លោក ហ៊ុន ម៉ាណែត៖ ខេត្តរតនគិរីប្រៀបដូចពេជ្រកំពុងច្នៃ តាមរយៈវត្តមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងទេសចរ បង្កើតឱកាសការងារដ៏ច្រើនជូនពលរដ្ឋ

(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកទឹកចិត្តដល់មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋកុំឲ្យមានក្ដីព្រួយបារម្ភថា ខេត្តនេះនៅឆ្ងាយពីទីក្រុង ព្រោះតំបន់ភាគឦសានបច្ចុប្បន្ន ប្រៀបដូចជាពេជ្រកំពុងច្នៃដ៏មហាសាលមួយ តាមរយៈការរីកដុះដាលនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ ភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ លេចចេញនូវឱកាសការងារយ៉ាងសម្បូរបែប។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅមន្ទីរវប្បធម៌ និងវិចត្រសិល្បៈខេត្តរតនគីរី នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដោយក្នុងនោះ លោកឧត្តមសេនីយ៍ បានឲ្យដឹងថា «ខេត្តរតនគីរី ជាគ្រាប់ពេជ្រមួយគ្រាប់» ដែលគេយល់ច្រឡំថាគ្រាន់តែជាថ្មមួយដុំតែប៉ុណ្ណោះ ពីព្រោះខេត្តនេះស្ថិតនៅឆ្ងាយពីទីក្រុងពេក តែមកដល់បច្ចុប្បន្ននេះ ខេត្តរតនគិរី គឺជាពេជ្រកំពុងច្នៃបណ្តើរៗហើយ តាមរយៈការកើនឡើងនូវវត្តមានរោងចក្រ សហគ្រាស ភ្ញៀវទេសចរ សណ្ឋាគារ បង្កើតការងារដ៏ច្រើនសម្បូរបែបជូនប្រជាពលរដ្ឋ ហើយវិស័យកសិកម្មក៏រីកចម្រើនផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកថា រយៈពេល៣០ឆ្នាំចុងក្រោយនេះ លោកគ្រូ អ្នកគ្រូបានដឹងហើយអំពីទុកលំបាករបស់ប្រជាពលរដ្ឋ និងប្រទេសជាតិកម្ពុជា ដែលបានតស៊ូយ៉ាងលំបាក។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានរួមកម្លាំងគ្នាកសាងប្រទេសឡើងវិញ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ប្រែក្លាយមុខមាត់ប្រទេសកាន់តែប្រសើរឡើង ក្នុងនោះវិស័យអប់រំ គឺជាវិស័យអាទិភាពទីមួយ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើកកម្ពស់ខ្លាំង ទាំងការស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍ ការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពធនធានមនុស្ស ដែលបានឆ្លើយតបទៅនឹងតម្រូវការផ្នែកអប់រំ និងផ្នែកយុវជន ដល់លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស។

លោកបានបន្តថា នាពេលអនាគត កម្ពុជានឹងអាចក្លាយទៅជាប្រទេសកូនខ្លាសេដ្ឋកិច្ចនៅអាស៊ី ព្រោះធនាគារពិភពលោកបានចាត់ទុកថា កម្ពុជា ជាប្រទេសកូនខ្លាសេដ្ឋកិច្ចរួចទៅហើយ ប៉ុន្តែមិនគួរណាអ្នកនយោបាយមួយចំនួន បែរជាបង្អាប់តែខ្មែរគ្នាឯងនៅលើឆាកអន្តរជាតិនោះទេ។ លោកថា បើខ្មែរមិនលើកពីខ្មែរគ្នាឯង គ្មានមោទនភាពខ្មែរខ្លួនឯង គ្មានអ្នកណាមកផ្ដល់មោទនភាពឲ្យខ្មែរឡើយ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំបន្តអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងមនសិកា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំរបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ៕

Image may contain: one or more people, people standing and indoor

Related Posts

About The Author

Add Comment

error: Content is protected !!