សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជួយសង់ផ្ទះជូនអតីតយុទ្ធជន៤៤ខ្នង ចំណាយថវិកាជាង២០០លានរៀល, នាយឧត្តមសេនីយ៍ គន់ គីម ជំរុញឲ្យបង្កើនសកម្មភាពឲ្យកាន់តែខ្លាំងឡើង

(កំពង់ធំ)៖ ពេញមួយឆ្នាំ២០១៧ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរួមសហការគ្នាជួយសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជនបានចំនួន ៤៤ខ្នង ដោយចំណាយថវិកាអស់ ២០១,៥៧១,០០០រៀល។ នេះបើតាមរបាយការណ៍របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន-អនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធាន-អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

ក្នុងពិធីខាងលើ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើរបាយការណ៍សង្ខេប ពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ក្នុងនោះសមាជិកអតីតយុទ្ធជនសរុបមានចំនួន ៣,៤៩២នាក់ ពិការចំនួន ១,៤០២នាក់ ពលីចំនួន ១,១០៥នាក់ ទទួលមរណភាពចំនួន ១៨៤នាក់ និវត្តជនចំនួន ៦៣៨នាក់ បាត់បង់ចំនួន ១៦២នាក់។

លោកមេបញ្ជាការបានបន្តថា ក្នុងឆ្នាំ២០១៧ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួយសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជនចំនួន ៤៤ខ្នង ដោយចំណាយថវិកាចំនួន ២០១,៥៧១,០០០រៀល។

លោក សុខ លូ ដែលទើបតែងតាំងជាប្រធានកិត្តិយសថ្មី នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការប្តេជ្ញាចិត្តខិតខំបំពេញតួនាទីភារកិច្ច ជួយសមាជិកអតីតយុទ្ធជនឲ្យដូចភ្លៀងរលឹម ដោយមិនទុកឲ្យសមាជិកណាម្នាក់មានការលំបាកនោះទេ ប្រសិនបើគ្មានអតីតយុទ្ធជនទេ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏គ្មានដូចសព្វថ្ងៃនេះដែរ ហើយលោកបានជំរុញឲ្យមានការជួបជុំសមាជិកអតីតយុទ្ធជន នៅខែមិថុនាខាងមុខ ដើម្បីឲ្យមានភាពជិតស្និទ្ធ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់គ្រប់ផ្នែក ដែលនៅក្នុងរយៈពេលមួយឆ្នាំ២០១៧ កន្លងមកនេះ បានជំរុញសកម្មភាពសមាគមឲ្យមានដំណើរការវិវត្តគួរឲ្យកត់សម្គាល់។

ក្នុងនោះកិច្ចសហការដឹកនាំសមាភាពចម្រុះ កិច្ចពង្រឹងអង្គការចាត់តាំងថ្នាក់ខេត្តក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ ការធ្វើបច្ចុប្បន្នភាពសមាជិកសមាគម ការបើកប្រាក់បេឡាមរណសង្គ្រោះបានដល់ដៃ និងទាន់ពេលវេលាជូនគ្រួសារសព ការពិនិត្យដោះស្រាយរាល់សំណូមពរសមាជិកសមាគម ដែលកំពុងជួបការលំបាកខ្វះខាតជាក់ស្តែង ទទួលបាននូវទីជម្រក ផ្ទះសម្បែងសមរម្យ ផ្តល់គ្រឿងឧបភោគ-បរិភោគជាដើម ដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់ទទួលរងគ្រោះ ដោយមិនបានដឹង និងមិនបានគិតគូរយកចិត្តទុកដាក់នោះឡើយ។

លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានធ្វើការដោះស្រាយនូវបញ្ហាប្រឈម និងការលំបាកមួយចំនួនដែលជួបប្រទះ ក្នុងពេលអនុវត្តន៍ជាក់ស្តែង ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ ពិសេសអនុសាសន៍ទាំង១៤ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានថ្លែងក្នុងឱកាសបិទមហាសន្និបាត នៃសមាគមអតីតយុទ្ធជនកម្ពុជា លើកទី២ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ឲ្យទទួលបានជោគជ័យ៕

Related Posts

About The Author

Add Comment

error: Content is protected !!