សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារជាតិ និងប្រជាជនកម្ពុជាមិនឲ្យនរណាមកបំផ្លាញនោះឡើយ ដរាបណានៅមានវត្តមានរបស់សម្តេច

(ភ្នំពេញ)៖ ជាថ្មីម្តងទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញប្រកាសការពារជាតិ និងប្រជាជនកម្ពុជាឲ្យបានជាដាច់ខាតមិនឲ្យជនណាម្នាក់មកបំផ្លាញបាននោះឡើយ ដរាបណានៅមានវត្តមានរបស់សម្តេច។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,១០៩នាក់មកពីរោងចក្រចំនួន៧ក្នុងតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា សម្តេចនឹងនៅថែទាំកម្មករ កម្មការិនីរយៈពេលយ៉ាងតិច១០ឆ្នាំបន្តទៀត ហើយឲ្យកម្មករ កម្មការិនីជឿទុកចិត្តចុះថា ដរាបណាមានវត្តមានសម្តេចគ្មាននរណាមកបំផ្លាញកម្ពុជាបានឡើយ។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងយ៉ាងដូច្នេះ «ពូនៅថែទាំក្មួយៗ១០ឆ្នាំទៀតយ៉ាងតិច។ បើពូនៅទីនេះហើយកុំសង្ឃឹមថា នរណាមកបំផ្លាញបាន ព្រោះពូមិនអនុញ្ញាតទេ មិនព្រមឲ្យគេធ្វើផ្តេសផ្តាស់ទេ ព្រោះធ្លាប់ស្លាប់ជីវិតមនុស្សច្រើនណាស់មកហើយ ដូច្នេះគេមិនត្រូវបន្តសកម្មភាពណាបំផ្លាញជាតិ បំផ្លាញប្រជាជននោះទេ ពូពិតជាមិនយល់ព្រមអំពីរឿងនេះទេ»

នៅចំពោះមុខមន្រ្តីរាជរដ្ឋាភិបាល និងកម្មករ កម្មការិនី ដ៏ច្រើនកុះករ សម្តេចតេជោមេដឹកនាំដែលប្រឡូកលើសមរភូមិសង្រ្គាមយ៉ាងច្រើនរូបនេះ ក៏បានរំលឹកថា កម្ពុជាបានរងគ្រោះព្រោះភ្លើងសង្គ្រាមបន្សល់ទុកដោយអ្នកជំនាន់មុនឆ្អែតឆ្អន់ហើយ។ ភ្លើងសង្គ្រាមនេះ បានធ្វើឲ្យសម្តេចបានរងរបួសចំនួន៥ដង និងពិការភ្នែកម្ខាងថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា សម្តេចមិនដែលមានបំណងចង់ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ តែកាលៈទេសៈរបស់ប្រទេសជាតិ ដែលរងគ្រោះព្រោះភ្លើងសង្គ្រាមបានធ្វើឲ្យសម្តេចបានមកដឹកនាំប្រទេសនេះ ដើម្បីបញ្ចប់ភ្លើងសង្គ្រាម និងកសាងអភិវឌ្ឍន៍ប្រទេសមកដល់ពេលបច្ចុប្បន្ន។

និយាយដល់រឿងធ្វើនាយករដ្ឋមន្ត្រីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតផ្លែផ្កាឌឺដងឲ្យទណ្ឌិត សម រង្ស៊ី ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ី ចង់ធ្វើនាយករដ្ឋមន្ត្រីខ្លាំងតែបែរជាមិនបានធ្វើជានាយករដ្ឋមន្ត្រី ផ្ទុយទៅវិញសម្តេចដែលមិនចង់ធ្វើបែរជាបានធ្វើ។ សម្តេចតេជោ បានផ្តាំថា បុណ្យមិនដល់មិនអាចធ្វើជានាយករដ្ឋមន្ត្រីបាននោះឡើយ៕

 

Image may contain: 1 person, smiling, flower

Image may contain: 5 peopleImage may contain: 9 people, people standingImage may contain: 10 people, people smiling, people standingImage may contain: 6 people, people smiling, people standingImage may contain: 4 people, people standingImage may contain: 9 people, people smiling, people standingImage may contain: 7 people, people smiling, people standingImage may contain: 9 people, people smiling, people standingImage may contain: 8 people, people standing

 

Related Posts

About The Author

Add Comment

error: Content is protected !!