សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត៖ កាកបាទក្រហមកម្ពុជា នឹងបន្ដរួមសុខ រួមទុក្ខ និងជួយសង្គ្រោះរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងទៅកាន់កម្មករ កម្មការិនី ចំនួន២,១២៥គ្រួសារថា កាកបាទក្រហមកម្ពុជា នឹងបន្ដរួមសុខ រួមទុក្ខ និងជួយសង្គ្រោះរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់កម្មករ កម្មការិនី នៃក្រុមហ៊ុន ស៊ិនទ្រី និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចំនួន២,១២៥គ្រួសារ ដែលប្រព្រឹត្ដទៅ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

ទន្ទឹមនឹងការជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ កម្មករ កម្មការិនីនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងថា «កាកបាទក្រហកម្ពុជា នឹងបន្ដបេសសកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋយើងឲ្យបានកាន់តែប្រសើរ ពិសេសប្រជាជនដែលងាយរងគ្រោះបំផុត គ្រប់ទីកន្លែង ទាន់ពេលវេលា ដែលមានទាំងស្បៀង លំនៅឋាន អណ្ដូងទឹក គ្រោះធម្មជាតិ បញ្ហាស្រូវស្រែចំការ និងបញ្ហាផ្សេងៗទៀត ដែលជាសេចក្ដីត្រូវការចំាបាច់ ដោយកន្លងមកកាកបាទក្រហមកម្ពុជា ទូទាំងរាជធានីខេត្ដ បានធ្វើមកនេះ។ ដូច្នេះយើងនឹងបន្ដរួមសុខ រួមទុក្ខជាមួយបងប្អូនយើងរហូត»។

ព្រមជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ​ ផងដែរថា៖

* សូមអំពាវដល់បងប្អូនប្រជាជនយើងទាំងអស់ ពិសេសយុវជន សូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ កាប់សម្លាប់ឪពុកម្តាយ និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ នៅក្នុងសង្គម។

* ជៀសវាងឱ្យបានដាច់ខាត នូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ដោយឡែកចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិតឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។

*សូមបងប្អូនពលរដ្ឋ ចេះស្រលាញ់បរិស្ថានជុំវិញខ្លួន និងផ្ទះរបស់ខ្លួន កុំចោលសម្រាម នៅតាមទីសាធារណៈ ត្រូវចោលទៅក្នុងធុងដាក់សម្រាម ឲ្យបានត្រឹមត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

ការអញ្ជើញជួបសំណេះសំណាល កម្មករ កម្មការិនី ជាលើកទីពីរនេះ ក្រុមកម្មករ កម្មការិនី បានសម្ដែងការរំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដឹងសុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេផងដែរ ដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។
ព្រមជាមួយគ្នានោះ ក្រុមកម្មករ កម្មការិនី បានថ្លែងអំណរអរគុណ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ផងដែរថា អ្នកម្តាយមានគុណជាទីគោរពដ៏ខ្ពង់ខ្ពស់អ្នកម្តាយ គឺជាស្ត្រីទីមួយរបស់ប្រទេសកម្ពុជា ប្រកបដោយមហាកិតិ្តគុណ និងទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តម។ អ្នកម្តាយជាទីគោរព សូមអ្នកម្តាយប្រកបដោយពរជ័យសិរីមង្គលវិបុលសុខ សូមមានកម្លាំងខ្លាំងក្លា ប្រជ្ញាឈ្លាសវៃ ជន្មាយុយ៉ិនយូរ ដើម្បីគ្រងជាម្លប់ត្រជាក់ នៃប្រជាពលរដ្ឋកម្ពុជា៕

Related Posts

About The Author

Add Comment

error: Content is protected !!