគាំពារនិយមរបស់ប្រទេសមួយចំនួន លើវិស័យពាណិជ្ជកម្ម ដែលនឹងនាំឱ្យប្រទេសនោះធ្លាក់ខ្លួនឯកោ។ សម្តេចបានបញ្ជាក់ថា សម្រាប់នយោបាយបែបនោះ កម្ពុជាបានបោះបង់ចោល តាំងពីមុនឆ្នាំ១៩៩១មកម្ល៉េះ។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ បានធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ នៅខេត្តកំពតរបស់សាជីវកម្ម ជីបម៉ុង អ៉ិនស៊ី ស៊ីមេន (CMIC) ដែលបានវិនិយោគក្នុងទឹកប្រាក់ ២៦២លានដុល្លារសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលយើងបានសន្យាជាមួយ អង្គការពាណិជ្ជកម្មពិភពលោក យើងត្រូវធ្វើឱ្យបាន ព្រោះនេះ វាជាលក្ខខណ្ឌតម្រូវសម្រាប់សេដ្ឋកិច្ចសេរី សេដ្ឋកិច្ចបើកចំហរ​ ហើយយើងក៏ប្រឆាំងនឹងការគាំពានិយមនៃប្រទេសមួយចំនួន ដែលលេចឡើង នយោបាយគាំពារនិយម ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា នយោបាយគាំពារនិយមនឹងមិនមានជោគជ័យនោះទេ ប្រទេសនីមួយៗមិនអាចឯកោតែឯងបានទេ ត្រូវមានសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ»

សម្តេចបានបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិនេះ គឺសម្តៅលើការនាំទំនិញទៅវិញទៅមក រវាងប្រទេសមួយ ទៅប្រទេសមួយទៀត ហើយមិនត្រូវហាមឃាត់ក្រុមហ៊ុនឯកជន មិនឱ្យធ្វើពាណិជ្ជកម្មសេរីនោះទេ។ សម្តេចតេជោ បានហៅប្រទេសដែលធ្វើការហាមឃាត់ក្រុមហ៊ុនឯកជន មិនឱ្យធ្វើទីផ្សារសេរីថាជាប្រទេសផ្តាច់ការ។

សម្តេចបានបញ្ជាក់ថា «នេះគឺជាដំណើរធម្មតា នៃការរកស៊ីនៅក្នុង វិស័យសេដ្ឋកិច្ចនីមួយ នៅលើពិភពលោកនេះ បើទោះបីជាអ្នកហាមឃាត់ ក៏អ្នកមិនអាច ហាមឃាត់ក្រុមហ៊ុនឯកជនបានដែរ បើអ្នកហាមឃាត់ ក្រុមហ៊ុនឯកជនបាន មិនខុសពីប្រទេសផ្តាច់ការមួយ ដែលរហូតឈានដល់ការហាមឃាត់ ក្រុមហ៊ុនឯកជន មិនធ្វើសកម្មភាពដោយសេរី»។

សម្តេចបានបន្តទៀតថា ប្រទេសប្រកាន់ នូវលទ្ធិប្រជាធិបតេយ្យសេរី ដំណើរការសេដ្ឋកិច្ចសេរី គឺជាប្រទេសដែលមិនមាន ដាក់នូវការកំណត់ណាមួយ លើកលែងតែវិធានពន្ធដា និងបទដ្ឋានដែលមានការពាក់ព័ន្ធប៉ុណ្ណោះ៕

Related Posts

About The Author

Add Comment

error: Content is protected !!