សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបកិច្ចការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារបន្ត

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញបិទសន្និបាតបូកសរុប កិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំដែលបានធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង ប្រធាននាយកដ្ឋាន ស្នងការ ស្នងការរងរាជធានី-ខេត្តទាំង២៥ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

របាយការណ៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅសភាពការណ៍សន្ដិសុខនៅកម្ពុជា លេចធ្លោគួរកត់សម្គាល់គឺ ឧបាយកលប៉ុនប៉ងផ្ដួលរំលំ រដ្ឋអំណាចស្របច្បាប់ របស់គណបក្សប្រឆាំងដែលមានការឃុបឃិតជាមួយបរទេស ការរីកសាយនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បម្រើសកម្មភាពល្មើសប៉ះពាល់ដល់សន្ដិសុខ និងការប្រើប្រព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើសកម្មភាពជម្រិតទារប្រាក់ និងសកម្មភាពភ្នាល់ល្បែងអនឡាញ ខុសច្បាប់។

របាយការណ៍ដដែលបង្ហាញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឧបាយកលនេះត្រូវបានទប់ស្កាត់ និងបំផ្លាញតាមរយៈការអនុវត្តវិធានការច្បាប់យ៉ាងហ្មឹងម៉ាត់ ដែលនាំដល់ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ, គណបក្សសង្គ្រោះជាតិត្រូវបានតុលាការចេញដីការំលាយ ហើយថ្នាក់ដឹកនាំគណបក្សនេះ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល០៥ឆ្នាំ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងក្នុងរបាយការណ៍នេះ​ថា ប្រធានគណបក្សអំណាចខ្មែរ (សួន សេរីរដ្ឋា) និងប្រធានគណបក្សរួបរួមជាតិ (ញឹក ប៊ុនឆៃ) ព្រមទាំងជនល្មើស៣រូប ត្រូវបានចាប់ខ្លួនពីបទញុះញុងបំបែកបំបាក់កងយោធពលខេមរភូមិន្ទ បទជួញដូរគ្រឿងញៀន និងផ្ដល់ព័ត៌មានឲ្យវិទ្យុបរទេសខុសច្បាប់ ជាមួយនោះល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត ចំនួន៣ករណី ត្រូវបានបង្ក្រាប ចាប់ខ្លួនជនជាតិចិន៣០៧នាក់ បញ្ជូនទៅតុលាការ៕

Related Posts

About The Author

Add Comment

error: Content is protected !!