សម្តេចតេជោ ហ៊ុន សែន ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោក អ៊ឹម សិទ្ធី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួម ក្នុងពីធីទទួលការតែងតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំមន្ត្រីរាជរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោក អ៊ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលទទួលមរណភាព កាលពីម៉ោង៤៖៤៥នាទី ព្រឹកថ្ងៃស្រុក ០៥ រោច ខែមិគសិរ ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

សពលោក អ៊ឹម សិទ្ធី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះរបស់លោកតាមផ្លូវលេខ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបថា នៅរសៀលថ្ងៃទី០៨ ខែធ្នូម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើលិខិតចូលរួមមរណទុក្ខជូន លោកស្រី ហង់ ភារី ភរិយានៃសពលោក អ៊ឹម សិទ្ធី និងគ្រួសារផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក មរណភាពរបស់លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់ស្វាមី ដ៏ឧត្តុងឧត្តម ជាការបាត់បង់បិតាជីតា ដែលប្រកដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវសហការីដែលបានរួមសុខរួមទុក្ខ ជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។

ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រីព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេកជាទីបំផុត ។ ភរិយាខ្ញុំ និងរូបខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹម សិទ្ធី បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»

Related Posts

About The Author

Add Comment

error: Content is protected !!