លោក ប្រាក់ សុខុន ប្រកាសគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍនៅក្នុងអាស៊ាន

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រកាសគាំទ្រទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយការប្រកួតប្រជែង ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ សមាហរណកម្មតំបន់ និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងអាស៊ាន។

ការប្រកាសគាំទ្ររបស់លោក ប្រាក់ សុខុន បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីពីថ្ងៃទី០៤ ដល់ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក៏បានឲ្យដឹងដែរថា ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការវិនិយោគលើយុវជន ដែលនឹងនាំមកនូវលទ្ធផលដ៏ធំសម្បើម ដែលពួកគេអាចទាញយកឱកាសបានពីការបង្កើតបច្ចេកវិទ្យាថ្មី និងគំនិតបង្កើតថ្មីព្រមទាំងលើកទឹកចិត្តចំពោះសហគ្រិនភាព និងសហគ្រាសធុនតូចនិងមធ្យម ដែលនឹងផ្លាស់ប្តូរអាស៊ានទៅជាតំបន់មួយប្រកបដោយភាពឆ្លាតវៃ និងនវានុវត្តន៍។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ចំពោះទំនាក់ទំនងខាងក្រៅអាស៊ាន លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការស្វែងរកឧត្តម្មាភិក្រម ដើម្បីដោះស្រាយបញ្ហាការផ្លាស់ប្តូរភូមិសាស្រ្តសេដ្ឋកិច្ច និង ភូមិសាស្រ្តនយោបាយតំបន់ ដើម្បីធានានូវសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងក្រៅតំបន់។

លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច ដែលនឹងបន្តជំរុញជាមួយទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ដែលធានានូវការចូលទៅកាន់ទីផ្សារឲ្យកាន់តែប្រសើរសម្រាប់ការនាំចេញ ការធ្វើវិនិយោគកាន់តែច្រើន និង សហប្រតិបត្តិការច្រើនថែមទៀតក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍។

ជាសហគមន៍អាស៊ានមួយដ៏រឹងមាំ លោកទេសរដ្ឋមន្រ្តីសង្ឃឹមថា នឹងបានឃើញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍យ៉ាងច្រើន ដែលផ្តោតលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងសកម្មភាពដទៃទៀត ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ធុរកិច្ចអាស៊ាន ជាពិសេសសហគ្រាសធុនតូច និងមធ្យម យុវជន និង សង្គមស៊ីវិល។

ក្នុងកិច្ចប្រជុំចង្អៀតនោះ រដ្ឋមន្ដ្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហារដ្ឋរ៉ាខាញ និងទស្សនទានបឋមស្តីពីនិម្មាបនកម្មតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង លោកទេសរដ្ឋមន្ត្រីបានលើកឡើង ដោយការពេញចិត្តចំពោះការវិវឌ្ឍជាវិជ្ជមាន ដែលសម្រេចបានដោយអាស៊ាន និងចិន កាលពីឆ្នាំកន្លងទៅជាពិសេសការអនុម័តក្របខ័ណ្ឌនៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង និងការប្រកាសជាផ្លូវការស្តីពីការចាប់ផ្តើមការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានគាំទ្រកម្មវិធីជំនួយមនុស្សធម៌របស់រដ្ឋាភិបាលមីយ៉ាន់ម៉ារ នៅក្នុងរដ្ឋរ៉ាខាញ និងបានស្វាគមន៍ការងាររបស់មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ដែលបានធ្វើការជាមួយនឹងយន្តការដែលដឹកនាំដោយរដ្ឋាភិបាលមីយ៉ាន់ម៉ារ ក្នុងការបែងចែកជំនួយមនុស្សធម៌ទៅដល់ជនផ្លាស់ប្តូរទីលំនៅទាំងអស់៕

Related Posts

About The Author

Add Comment

error: Content is protected !!