លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បកស្រាយ​ជូនទូត​ប្រទេសចំនួន​៥ អំពី​ស្ថានការណ៍​​នយោបាយ​​នៅកម្ពុជា

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើការ​បកស្រាយ និង​ពន្យល់​ដល់​ឯកអគ្គរដ្ឋទូត​ចំនួន​៤ និង​តំណាង​ស្ថាន​ឯកអគ្គរដ្ឋទូត​ចំនួន​១ ដែលមាន​និវេសដ្ឋាន​ប្រចាំ​ទីក្រុង​បាងកក រួមមានៈ ហ្វាំងឡង់ ណូវែលហ្សេឡង់ ស្វីស ដាណឺម៉ាក និង​កាណាដា អំពី​ស្ថានការណ៍​នយោបាយ​នៅកម្ពុជា និង​ករណី​ចាប់ខ្លួន​លោក​កឹម សុខា ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការបិទ​អង្គការ NDI រួមទាំង​ករណី​កាសែត ឌឺ ខេមបូឌា ដេលី និង​បញ្ហាផ្សេងៗ​មួយ​ចំនួនទៀត។ ការ​ពន្យល់​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​កាលពី​រសៀល​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួង​ការបរទេស។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បានថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់ពី​ជំនួប​ថា ឯកអគ្គរដ្ឋទូត បាន​លើកឡើង​ជូន​លោក ប្រាក់ សុខុន ​អំពី​ការព្រួយ​បារម្ភ​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​សភាព​ការណ៍​នៅ​កម្ពុជា​នាពេល​ថ្មីៗនេះ ជា​ពិសេស​ពាក់ព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​ករណី​គណបក្ស​ប្រឆាំង…។

ជាការ​ឆ្លើយតប​លោក ប្រាក់ សុខុន ក៏បាន​ធ្វើការ​ពន្យល់​ដោយ​លម្អិត​ទៅតាម​ករណី​នីមួយៗ ខាងក្រោម​នេះ៖ ​

  • ករណី​កាសែត ឌឺ ខេមបូឌា​ដេលី មិនមែនរ​ដ្ឋាភិបាល​បិទ​នោះទេ គឺ​កាសែត​នេះ មាន​បញ្ហា​ពន្ធដារ​ជាមួយ​នឹង​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា និងបាន​សម្រេច​បិទ​ដោយ​ខ្លួនឯង។
  • ករណី NDI ដោយសារតែ​មិនបាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​ការបរទេស។ ​វត្តមាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែលមាន​ចំនួន​៥ពាន់​នោះ​ទើប​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​បង្កើត​ឡើង​នូវ​ច្បាប់ ដើម្បី​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​នោះ ដោយ​ច្បាប់​នេះ ក៏មិន​មាន​ភាព​អ្វី​តានតឹង​ដែរ គឺ​គ្រាន់តែ​ត​ម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស ធ្វើការ​ចុះ​អនុស្សរណៈ​ជាមួយ​និង​ក្រសួង​ការបរទេស។
  • ករណី​គណបក្ស​ប្រឆាំង អាជ្ញាធរ​កម្ពុជា​បាន​គិតគូរ​ពិចារណា​ដោយ​ម៉ត់ចត់ ដោយ​ផ្អែក​ទៅលើ​ភស្តុតាង​ជាក់ស្តែង​តាម​រយៈវីដេអូ​ឃ្លីប​អំពី​ការ​លើកឡើង​របស់​លោក​កឹម សុខា ហើយក្នុង​ស្មារតី​ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព អធិបតេយ្យ​ភាព និង​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​សំណាក់​បរទេស និង​ទប់ស្កាត់​ការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌។ ហើយ​ចំពោះ​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺមាន​ភស្តុតាង​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រមូល​ដាក់​ជូន​ទៅ​តុលាការ​កំពូល និងជា​ការ​សម្រេច​របស់​តុលាការ​កំពូល​ក្នុងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ ចំនួន ១១៨នាក់ មិនឲ្យ​ធ្វើ​សកម្មភាព​រយៈពេល ៥ឆ្នាំ៕




Related Posts

About The Author

Add Comment

error: Content is protected !!