វិភាគ​អន្តរជាតិ៖ តើ​នេះ​ជា​យុគសម័យ​នៃ​ការបង្រួបបង្រួម​កូរ៉េទាំងពីរ មែនឬទេ?

(សេអ៊ូល)៖ «យើង​សង្ឃឹម​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែនអ៉ិន អាច​ទុក​រឿង​ចាស់ដែល​ធ្លាប់​កើត​មាន​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ​មួយ​ឡែក​សិន ហើយ​ងាក​មក​បើក​ទំព័រ​យុគសម័យ​ថ្មី​នៃ​ការ​បង្រួបបង្រួម» នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង គីម យូជុង ប្អូន​ស្រី​បង្កើត​របស់​កំពូល​មេ​ដឹកនាំ​កូរ៉េខាងជើង លោក​ គីម ជុងអ៊ុន ដែល​បាន​ជំរុញ​លើក​ទឹកចិត្ត​ប្រធានាធិបតី​កូរ៉េខាងត្បូង ឱ្យ​ផ្លាស់ប្តូរឥរិយាបទ​ដើម្បី​ចង​ភ្ជាប់​សម្ព័ន្ធភាព​ជាមួយ​កូរ៉េខាងជើង​។​ ការលើកឡើងរបស់​អ្នកនាង គីម យ៉ុងជុង ត្រូវបានធ្វើឡើង ស្របពេលដែល​លោក មូន ជែអ៉ិន បាន​ទទួល​លិខិត​អញ្ជើញ​ដោយ​ផ្ទាល់​ពី​លោក គីម ជុងអ៊ុន ស្នើ​សុំ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នា​ពេល​ណាមួយ ក្នុង​ឆ្នាំ​២០១៨នេះ។

តើ​តាម​រយៈ​ការ​បន្ទន់ឥរិយាបថ​ជា​ប្រវត្តិសាស្ត្រ​របស់​កូរ៉េខាងជើង​ អាច​ក្លាយ​ជា​ការ​បើក​ច្រក​ទ្វា​យុគសម័យថ្មី​ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​នយោបាយ​ជិតស្និទ្ធ​រវាងគូសត្រូវ​ទាំងពីរ​ឬទេ? បញ្ហ​នេះ​ត្រូវ​ពឹងផ្អែក​លើ​តួអង្គទាំងបី ក្នុងនោះរួមមាន​កូរ៉េខាងត្បូង កូរ៉េខាងជើង និង​ជាពិសេសសហរដ្ឋអាមេរិក។ បើ​វាយ​តម្លៃ​​ទៅលើ​គោលបំណង​​ប្រទេសកូរ៉េខាងជើង ដោយ​ពឹង​ផ្អែក​ឥរិយាបទ​ថ្មីៗ ដូចជា​ការបញ្ជូន​ក្រុមតន្រ្តីដែលមានសមាជិក១៤០នាក់ ក្រុមគាំទ្រចំនួន២០០ នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់​រួមទាំង​ប្អូនស្រី​បង្កើតរបស់ខ្លួន​ ទៅកាន់​ប្រទេស កូរ៉េខាងត្បូង អាចឱ្យ​យើង​សន្និដ្ឋាន​បាន​ខ្លះៗ​​ថា រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ ទំនង​កំពុង​សំឡឹង​រក​មើល​ផ្លូវ​ដើរ​ថ្មីមួយ ដើម្បី​បង្កើត​ទំនាក់ទំនង​​ល្អ​ជាមួយ​រដ្ឋាភិបាលក្រុង សេអ៊ូល ដើម្បី​ផល​ប្រយោជន៍​អ្វីម្យ៉ាង។

វាជារឿង​សមហេតុសមផល​​មួយ​សម្រាប់​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង ក្នុងការចាប់ផ្តើមឡើងវិញនូវ ចំណង​ទាក់ទង​ជាមួយ​ប្រទេស​​កូរ៉េខាងត្បូង ដែលអតីត​ជា​បងប្អូន​របស់ខ្លួន ព្រោះ​ថា​ការ​បង្កើន​ទំនាក់ទំនងល្អ​ជាមួយ​ញាតិ​ជិត​ខាង វា​ប្រសើរ​ជា​ការ​ចង​មិត្ត​ជាមួយ​អ្នកដែល​នៅ​ឆ្ងាយ។ ទំនាក់ទំនង​ប្រសើរ​រវាង​កូរ៉េទាំងពីរ នឹង​កាត់​បន្ថយ​សម្ពាធ​សេដ្ឋកិច្ច​បាន​ខ្លះ ព្រមទាំង​បញ្ឈប់​ភាព​ឯការរបស់ខ្លួន​លើ​ឆាកអន្តរជាតិ។

កូរ៉េខាងជើង អាច​គេង​បាន​ស្កប់ស្កល់​ជាង​មុន ប្រសិន​បើ​អាច​បង្កើតទំនាក់ទំនង​ល្អ​​ជាមួយ​ប្រទេស​ជិតខាងមួយនេះ។ ប្រទេស​កុម្មុយនីស​មួយនេះ​អាច​នឹង​ទទួលបាន​ភាព​កក់ក្ដៅ​បន្តិច បន្ទាប់ពី​អាច​ផ្សះផ្សាទំនាស់​ជាមួយ​ប្រទេស កូរ៉េខាងត្បូង។ ម្យ៉ាងទៀត ប្រសិនបើប្រទេស កូរ៉េខាងជើង អាច​ទាញយក​កូរ៉េខាងត្បូង មក​ធ្វើ​ជា​ដៃជើងរបស់​ខ្លួនដោយជោគជ័យ​នោះ ទោះ​ចង់​ឬ​មិនចង់​ ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ ច្បាស់ជា​ត្រូវ​មាន​គំលាត​ជាងមុន​ដោយ​ស្វ័យ​ប្រវត្តិ។

សម្រាប់​ប្រទេស កូរ៉េខាងត្បូង វិញ បើទោះបី​ការ​ប្រឈមមុខជាមួយ កូរ៉េខាងជើង ក្លាយជា​រឿង​កេរ្តិ៍ដំណែល​​យូរអង្វែងមកហើយ ម្យ៉ាងទៀត​ប្រសិនបើកូរ៉េខាងត្បូងអាចទប់ស្កាត់មហិច្ឆតា នុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង​បាន​នោះ កូរ៉េខាងត្បូង​នឹងទទួលបាន​ពានរង្វាន់​ណូបែលសន្តិភាព​ក្តី ប៉ុន្តែ​ពេល​ខ្លះ កូរ៉េខាងត្បូង ក៏​ហ៊ាន​ទុក​ចោល​ក្តីស្រមៃ​របស់ខ្លួន​មួយឡែកសិន ហើយ​ងាក​មក​ចរចាដោយសន្តិវិធី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយទម្លុះភាពទាល់ច្រកនៅឧបទ្វីបកូរ៉េ ដែល​ជា​គោលដៅ​សំខាន់​មួយ​សម្រាប់​កូរ៉េខាងត្បូង។ នេះ​មិន​ត្រឹម​តែ​ជារូបភាព​ឬ​ការសម្តែង​នោះ​ទេ តែ​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ក្នុង​អំឡុង​នៃ​កិច្ច​សន្ទនា ដើម្បី​ឈាន​ទៅរក​កិច្ចចរចារ​ប្រសើរ​ជាងមុនលើបញ្ហាសំខាន់ៗផ្សេងៗ។ ជា​ពិសេស​ភាព​ជាប់​គាំង នៃ​ការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ នៅកូរ៉េខាងជើង ជាថ្នូរ​នឹង​ការ​លុប​បំបាត់នូវ​ការ​គំរាមកំហែង​ពី​សហរដ្ឋ​អាមេរិក។

យ៉ាងហោចណាស់​ការភ្ជាប់​ទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយ​ការ​ប្រកួត​កីឡាអូឡាំពិក PyeongChang រួមគ្នា ​ក៏​បាន​ចូលរួម​បន្ធូរបន្ថយ​ភាព​តាន​តឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ បាន​មួយរយៈ។ ម្យ៉ាងវិញទៀត ការគំរាមកំហែង​ដោយ​យោធា​អាមេរិក​ យ៉ាងហោចណាស់​ត្រូវ​បាន​កាត់​បន្ថយ​ជា​បណ្តោះ​អាសន្ន។ បញ្ហា​អាទិភាព​របស់​កូរ៉េខាងត្បូង គឺ​ដើម្បី​បញ្ចៀសសង្រ្គាម ព្រោះវា​អាច​បង្ក​ឱ្យ​មាន​ចំនួន​អ្នក​ស្លាប់ និង​ការ​ខូចខាត​យ៉ាង​ធំ​សម្បើម​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ ហេតុនេះការចងភ្ជាប់​ទំនាក់ទំនង​ជាមួយកូរ៉េខាងជើង គួរតែ​ចាត់ទុក​ជា​ជម្រើស​អាទិភាពមួយ​សម្រាប់កូរ៉េខាងត្បូង។

ប៉ុន្តែ​កុំភ្លេចថា តើ​សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យគោល​បំណង​ភ្ជាប់ទំនាក់ទំនងល្អរវាង​​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល និងក្រុង ព្យុងយ៉ាង បាន​សម្រេច​ដែរ​ឬទេ?

លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានលាក់បាំង​នូវ​ភាព​មិន​សប្បាយចិត្ត​របស់​លោក​ជាមួយ​ នឹងការ​វិវត្តន៍​ថ្មីៗ​ក្នុង​ទំនាក់ទំនង​រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងឡើយ តាមរយៈ​ការ​មិន​ទទួល​ទាន​អាហារពេលល្ងាចដែលរៀបចំដោយ ប្រធានាធិបតីកូរ៉េខាងត្បូង ហើយ​ថែម​ទាំង​បដិសេធ​មិន​ចាប់ដៃជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​តំណាង​រដ្ឋាភិបាល ក្រុង​ព្យុងយ៉ាង​ក្នុងនោះ​រួមទាំង​អ្នកនាង គីម យ៉ូជុង ផងដែរ​។

ផ្ទុយទៅវិញ អនុប្រធានាធិបតីលោក Pence បែរជា​ចំណាយ​ពេល​ជួប​ប្រជាពលរដ្ឋកូរ៉េខាងជើង ដែល​លួច​ជម្លៀសខ្លួនចេញពី​ប្រទេស​កំណើតរបស់ខ្លួន។ លោក​​ថែមទាំង​បាន​នាំ​លោក​ Fred Warmbier ដែល​ជា​ឪពុក​ជនជាតិអាមេរិក​ម្នាក់​ដែល​បានដែលបានស្លាប់ បន្ទាប់ពីត្រូវបានដោះលែងដោយក្រុងព្យុងយ៉ាង ឱ្យ​រួម​ដំណើរ​ជាមួយ​លោក​ទៅវិញ។ ជាង​នេះ​ទៅ​ទៀត​នោះ លោក​ថែម​ទាំង​បាន​លើកឡើង​អំពី​ការ​បន្ថែម​ដាក់​ទណ្ឌកម្ម ​ប្រឆាំង​នឹង​កូរ៉េខាងជើង​ថែមទៀតផង។ លោក​ Pence ​បាន​បង្ហាញ​សារ​យ៉ាង​ច្បាស់ថា សហរដ្ឋអាមេរិក ប្រកាន់​ជំហរ​មិន​ចូលរួម​ក្នុង​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើងឡើយ ដរាប​ណា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង គ្មានការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទេនោះ។

សហរដ្ឋអាមេរិក​ នៅ​តែ​ប្រកាន់​យក​គោលនយោបាយ​របស់​ខ្លួន​ដោយ​ដាក់​សម្ពាធ​អតិបរិមា ទៅ​លើ​ប្រទេសកូរ៉េខាងជើង ដែល​ផ្ទុយ​ស្រឡះ​ទៅ​នឹងការ​ឆ្លើយតប​ដ៏​កក់ក្តៅ​ពី​សំណាក់​លោក ម៉ូន ជែអ៉ិន នា​ពេល​ថ្មីៗនេះក្នុង​បំណង​ព្យាយាម​ផ្សះផ្សារ​ទំនាក់ទំនង​ល្អ​​ចំពោះ​លោកគីមជុងអ៊ុន។ ជាមួយនឹងការផ្លាស់ប្តូរ​ឥរិយាបទថ្មី រវាងកូរ៉េទាំងពីរ តើ​សហរដ្ឋអាមេរិក​នឹង​នៅតែ​បន្ត​ចង់​ធ្វើ​សមយុទ្ធយោធា ភ្លាមៗ​បន្ទាប់​ពី​ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែរ​ឬទេ បើសិនជា​រដ្ឋាភិបាល​ក្រុងសេអ៊ូល បង្កើត​បាន​ទំនាក់ទំនង​ប្រកប​ដោយ​ផ្លែផ្កាជាមួយ​កូរ៉េខាងជើងនោះ? ​

ហេតុនេះ​យើង​អាច​សន្និដ្ឋាន​បានថា សន្លឹក​បៀសំខាន់​នៃ​បញ្ហានេះស្ថិត​ក្នុង​ដៃសហរដ្ឋអាមេរិក។ មានន័យថា ស្ថានភាព​បែបណា​ក្តី មាន​តែ​សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែល​អាច​កំណត់បាន​។ សំណួរថាតើ​ទំនាក់ទំនង​ដ៏​កក់ក្ដៅ​បច្ចុប្បន្នរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹង​មាន​អាយុ​កាល​ត្រឹមតែរយៈពេលខ្លី ឬ​អាច​ឈាន​ទៅរក​ការ​កាត់​បន្ថយភាពតានតឹង បាន​យ៉ាងពិតប្រាកដឬទេ?
តើ​វា​ជា​យុគសម័យថ្មី នៃ​ការ​បង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ឬយ៉ាងណា? ចម្លើយ​គឺ ស្ថានភាព​ទាំងអស់​មិនមែន​ពឹងផ្អែក​តែ​ទៅលើ​កូរ៉េទាំងពីរនោះទេ ផ្ទុយ​ទៅវីញ​ត្រូវ​ពឹងផ្អែក​លើ​សេចក្តីសម្រេចចិត្ត និងឥរិយាបទសហរដ្ឋអាមេរិក៕

បកប្រែ និងសម្រួល​ដោយ៖ អ៉ិត ចណ្ណា

Related Posts

About The Author

Add Comment

error: Content is protected !!