លិខិតមិត្តអ្នកអាន៖ នៅក្រោយវាំងននចលនាសង្រ្គោះជាតិ

(ភ្នំពេញ)៖ ចលនាសង្រ្គោះជាតិត្រូវបានបង្កើតឡើងដោយក្រុម សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងវីដេអូដែលបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកឈ្មោះ សម រង្ស៊ី និងអេង ឆៃអ៊ាង បានបង្ហាញ អំពីបេសកកម្មសំខាន់ៗនៃចលនាសង្រ្គោះជាតិ គឺការញុះញង់ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់។ ការបង្កើតចលនាបែបនេះគឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ គោលបំណងពិតប្រាកដនៃចលនានេះ គឺការបង្កើតរណសិរ្សមួយដើម្បីដឹកនាំធ្វើបដិវត្តន៍ពណ៌ បន្ទាប់ពីបដិវត្តន៍នេះ បានទទួលបរាជ័យនាពេលកន្លងមក។ បដិវត្តន៍ពណ៌គឺជាទម្រង់មួយនៃការធ្វើរដ្ឋប្រហារអំណាច ដែលជាអំពើខុសច្បាប់ ហើយបដិវត្តន៍ពណ៌នេះដាច់ខាត មិនស្ថិតនៅលើគន្លងនៃ លទ្ធិប្រជាធិបតេយ្យសេរី ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរនោះទេ។

គណបក្សសង្រ្គោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយដឹកនាំធ្វើបដិវត្តន៍ពណ៌កន្លងមក គឺត្រូវបានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ បានដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីឱ្យបរទេសដែលជាឪពុកម្តាយបង្កើតបក្សសង្រ្គោះជាតិនេះជួយសង្រ្គោះ និងប្រស់សាកសព គណបក្សសង្រ្គោះជាតិឱ្យបានរស់ឡើងវិញ ហើយអ្នកនាង កឹម មនោវិទ្យា ដែលមានភាពលេចធ្លោជាងគេក្នុងការដឹកនាំយុទ្ធនាការនេះ បានអះអាងជាច្រើនលើកច្រើនសាថា បរទេសនៅតែទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយយុទ្ធនាការនេះ បានលេចចេញជាផ្លែផ្កានាពេលខាងមុខ។ ប៉ុន្តែការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិ គឺជាកំហុសដ៏ធ្ងន់ធ្ងរផ្នែកយុទ្ធសាស្រ្តទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។

នៅក្រៅប្រទេស ការបង្កើតចលនាសង្រ្គោះជាតិ ដោយអតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ គឺមានន័យស្មើនឹងការសម្លាប់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសដែលអ្នកនាង កឹម មនោវិទ្យា អះអាងថា បរទេស នៅទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយក៏មានន័យស្មើនឹងការបំផ្លាញចោលនូវយុទ្ធសាស្រ្ត និងកិច្ចខំប្រឹងប្រែងកន្លងមករបស់អ្នកនាង កឹម មនោវិទ្យា នៅក្រៅប្រទេសដែរ។ ដូចនេះ ចាប់ពីពេលនេះតទៅ តើអន្តរជាតិត្រូវធ្វើការជាមួយអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដឹកនាំដោយក្រុម កឹម សុខា ឬធ្វើការជាមួយចលនាសង្រ្គោះជាតិដឹកនាំដោយក្រុម សម រង្ស៊ី។ សម្រាប់ផ្ទៃក្នុងប្រទេសវិញ ចលនាសង្រ្គោះជាតិ គឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងជាខ្មាំងនៃសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ អ្នកចូលរួមក្នុងចលនាឧទ្ទាមបែបនេះ គឺជាអ្នកប្រឆាំងនឹងរដ្ឋធម្មនុញ្ញនិងប្រឆាំងនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូចនេះ កម្លាំងផ្ទៃក្នុងរបស់អតីតបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងចលនានេះនឹងត្រូវបំផ្លាញ។

តើ សម រង្ស៊ី ជានរណា? សម រង្ស៊ី ជាអ្នកនយោបាយប្រឆាំងគ្មានទីតាំងឈរជើង។ សម រង្ស៊ី ពុំមែនជាមេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិនោះទេ ហើយគ្មានតំណែងណាមួយក្នុងរចនាសម្ព័ន្ធនៃគណបក្សសង្រ្គោះជាតិនោះដែរ។ សម្រាប់ សម រង្ស៊ី គណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ ដូចនេះ ចាំបាច់ត្រូវបង្កើតយន្តការថ្មី ដោយប្រើកម្លាំងចាស់ គឺអ្នកគាំទ្រ និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។ ជម្លោះផ្ទៃក្នុងបានផ្ទុះឡើងជាពិសេសក្នុងចំណោមអតីតសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្គ្រោះជាតិ និងបានបានបើកកិច្ចប្រជុំសម្ងាត់កាលពីយប់ថ្ងៃទី ១៩ ខែមករា ដើម្បីផ្សះផ្សារគ្នា។ អតីតគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ជាផ្នែក២ដាច់ពីគ្នា។ លើជ្រុងយុទ្ធសាស្រ្តវិញ ការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិគឺជាព្រួញមួយដែល សម រង្ស៊ី បាញ់សត្វបានដល់ទៅ៣៖

ទី១៖ បង្កើតតំណែងមួយឱ្យ សម រង្ស៊ី ដើម្បីធ្វើសកម្មភាពដោយពេញមុខពេញមាត់។ បើប្រើសំបកនៃគណបក្សសង្រ្គោះជាតិ នោះ សម រង្ស៊ី គ្មានតួនាទីអ្វីទេ ហើយ កឹម មនោវិទ្យា នោះទៅវិញទេ ដែលអាចធ្វើការបានដោយពេញមុខ ពេញមាត់ជាមួយបរទេស។ ហេតុដូច្នេះហើយ បានជាកន្លងមក សម រង្ស៊ី ប្រវ៉េប្រវ៉ាកាត់កេរ្តិ៍កាត់ខ្មាសធ្វើជាសុំចូលជាសមាជិកគណបក្សសង្រ្គោះជាតិវិញដើម្បីបានមីក្រូនិយាយ ប៉ុន្តែ រហូតមកដល់ពេលនេះ ដូចមិនដែលឃើញមានសេចក្តីសម្រេចបញ្ចូលជាសមាជិកណបក្សសង្រ្គោះជាតិនៅឡើយទេ។

ទី២៖ យកឈ្មោះដូចគណបក្សសង្រ្គោះជាតិ ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ ងាយស្រួលលើកទង់សង្រ្គោះជាតិប្រមូលកម្លាំងអ្នកគាំទ្រ សកម្មជន និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។

ទី៣៖ ភ្ជាប់ខ្លួនក្នុងកញ្ចប់នៃការទាមទារឱ្យបរទេសជួយ។ កម្មវត្ថុសំខាន់នៃយុទ្ធនាការរបស់អ្នកនាង កឹម មនោវិទ្យា គឺទាមទារឱ្យបរទេស ជួយប្រស់សពគណបក្សសង្រ្គោះជាតិឱ្យរស់ឡើងវិញ និងទាមទារឱ្យដោះលែង កឹម សុខា។ ប៉ុន្តែការទាមទារឱ្យ សម រង្ស៊ី បានត្រឡប់ចូលស្រុកវិញដោយអត់ទោស គឺពុំមានឡើយក្នុងកញ្ចប់នៃការទាមទារ។ បើបេសកកម្មនៃចលនាសង្រ្គោះជាតិដូចគ្នានឹងអ្វីដែល កឹម មនោវិទ្យា កំពុងធ្វើក្នុងនាមគណបក្សសង្រ្គោះជាតិ តើចាំបាច់អ្វីត្រូវបង្កើតចលនានេះ?

ដូចនេះ ក្រៅពីមានតំណែងពេញមុខពេញមាត់ជាថ្នាក់ដឹកនាំនៃចលនាសង្រ្គោះជាតិ អាចគ្រប់គ្រង់ឡើងវិញនូវកម្លាំងនៃអតីតបក្សសង្រ្គោះជាតិ គឺ សម រង្ស៊ី អាចភ្ជាប់ខ្លួនក្នុងកញ្ចប់នៃដំណោះស្រាយ វិលចូលស្រុកមកធ្វើប្រធានបក្សប្រឆាំងឡើងវិញ ប្រសិនបើបរទេសអាចជួយបានមែន។ ម្យ៉ាងទៀត ប្រសិនបើអ្នកនាង កឹម មនោវិទ្យា អតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាប្រធានសាខាគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសទាំងអស់ចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ សម រង្ស៊ីនោះមានន័យថា សព និងព្រលឹងនៃគណបក្សសង្រ្គោះជាតិ ទាំងក្នុង និងក្រៅប្រទេស បានរលាយសូន្យក្លាយជាផ្សែងយ៉ាងពិតប្រាកដ។

សម រង្ស៊ី គិតតែពីកេងចំណេញនយោបាយ ប៉ុន្តែ សម រង្ស៊ី ភ្លេច និងបានបំភ្លេចនូវព្រលឹងខ្មែរ ដោយយកបរទេសធ្វើជាម៉ែឪ ហើយគិតថាបរទេសស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរទៅទៀត។ ប្រវត្តិសាស្រ្តកម្ពុជា បង្ហាញច្បាស់ហើយថា ការបង្កើតចលនានេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរខាងផ្នែកយុទ្ធសាស្រ្ត។ ចលនាមួយដែលយករាជការខ្មែរ ព្រមទាំង សុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ធ្វើជាសត្រូវ គឺត្រូវតែវិនាស។ ការប្រកួតប្រជែងអំណាច ត្រូវធ្វើក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ក្នុងគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងក្នុងក្របខណ្ឌនៃច្បាប់ ដើម្បីកម្ពុជាមួយ រស់ក្នុងសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕

ដោយ៖ ចៅ ចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨

Related Posts

About The Author

Add Comment

error: Content is protected !!