ល្មមបញ្ចប់ហើយទស្សនៈ «ខ្មែរពូជអ្នកចម្បាំង» គួរនាំគ្នាបណ្ដុះគំនិត «ខ្មែរពូជអ្នកអភិវឌ្ឍ» វិញ ទើបត្រឹមត្រូវជាង.!

(ភ្នំពេញ)៖ បើកសៀវភៅប្រវត្តិសាស្ត្រអាន ឃើញថាមានមោទនភាពណាស់ ព្រោះទឹកដីខ្មែរតាំងពីសម័យមុនអង្គរបានលាតសន្ធឹងល្វឹងល្វើយ ដោយសារតែកាលណោះខ្មែរគឺជា «ពូជអ្នកចម្បាំង» ច្បាំងវាទយកទឹកដីពង្រីកអាណាចក្រខ្មែរធ្វើ អោយបរទេសខ្លបខ្លាចគ្រប់ៗគ្នា។

ដោយសារមោទនភាព និងអំនួត ចាត់ទុក «ខ្មែរជាពូជអ្នកចម្បាំង» នេះហើយ ក្រោយពីអស់សត្រូវបរទេសច្បាំង ខ្មែរបានចាប់ផ្ដើមច្បាំងជាមួយខ្មែរគ្នាឯង ដណ្ដើមរាជ ដណ្ដើមអំណាចគ្នាទៅវិញទៅមក ចុងក្រោយខ្មែរបាត់បង់ទឹកដីម្ដង បន្តិចៗ ចុងក្រោយមើលនៅលើផែនទីទឹកដីខ្មែរ ដែលគេធ្លាប់ចាត់ទុកជាចក្រភព ឬអាណាចក្រខ្មែរដ៏ធំល្វឹងល្វើយនោះ ស្ទើតែនៅសល់ប៉ុនសំបកលៀសទៅហើយ។

ទោះបីទឹកដីខ្មែរ ដែលមើលនៅលើផែនទី នៅសល់ស្ទើតែចង់ប៉ុនសំបកលៀសក៏ដោយ តែខ្មែរមិនដែលភ្ញាក់រលឹកឬភ្ញាក់កំណើតឡើយ ហើយម្នាក់ៗនៅតែចាត់ទុកជាតិសាសន៏ខ្លួនឯងថាជា «ពូជអ្នកចម្បាំង» ខ្លាំងក្លារហូតដល់សព្វថ្ងៃ ដោយម្នាក់ៗមិនដែលចេះខ្មាស់អៀនមាត់ខ្លួនឯងឡើយ នៅពេលដែល ពោលពាក្យ «ខ្មែរពូជអ្នកចម្បាំង» នេះចេញមកម្ដងៗ។

បច្ចុប្បន្ន ទោះបីទឹកដីខ្មែរតូចប្រជាជនតិច ប្រទេសក្រយ៉ាងណាក៏ដោយ ក៏ខ្មែរអ្នកនយោបាយមួយចំនួននៅតែមាន មោទនភាពមានអំណួតដើរអួតក្អេងក្អាង នៅលើឆាកអន្តរជាតិបន្តបន្ទោសបង្អាប់ជាតិសាសន៏ឯង ដោយគ្មានការខ្មាស់អៀនអ្វីឡើយ រហូតដល់ពេលខ្លះដៀលត្មេះជាតិសាសន៏ និងមេដឹកនាំប្រទេសខ្លួនឯងអោយបរទេសស្ដាប់សើចលេង ទៀតផង ព្រោះតែមហិច្ឆតាអំណាចរបស់ខ្លួន។

សម័យនេះជាសម័យវិទ្យាសាស្ត្រ សម័យអច្ឆរិយៈ សម័យគេអភិវឌ្ឍប្រទេសអោយមានការរីកចំរើនដើម្បីដើរអោយ ទាន់បណ្ដាលប្រទេសអភិវឌ្ឍនានានៅលើពិភពលោក។ ដូច្នេះបណ្ដាខ្មែរទាំងឡាយអើយ ល្មមនាំគ្នាឈប់មោទនភាព នឹងទស្សនៈ «ខ្មែរពូជអ្នកចម្បាំង» ទៀតទៅ បើដើម្បីខ្មែរគេគួរតែនាំគ្នាបណ្ដុះគំនិត «ខ្មែរពូជអ្នកអភិវឌ្ឍ» វិញ ក្រែងធ្វើអោយខ្មែរបច្ចុប្បន្ន និងកូនខ្មែរជំនាន់ក្រោយមានខួរក្បាលរីកចំរើន ងៀកទៅរកការអភិវឌ្ឍន៏ធ្វើអោយប្រទេសខ្មែរមាន ការរីកចំរើនឈានទៅរកភាពរុងរឿងនឹងគេ។ សម័យនេះហើយ សង្គ្រាមបាញ់បោះជារឿងហួសសម័យហើយ មានតែរួមគ្នាអភិវឌ្ឍប្រទេសទេទើបគេសរសើរ៕

ដោយ៖ នាយខ្វែក

Related Posts

About The Author

Add Comment

error: Content is protected !!