សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យសេវាកម្មគ្រូពេទ្យរដ្ឋ កុំឲ្យយឺតយ៉ាវក្នុងការព្យាបាលដល់កម្មករ កីឡាករ និងមន្រ្តីរាជការ ដែលទទួលបានសេវាមិនគិតថ្លៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ បានបង្គាប់ឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យមើលសេវាកម្មរបស់កុ្រមគ្រូពេទ្យ នៅតាមបណ្តា មន្ទីរពេទ្យរដ្ឋនានា ដើម្បីកុំឲ្យមានភាពយឺតយ៉ាវក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី កីឡាករ និងមន្រ្តីរាជការទាំងឡាយ ដែលទទួលបានសេវាកម្មពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនីសរុបប្រមាណ១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងទៅកាន់កម្មករ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សេវាព្យាបាលដោយមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ សម្រាប់កម្មករ កម្មការិនី កីឡាករ កីឡាការិនី ក៏ដូចជាមេភូមិ អនុភូមិ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងចាប់ផ្តើមអនុវត្តព្រមគ្នាកាន់តែច្រើន នៅឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចទី២៖ គឺត្រូវតាមដាននូវកិច្ចការដែលចាប់អនុវត្ត ការពិនិត្យ ព្យាបាលជំងឺ ដោយមិនត្រូវបង់ថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការងារ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើកិច្ចការងារនេះឱ្យប្រាកដប្រជា មិនអាចឱ្យប្រកាស គ្រាន់តែជាការប្រកាសទេ»

សម្តេចតេជោបានបន្តថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយកីឡាករ កីឡាការិនីទាំងអស់ នឹងទទួលបាននូវការពិនិត្យព្យាបាល ដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។ ដោយឡែកមេភូមិ អនុភូមិ ជំនួយការភូមិក៏ដូចជាក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងប្រទេសទាំងអស់ នឹងត្រូវអនុវត្តដូចកម្មករដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «អញ្ចឹងត្រូវពិនិត្យលើបញ្ហានេះ ឱ្យបានម៉ត់ចត់ កុំឱ្យដល់ពេលហ្នឹង កម្មករទៅ គ្រូពេទ្យអត់ទាន់ទទួលបានបទបញ្ជា ត្រូវប្រយ័ត្នកន្លែងនេះ ព្រោះកុំឱ្យបទបញ្ជា និងអ្វីដែលសម្រេចដោយគណៈរដ្ឋមន្រ្តី សម្រេចដោយនាយករដ្ឋមន្រ្តី ចង្អុលបង្ហាញខ្វះប្រសិទ្ធភាព​ក្នុងពេលដែលយើងអនុវត្ត»៕អត្ថបទដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!