សម្តេចតេជោ ហ៊ុន សែន៖ បក្សនយោបាយមួយត្រូវបានរំលាយមិនមែនមានន័យថា ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានថ្លែងថា គណបក្សនយោបាយមួយត្រូវបានរំលាយទៅតាមច្បាប់ មិនមែនមានន័យថា ប្រជាធិបតេយ្យ នៅកម្ពុជា បានស្លាប់នោះឡើយ។ សម្តេចបានបញ្ជាក់ថា ទោះបីគណបក្សមួយមិនបានចូលរួមបោះឆ្នោត ក៏នៅមានគណបក្សជាច្រើនទៀតចូលរួមបោះឆ្នោតផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ នាគ្រាដែលសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «គណបក្សមួយងាប់ទៅ ងា​ប់ដោយសារធ្វើខុសច្បាប់ មនុស្សមួយចំនួន ដែលតុលាការហាមឃាត់នូវសិទ្ធិគេធ្វើខុសច្បាប់តែប៉ុណ្ណោះ នោះគឺជារឿងរបស់គេ ប៉ុន្តែងាប់​បក្សនយោបាយមួយ តែមិនបានធ្វើឱ្យងាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះទេ»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ ទំនងជាសម្តៅទៅលើអតីតគណបក្សប្រឆាំង នៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលកាត់ទោសរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីធ្លាយនូវការឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងរំលាយគណបក្សនេះ តុលាការក៏បានកាត់ទោសមិនឱ្យមេដឹកនាំបក្សនេះចំនួន១១៨នាក់ ធ្វើនយោបាយអំឡុងពេល៥ឆ្នាំផងដែរ។ ក្រុមអ្នកប្រឆាំងមួយចំនួននោះ បានដើរឃោសនាថា ប្រទេសកម្ពុជា នឹងមិនមានប្រជាធិបតេយ្យទៀតទេ បន្ទាប់ពីរំលាយគណបក្សខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែមានជាដរាប ការបោះឆ្នោតនៅតែបន្តធ្វើតាមការកំណត់ ហើយរហូតដល់ពេលនេះ គឺមានគណបក្សនយោបាយជាច្រើនទៀត កំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ។

ពាក់ព័ន្ធត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរនានា សម្រួលដល់ ដំណើរការរបស់រៀបចំចូលរួមបោះឆ្នោតរបស់គណបក្សនានា នៅតាមមូលដ្ឋាន។ សម្តេចក៏បានជំរុញឱ្យអាជ្ញាធរជួយសម្រួលការរៀបចំលើកស្លាកគណបក្សនយោបាយ ដោយស្មើភាពគ្នាផងដែរ។

សូមបញ្ជាក់ថា រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនយន៣ហើយ បានចុះប​ញ្ជីរួចរាល់ ដើម្បីចូលរួមក្នុងការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ ខណៈដែលគណបក្សនយោបាយចំនួន០៩ទៀត បានតម្កល់ប្រាក់នៅរតនាគារជាតិ និងគណបក្សចំនួន២២ បានទៅយកទម្រង់ឯកសារនៅគ.ជ.ប ដើម្បីបំពេញចូលរួមក្នុងការបោះឆ្នោត៕

Related Posts

About The Author

Add Comment

error: Content is protected !!