សម្តេចក្រឡាហោម ស ខេង៖ កម្ពុជាមិនបានគេចវេស ក្នុងការទទួលពលរដ្ឋខ្លួន ដែលអាមេរិកនឹងបញ្ជូនមកវិញនោះឡើយ

(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក Carl Risch ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា ប្រទេសកម្ពុជា មិនដែលមានការគេចវេស ក្នុងការទទួលពលរដ្ឋរបស់ខ្លួន ដែលអាមេរិកនឹងបញ្ជូនមកវិញនោះទេ។

កិច្ចជំនួបពិភាក្សាការងារនារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានគោលបំណង ដើម្បីជួបពិភាក្សាគ្នា អំពីកម្មវិធីនៃការធ្វើមាតុភូមិនិវត្ដន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា ដែលបានប្រព្រឹត្តិបទល្មើស នៅសហរដ្ឋអាមេរិក មកកម្ពុជាវិញ តាមការស្នើរបស់អាមេរិក ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំងពីរ បានឯកភាពគ្នា កាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក។

សម្តេចក្រឡាហោម ស ខេង បានអះអាងថា «ជាទូទៅកម្ពុជា គឺមិនមានការគេចវេស ក្នុងការអនុវត្ដ និងកាតព្វកិច្ចទទួលពលរដ្ឋខ្លួន ដែលអាមេរិក នឹងបញ្ជូនមកវិញទេ ប៉ុន្តែអ្វីៗ ត្រូវឆ្លងកាត់ នូវការពិនិត្យពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយ»

សម្ដេចក្រឡាហោម ក៏បានស្នើដល់ខាងភាគីសហរដ្ឋអាមេរិក ឲ្យបន្ដធ្វើយ៉ាងណា បង្កើនការគាំទ្រផ្នែកហរិញ្ញាវត្ថុ ទៅដល់ពលរដ្ឋកម្ពុជា ដែលត្រូវធ្វើមាតុភូមិនិវត្ដន៍ មកកម្ពុជាវិញ ឲ្យពួកគាត់មានលទ្ធភាព ក្នុងការកសាងជីវិតនៅកម្ពុជា និងអាចធ្វើសមាហរណ័កម្ម នៅក្នុងសង្គមកម្ពុជាវិញ ប្រកបដោយជោគជ័យ។

ពាក់ព័ន្ធនឹងករណី ការធ្វើមាតុភូមិនិវត្ដរបស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា សម្តេចក្រឡាហោម ស ខេង ក៏សង្ឃឹមផងដែរថា សហរដ្ឋអាមេរិកនឹងពិចារណា ក្នុងការដកចេញនូវបំរាម ចំពោះទិដ្ឋាការ ទៅដល់មន្រ្តីការបរទេស ដែលសហរដ្ឋអាមេរិក បានដាក់កន្លងមកផងដែរ។

ជាកិច្ចឆ្លើយតប ឧបការីរដ្ឋ រដ្ឋមន្រ្តីការបរទេសអាមេរិក មិនទាន់មានការឆ្លើយតប យ៉ាងណានោះទេ ដោយលោកបានលើកឡើងថា នឹងទុកលទ្ធភាពឲ្យក្រុមការងារ នៃភាគីទាំងពីរ ពិនិត្យពិភាក្សាគ្នា បន្ថែមទៀត ដើម្បីស្វែងរកចំណុចរួមពាក់ព័ន្ធទៅនឹងដែលភាពមិនទាន់ចុះសំរុងគ្នា ក៏ដូចជាបញ្ហាសំណូមពរផ្សេងៗ៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!