សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថានៅតែបន្តរួមរស់ជាមួយបងប្អូនជនរួមជាតិគ្រប់កាលៈទេសៈទាំងអស់ ដើម្បីថែរក្សាការពារសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ទី១២ ខែឧសភា ឆ្នាំ២០១៨នេះតាមរយៈ Facebook បានបញ្ជាក់ថា សម្តេចនៅតែបន្តនៅជាមួយ បងប្អូនជនរួមជាតិគ្រប់កាលៈទេសៈទាំងអស់ ដើម្បីថែរក្សាការពារសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនជនរួមជាតិ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិកាន់តែមានស្ថេរភាព វិបុលភាព និងសុខដមរមនាទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវទុក្ខវេទនារបស់ប្រជាជនខ្មែរ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបង្ខំឲ្យពលរដ្ឋធ្វើការជាងសត្វធាតុ គ្មានផ្ទះរស់នៅ គ្មានអាហារគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានផ្សារ គ្មានអាគារទំនើប ហើយពលរដ្ឋ គឺគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «កូនក្មួយយុវជនជំនាន់ក្រោយពិតជា មានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព។ ពេលកូនក្មួយធំដឹងក្តីហើយ មិនបានឃើញពីអ្វីដែលកម្ពុជាធ្លាប់បាន ឆ្លងកាត់ពីមុនដូចជាសង្រ្គាម និងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ គឺកូនក្មួយមួយចំនួនមិនជឿឡើយ។ កម្ពុជាទម្រាំបានដូចសព្វថ្ងៃ គឺយើងបានខិតខំខ្លាំងណាស់ ក្នុងនោះក៏មានចំណែក នៃការចូលរួមរបស់ជីតា និងជីដូនរបស់ក្មួយៗផងដែរ។

ពិតណាស់ក្មួយៗ ប្រទេសយើងកាលពីជាង៤០ឆ្នាំមុន គឺលំបាកវេទនាខ្លាំងបំផុត ជីដូនជីតាក្មួយៗ គឺជាសាក្សីរស់ស្រាប់។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពលរដ្ឋត្រូវបានបង្ខំឲ្យធ្វើការជាងសត្វធាតុទៅទៀត គ្មានផ្ទះរស់នៅ គ្មានអាហារញាំគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានផ្សារ គ្មានអាគារទំនើប ហើយពលរដ្ឋ គឺគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់។ មានពលរដ្ឋជាង៣លាននាក់ ត្រូវបានស្លាប់តែក្នុងរវាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ពេលដែលពូបានដឹកនាំកងកម្លាំង វាយរំដោះប្រទេសពេលចូល ដល់ទីក្រុងភ្នំពេញនាឆ្នាំ ១៩៧៩ ពេលនោះទីក្រុងភ្នំពេញ យើងមានមនុស្សតែ៧០នាក់ប៉ុណ្ណោះ ហើយទីក្រុងទាំងមូលត្រូវបានបោះបង់ ចោលគ្មានមនុស្សរស់នៅក្លាយជាចំការចេក ដែលគួរឲ្យអាណោចអធម្មបំផុត។ យើងមិនចង់ឲ្យស្រមោលអតីតកាលវិលត្រឡប់មកវិញឡើយ។

ពូបានរួមរស់នៅជាមួយបងប្អូនជនរួមជាតិ គ្រប់រស់ជាតិលំបាកស្រណុក ហើយពូនៅតែបន្តនៅជាមួយបងប្អូនកូនក្មួយគ្រប់កាលៈទេសៈ ដើម្បីថែរក្សាការពារសន្តិភាពឲ្យនៅគង់វង្សយូរអង្វែង។ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ សូមជនរួមជាតិ និងក្មួយៗបោះឆ្នោតឲ្យគណបក្សប្រជាជន នោះប្រទេសជាតិយើងកាន់តែមានស្ថេរភាព វិបុលភាព និងសុខដមរមនាទៅមុខទៀត ជាក់ជាមិនខាន។

ជូនពរបងប្អូនជនរួមជាតិ និងក្មួយៗបានសប្បាយរីករាយក្នុងថ្ងៃ សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា»៕

Related Posts

About The Author

Add Comment

error: Content is protected !!