សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកចង់ជំនួសតំណែងសម្ដេច មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ គឺចេះតែបញ្ឆេះសង្គ្រាម និងចេះជេរប៉ុណ្ណោះ

(កំពត)៖ ថ្លែងចេញពីទឹកដីនៃខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា បាន​​ថ្លែងផ្តាំអ្នកដែលមានបំណងចង់ជំនួសតំណែងសម្តេចកុំថ្នាំងថ្នាក់ឲ្យសោះ ព្រោះអ្នកនោះមិនទាន់មានលទ្ធភាព​គ្រប់គ្រងស្ថានការណ៍របស់ប្រទេសនេះឡើយ គឺសូម្បីដឹកនាំបានតែកូនបក្ស ឬសមាគមតូចមួយក៏មិនកើតផង។

សម្ដេចតេជោ​នាយករដ្ឋមន្ដ្រីបានបន្ថែមថា អ្នកដែលចង់បានតំណែងសម្ដេចនោះ ចេះត្រឹមតែបញ្ឆេះនូវសង្គ្រាម ចេះត្រឹមតែជេរ និងចេះត្រឹមតែបញ្ចោ​ប៉ុណ្ណោះ ហើយសមត្ថភាពដឹកនាំប្រទេស គឺគ្មានទាល់តែសោះ។ ដោយឡែកសម្រាប់សម្ដេចវិញ មានបទពិសោធន៍ដឹកនាំប្រទេសជិត៤០ឆ្នាំមកហើយ ទោះបីដឹកនាំ១០ឆ្នាំបន្ដទៀត ក៏មិនទាន់ហួសពេលដែរ។​

ប្រសាសន៍របស់​សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ​ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅខេត្តកំពត ដែល​បានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារ របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងបន្ដរួមដំណើរជាមួយប្រជាជនកម្ពុជា នៅទូទាំងប្រទេសមិនតិចជាង១០ឆ្នាំទៀតនោះទេ សូមអ្នកដទៃដែលចង់ជំនួស ហ៊ុន សែន កុំថ្នាំងថ្នាក់ឲ្យសោះ ព្រោះអ្នកមិនទាន់មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជា អ្នកគឺគ្រាន់តែ ចេះបញ្ឆេះនូវសង្គ្រាម អ្នកត្រឹមតែចេះជេរ ចេះបញ្ចោតែប៉ុណ្ណោះ ប៉ុន្ដែអ្នកមិនទាន់ចេះគ្រប់គ្រងសូម្បីតែកូនបក្សមួយ ឬសមាគមមួយនោះទេ ហ៊ុន សែន យ៉ាងហោចណាស់បទពិសោធន៍រយៈពេល៣៩ឆ្នាំកន្លងផុតទៅហើយ ក្នុងនោះតំណែងនាយករដ្ឋមន្ដ្រី រយៈពេល៣៣ឆ្នាំ ធ្វើ១០ឆ្នាំទៀតវាឡើង៤៣ឆ្នាំ ក៏មិនទាន់យឺតពេលដែរ ហើយក៏មិនទាន់ចាស់ជ្រុលទេ»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីផ្ដល់ឱកាសឲ្យសម្ដេចបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ទៀតនោះ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត នឹងបន្ដបោះឆ្នោតជូនសម្ដេចជារៀងរហូត៕

Related Posts

About The Author

Add Comment

error: Content is protected !!