សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ បណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះថា ប្រទេសកម្ពុជាមានមហិច្ឆតា ក្នុងការធ្វើឲ្យប្រទេសក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅពេលអនាគត ដើម្បីសម្រេចមហិច្ឆតានេះបាន គឺទាមទារនូវការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

ការថ្លែងជំរុញឲ្យយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យកាន់តែខ្លាំងក្លានេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បញ្ហាធនធានមនុស្សនេះ កំពុងស្ថិតនៅជាបញ្ហា ប្រឈមសម្រាប់ប្រទេសរបស់យើង នៅត្រង់ថាវិនិយោគច្រើនណាស់ គ្រាន់តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបង្កើតការងារធ្វើប្រមាណ៤ម៉ឺនកន្លែងថែមទៀត ដែលមានតម្រូវការធនធានមនុស្សដែលត្រូវផ្តល់ឲ្យគេ (អ្នកវិនិយោគ) សម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងសម្រាប់អ្នកវិនិយោគមកពីក្រៅប្រទេស គឺសុទ្ធតែមានតម្រូវការធនធានមនុស្ស។ ប៉ុន្តែបញ្ហាសួរថា តើយើងផ្គត់ផ្គង់ធនធានមនុស្ស ឲ្យគេគ្រប់គ្រាន់ហើយឬនៅ? អ្នកវិនិយោគទាំងនោះមិនចង់នាំនូវឯកទេស ពីខាងក្រៅប្រទេសមកប្រទេសយើងទេ ក៏ប៉ុន្តែដោយសារតែយើងមិនទាន់បំពេញតម្រូវ ការធនធានមនុស្សឲ្យគេគ្រប់គ្រាន់ ទើបតម្រូវឲ្យគេនាំអ្នកបច្ចេកទេស ពីខាងក្រៅមក»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការខិតខំរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងឲ្យនធនធានមនុស្សរបស់កម្ពុជា ឆ្លើយតបបាននូវសន្ទុះនៃការវិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដែលទាមទារឲ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ខ្លាំងបន្ថែមទៀត ចំពោះបណ្តុះបណ្តាល លើធនធានមនុស្សនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងបានខិតខំប្រឹងប្រែងដើម្បីឲ្យសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ យើងមិនចង់ធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនោះទេ ដូច្នេះដើម្បី ឆ្លើយតបបានជាមួយនឹងការលើកកម្រិត នៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការលើកឋានៈប្រទេសរបស់យើងឲ្យទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយមហិច្ឆតានិងការគូសវាសសម្រាប់ផែនការ រយៈពេលវែង ឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ វាទាមទារខ្លាំងណាស់ជាមួយនឹងធនធានមនស្ស ដែលត្រូវឆ្លើយតមជាមួយនឹងតម្រូវការនៃការកើតឡើង ដូច្នេះទើបយើងធ្វើការវិនិយោគជាមួយនឹងមនុស្សនេះ គឺមានល្បឿនលឿនណាស់»

ជាមួយគ្នានេះ សម្តេចតេជោបានបង្ហាញពីតួលេខ ដែលរាជរដ្ឋាភិបាលកម្ពុជា ចំណាយសម្រាប់វិនិយោគពាក់ព័ន្ធបញ្ហាមនុស្ស (អប់រំ ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល) ជាមួយនឹងកំណើនយ៉ាងខ្លាំង ដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្សរបស់កម្ពុជា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា បើមិនយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សទេ គឺមិនអាចសម្រេចគោលដៅនោះឡើយ។ ក្នុងនោះសម្តេចមើលឃើញថា ត្រឹមតែក្នុងវិស័យសំណង់កម្ពុជា ក៏មិនទាន់មានអ្នកបច្ចេកទេសគ្រប់គ្រាន់នៅឡើយនោះទេ។

សម្តេចប្រមុខរាជរដ្ឋាភិបាល​បានថ្លែងថា ការបង្កើនធនធានមនុស្សមិនមែន សម្រាប់បំពេញតម្រូវការក្នុងស្រុកទេ តែក៏ត្រូវសម្រាប់ជ្រៀតចូលទីផ្សារការងារ ក្នុងស្ថាប័នថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខកម្ពុជា ត្រូវជ្រើសរើសអ្នកមានសមត្ថភាព ក្នុងការធ្វើជាអគ្គលេខាធិការរបស់អាស៊ានផងដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!