សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ៖ លោក យូរ ហុកគ្រី ជាបេក្ខជនអនុប្រធានសភា, លោក នុត សុខុម បេក្ខជនអនុប្រធាន គ.ជ.ប

(ភ្នំពេញ)៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក យូរ ហុកគ្រី ដែលជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺជាបេក្ខជនតែមួយគត់ ដែលនឹងទៅកាន់តំណែងជាអនុប្រធានទី១ ចំណែកលោក នុត សុខុម សមាជិកជាន់ខ្ពស់របស់គណបក្សនេះ គឺជាបេក្ខជនដែលត្រូវទៅកាន់តំណែង អនុប្រធាន គ.ជ.ប។

ការប្រកាសបែបនេះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើងក្រោយបញ្ចប់នៃកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីប្រកាសសុពលភាពរបស់ តំណាងរាស្រ្តថ្មី៤៤រូប ដែលត្រូវទៅកាន់អាសនៈទំនេរក្នុងរដ្ឋសភា​ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ។

សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣ និងបន្ទាប់ពីបញ្ចប់បាតុកម្មតវ៉ា នឹងលទ្ធផលឆ្នោតរយៈពេល១ឆ្នាំ ក្រោមការសម្រប សម្រួលនយោបាយដោយគណបក្សជាប់ឆ្នោតទាំងពីរ តំណែងអនុប្រធានទី១ នៃរដ្ឋសភានេះ ត្រូវបានរដ្ឋសភាបោះឆ្នោតជូន លោក កឹម សុខា។

ប៉ុន្តែក្រោយកាន់តំណែងនេះបានជាង១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ រដ្ឋសភា ក៏បាន​បោះឆ្នោតទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភាឡើងវិញ ហើយរហូតដល់ពេលនេះ តំណែងអនុប្រធានទី១ នៃរដ្ឋសភា ដែលជាការផ្តល់កូតាឱ្យគណបក្សសំឡេងភាគតិចក្នុងរដ្ឋសភានោះ បាននៅទំនេររយៈពេលជាង២ឆ្នាំមកហើយ។

ដោយឡែកសម្រាប់ការជ្រើសរើសក្បាលម៉ាស៊ីន គ.ជ.ប នៅពេលនេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានគ.ជ.ប និងសមាជិក សរុប៣នាក់ បានលាលែងពីតំណែង ក្រោយតុលាការកំពូល កាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន, ក្នុងការជ្រើសរើសក្បាលម៉ាស៊ីនគ.ជ.ប ជំនួសអ្នកដែលលាលែងនេះ គឺតំណែងអនុប្រធាន គ.ជ.ប គួរតែប្រគល់ជូនគណបក្សហ៊្វុនស៊ិនប៉ិច, សមាជិកម្នាក់ គួរតែផ្តល់ជូនគណបក្សសញ្ជាតិកម្ពុជា និងសមាជិកម្នាក់ទៀត គួរតែរើសចេញពីអង្គការសង្គមស៊ីវិល៕ ដោយ៖freshnewsasia

Related Posts

About The Author

Add Comment

error: Content is protected !!