សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ចទាំងអស់ឃ្លាំមើលឱ្យដិតដល់ពីសកម្មភាពចលនាសង្គ្រោះជាតិ ព្រោះចលនានេះបង្កើតឡើងដើម្បីបំផ្លាញជាតិ

(ភ្នំពេញ)៖ ថ្លែងបញ្ជាក់ជាថ្មីនៅមុខថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកម្លាំងនគរបាលទូទាំងប្រទេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បើសិនជាទុកឲ្យគណបក្សសង្គ្រោះជាតិនៅប្រាកដជានាំមហន្តរាយដល់ប្រទេសជាតិជាក់ជាពុំខាន ព្រោះបក្សបានរំលោភលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សដោយចង់ផ្តួលរំលំ អំណាចស្របច្បាប់។ ជាមួយនឹងការរំលឹកបែបនោះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចទាំងអស់ឃ្លាំមើលឱ្យដិតដល់ពីសកម្មភាពចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៉ី។

ការថ្លែងបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុប កិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានចូលរួមថ្នាក់ដឹកនាំនៃនគរបាលកម្ពុជាទូទាំងប្រទេស។

សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «អ្នកណាក៏ដោយដែលប៉ុនប៉ងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ ហើយប៉ុនប៉ងឡើងកាន់អំណាច មិនតាមរយៈការបោះឆ្នោត អ្នកនោះឯងគឺដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញហើយ ផ្ទុយនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហើយ។ យ៉ាងណាមិញគណបក្សដែលត្រូវបានរំលាយ ដោយតុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គឺពួកគេបានរំលោភលើរដ្ឋធម្មនុញ្ញ ពីព្រោះឆ្នាំ២០១៣ ពេលដែលប្រកួតប្រជែងការបោះឆ្នោតយ៉ាងតឹងតែង ដោយសេរីត្រឹមត្រូវ យុត្តិធម៌ បាន៥៥កៅអី តែគេបដិសេធមិនទទួលស្គាល់ ហើយបាននាំគ្នាប្រមូលផ្តុំកម្លាំងមហាជន ដើម្បីឈានទៅផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ [រដ្ឋសភា រដ្ឋាភិបាល…] និងបានបំផ្លាញចូលលទ្ធផលនៃការបោះឆ្នោត ហើយឡើងកាន់អំណាចខ្លួនឯង ដូច្នេះត្រង់នេះហើយដែលយើងថា គណបក្សនេះចង់ឡើងកាន់អំណាច តែមិនអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ។

ត្រង់នេះដែរយើងត្រូវតែយល់ឲ្យច្បាស់ ហើយកម្ពុជាបើមិនដើរលើផ្លូវ ប្រជាធិបតេយ្យវាក៏គ្រោះថ្នាក់ អីចឹងនរណាប៉ះលទ្ធិប្រជាធិបតេយ្យអត់បាន។ ឥឡូវសាកបណ្តោយគាត់ [បក្សសង្គ្រោះជាតិ] យើងមិនធ្វើអី ព្រោះមិនមែនតែឆ្នាំ២០១៣ទេ ក្រោយមកទៀត ខ្ញុំក៏រួមចំណែកចូលប្រឡូកដើម្បីតស៊ូជាមួយពួកហ្នឹងដែរ ទោះបីគាត់ទៅអង្គុយរដ្ឋសភាក៏ដោយ ចែកអសនៈ និងធ្វើតាមសំណូមពរគាត់ ប៉ុន្តែនៅតែមិនសុខដើម្បីនឹងឈានឆ្ពោះទៅផ្តួលរំលំ ហើយ២០១៨បើចាញ់ឆ្នោតគឺដូចគ្នាហ្នឹង។ នោះហើយដែលយើងនិយាយថា បើទុកទៅគឺនឹងអន្តរាយដល់កម្ពុជា»

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ចត្រូវឃ្លាំមើលសកម្មភាពតាមមូលដ្ឋាន ក្រែងចលនាសង្គ្រោះជាតិកើតមានឡើង ហើយនេះមិនជាការបិទសិទ្ធិសេរីភាពនោះទេ ប៉ុន្តែចលនានេះបង្កើតឡើងក្នុងន័យបំផ្លាញប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ លោក សម រង្ស៉ី បានប្រកាសជាផ្លូវការអំពីការបង្កើតចលនាសង្រ្គោះជាតិ នៅក្រៅប្រទេស ដែលចលនានេះ ត្រូវបានលោកអះអាងថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែង លោក កឹម សុខា និងទាមទារឱ្យគណបក្សសង្រ្គោះជាតិ ដែលតុលាការរំលាយនោះ អាចចូលរួមក្នុងការបោះឆ្នោតឡើងវិញ។ ក្នុងពិធីប្រកាសជាផ្លូវការនូវចលនានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យ មានចលនាសង្រ្គោះជាតិ នៅក្នុងជួរកងទ័ព និងនៅក្នុងគណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ បានព្រមានកម្ទេចចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយបុគ្គល សម រង្ស៊ី ប្រសិនបើកើតមាននៅកម្ពុជា។

ស្របពេលជាមួយគ្នានេះ ក្រសួងមានសមត្ថកិច្ច ក៏ព្រមានកម្ចាត់ចលនានេះផងដែរ បើសិនជាកើតមាននៅកម្ពុជា៕

ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!