លោក ត្រាំ ថ្លែង​អបអរ​លោក ពូទីន ឈ្នះឆ្នោត និង​បញ្ជាក់ថា «យើងនឹងមិន​ឲ្យ​នរណា​តាមទាន់​អាមេរិកជា​​ដាច់​ខាត……»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងជួបជាមួយ​សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេល​ឆាប់ខាងមុខនេះ ដើម្បីពិភាក្សាគ្នាជុំវិញការរត់ប្រណាំង​សព្វាវុធ ដែលលោក​ផ្ទាល់ចាត់ទុកថា​ កំពុងស្ថិតនៅ​ក្រៅការគ្រប់​គ្រង ខណៈលោក ពូទីន ទើបតែប្រកាស​ពីគំរោង​កាត់បន្ថយ​ កញ្ចប់ថវិកា​​យោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ​នៅក្នុងពេលឆ្លើយ​សំណួរ​ ពាក់ព័ន្ធនឹងលោក ពូទីន នាឱកាសដែល​លោកបើកកិច្ចប្រជុំ​ ជាមួយ​ព្រះអង្គម្ចាស់​រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) នៅឯសេតវិមាន នៅថ្ងៃ​ថ្ងៃអង្គារសប្តាហ៍។ ប្រធានាធិបតី​អាមេរិក​រូបនេះ នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ​ ក៏បានអបអរសាទរ លោក ពូទីន ផងដែរ បន្ទាប់ពីលោក​បានជាប់ឆ្នោតជា​ប្រធានាធិបតី ដឹកនាំប្រទេស​រុស្ស៊ីរយៈពេល ០៦ឆ្នាំ ទៅមុខ​ទៀត។

ប៉ុន្តែទន្ទឹមគ្នានឹង​ការអបអរ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា នឹងមិនអនុញ្ញាត​ឱ្យប្រទេស​ណាមួយ រួមទាំងរុស្ស៊ីតាម​ទាន់សហរដ្ឋ​អាមេរិក​ដាច់ខាត។ «យើងនឹងជួបគ្នា​ក្នុងពេល​ឆាប់ៗនេះ ដើម្បីពិភាក្សាគ្នា​ស្ដីពីការរត់ប្រណាំង​អាវុធ ដែលកំពុងស្ថិត​នៅក្រៅការ​គ្រប់គ្រង»។ នេះជាការលើក​ឡើងរបស់​លោក ដូណាល់ ត្រាំ។ លោក ត្រាំ សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងបន្តរក្សាការ​បង្កើនការ​ចំណាយលើ​វិស័យយោធា ហើយយើងនឹង​មិនអនុញ្ញាត​ឱ្យប្រទេសណាមួយ​ នៅក្នុងលោកតាម​ទាន់ ឬមានអ្វីដែល​យើងកំពុង​មាន​នោះទេ… សហរដ្ឋអាមេរិក​នៅតែខ្លាំង ហើយខ្លាំងដាច់គេ​នៅក្នុង​លោក។»

គួរបញ្ជាក់ថា បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ បានអនុម័តកញ្ចប់ថវិកា ៧០០ពាន់លានដុល្លារ សម្រាប់វិស័យយោធា​របស់ខ្លួន ហើយ​ក្នុងចំណោមប្រាក់​ទាំងនេះ​មាន ៦៤០ពាន់លានដុល្លារ ចំណាយ​លើអាវុធ និងកងទ័ព រីឯ ៦០ពាន់លាន​ដុល្លារទៀត​ គឺចំណាយ​លើសង្រ្គាមនៅ ស៊ីរី អ៊ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន​៕

Related Posts

About The Author

Add Comment

error: Content is protected !!