សម្ដេចតេជោ ហ៊ុន សែន៖ «កុំច្រឡំថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាំសេដ្ឋកិច្ចទីផ្សារសេរីមកកម្ពុជាឲ្យសោះ គឺខ្ញុំជាអ្នកនាំមកឲ្យកម្ពុជា»

(កំពត)៖ ថ្លែងចេញពីខេត្តកំពតក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ដ៍ ដ៏ធំដែលមានតម្លៃរហូតដល់២៦២លានដុល្លារ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានប្រែក្លាយ​ពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរីគឺ សម្ដេចខ្លួនឯងផ្ទាល់ជាអ្នកដឹកនាំឲ្យមានការផ្លាស់ប្ដូរបែបនេះ មិនមែនដោយសារកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសនោះឡើយ។

កម្ពុជាត្រូវបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចផែនការ ដែលក្រុមហ៊ុនសហគ្រាស ត្រូវបានគ្រប់គ្រងដោយរដ្ឋមកជាសេដ្ឋកិច្ចទីផ្សារសេរី ដែលក្រុមហ៊ុន សហគ្រាស ត្រូវបានគ្រប់គ្រងដោយឯកជន នៅឆ្នាំ១៩៩៣។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖ «សូមកុំយល់ច្រឡំថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកនាំសេដ្ឋកិច្ចទីផ្សារកមកម្ពុជាឲ្យសោះ។ សូមកុំនិយាយអាធុនហ្នឹង អ្នកខ្លះ​ថា ​កិច្ចព្រមព្រៀងទីក្រុងប៉ារីសនាំ សេដ្ឋកិច្ចទីផ្សារចូលមកកម្ពុជា ​ប៉ុន្ដែសូមប្រាប់អ្នកទាំងឡាយឲ្យបានជ្រាបថា កម្ពុជាបានធ្វើសេដ្ឋកិច្ចផ្សារ បើនិយាយពី​សេដ្ឋកិច្ច ខ្ញុំអាចនិយាយបានថា ខ្ញុំជាអ្នកដឹកនាំ»

សម្ដេចតេជោ ហ៊ុន សែន ក៏បានរៀបរាប់អំពី​ដំណើរការវិវត្តន៍ នៃការដឹកនាំសេដ្ឋកិច្ចពីទីផ្សារផែនការ មកជាទីផ្សារសេរីដោយ មើលឃើញពីការផ្លាស់ប្ដូរ ឈានទៅដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា រហូតមកដល់សព្វថ្ងៃនេះ ដែលអន្ដរជាតិបានកោតសសើរនូវការដឹកនាំ និងការជំរុញឲ្យសេដ្ឋកិច្ច​ បន្ដកើនឡើងក្នុងអត្រាយ៉ាងខ្ពស់ក្នុងរង្វាន់៧% ជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា អ្វីៗដែលកម្ពុជាកំពុងមាន និងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺកើតចេញពីការ ដែល​សម្ដេចបានយកជីវិតទៅប្ដូរ ដើម្បីទទួលនូវសន្ដិភាព និងការឯកភាពជាតិតែមួយ។ ក្នុងន័យនេះសម្ដេចបានលើកឡើងថា សម្តេចបានយកជីវិតខ្លួនឯង ​ទៅប្ដូរ​ចំនួន២លើក ដោយលើកទី១ ប្ដូរដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទី២ យកជីវិតទៅប្ដូរ​ ដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយខ្មែរក្រហម ឈានដល់ការបង្រួបបង្រួមជាតិ។

សូមជម្រាបថា កំណើតសេដ្ឋកិច្ចដ៏រឹងមាំរយៈពេល២០ឆ្នាំជាប់ៗគ្នា ក្នុងអត្រា៧ភាគរយក្នុងមួយឆ្នាំៗនោះ ប្រទេសកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ផ្តល់រហស្សនាមថាជា «កូនខ្លាសេដ្ឋកិច្ចអាស៉ី» ខណៈដែលធនាគារពិភពលោក (World Bank) បានអះអាងផងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៦ ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក។

ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំង២នេះ បានអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៧ និង ២០១៨នៅតែរឹងមាំ និងរីកលូតលាស់ខ្លាំង។ ធនាគារពិភពលោកបានបញ្ជាក់ថា នៅឆ្នាំ២០១៧ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ៦.៨ភាគរយ និងឆ្នាំ២០១៨ មានកំណើន ៦.៩ភាគរយ។ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ីវិញ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា៧ភាគរយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៧ សម្រេចបាននូវកំណើន៦.៩ភាគរយ ដែលជាកំណើនដ៏រឹងមាំ ខណៈប្រាក់ចំណូនជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងដល់១,៤៣៥ដុល្លារ៕

Related Posts

About The Author

Add Comment

error: Content is protected !!