លិខិតប្រជាជន៖ ក្នុងជីវិតនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន គឺមានគូប្រជែងជាបន្តបន្ទាប់ ប៉ុន្តែគ្មាននរណាយកឈ្នះគាត់បានទេ

(ភ្នំពេញ) ៖ ក្នុងជីវិតសម្តេចតេជោ ហ៊ុន សែន គឺពិតជាមានគូប្រជែងជាបន្តបន្ទាប់។ ក៏ប៉ុន្តែ ក្នុងមួយជីវិតនយោបាយរបស់គាត់ គឺគ្មានអ្នកណាយកឈ្នះគាត់បានទេ។ ឥឡូវនេះ កម្លាំងប្រឆាំង កំពុងស្ថិតក្នុងស្ថានភាពអន់បំផុត ហើយបានដើរដល់ចំណុចទ័លច្រកហើយ។

យើងរាប់ចាប់តាំងពីការផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ពោលកាលណោះ គូប្រជែងរបស់សម្តេចតេជោ ហ៊ុន សែន គឺក្រុមខ្មែរក្រហម ប៉ុល ពត ដែលសម្លាប់ជាតិសាសន៍ឯង។ ក្រោយពីវាយផ្តួលរំលំរបបខ្មៅងងឹតនេះ និងបានជួយសង្គ្រោះអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ ព្រមទាំងប្រឹងប្រែងអភិវឌ្ឍកសាងប្រទេសកម្ពុជាពីចំណុចសូន្យ គឺសម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាច្រើនរូបទៀត ដើម្បីទប់ទល់នឹងក្រុមខ្មែរក្រហម ដែលប៉ុនប៉ងវិលត្រឡប់មកកាន់អំណាចសារជាថ្មី។

ចាប់តាំងពីនោះមក ការប្រយុទ្ធគ្នាបានកើតមានជាហូរហែរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពព្រៃរបស់ខ្មែរក្រហម នៅបណ្តាខេត្តជាប់ព្រំដែនថៃ។ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចរចាសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា រវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេច ព្រះនរោត្តម សីហនុ។

កិច្ចព្រមព្រៀងសន្តិភាព ស្តីពីការឈប់បាញ់ និងឈានដល់ការបោះឆ្នោតនៅកម្ពុជា ត្រូវបានចុះហត្ថលេខា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

អស់ពីការប្រយុទ្ធគ្នាដោយអាវុធនៅឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមប្រយុទ្ធជាមួយគូប្រជែង ជាកម្លាំងនយោបាយវិញម្តង។ នៅពេលនោះ គូប្រជែងរបស់សម្តេចតេជោ ហ៊ុន សែនគឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ សម្តេចតេជោហ៊ុនសែន ក៏មានការប្រជែងអំណាចខ្លាំងក្លា ក្នុងតំណែងជាសហនាយករដ្ឋមន្ត្រី។

រហូតដល់ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ក៏មានការផ្ទុះអាវុធមួយប្រាវរវាងគូប្រជែងនយោបាយគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ក៏បានទប់ស្កាត់នូវការប៉ុនប៉ងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការនាំទាហានខ្មែរក្រហម ចូលក្នុងទីក្រុងភ្នំពេញ។

និយាយពីមេដឹកនាំខ្មែរក្រហមវិញ ក្រោយពីដឹងថា មិនអាចយកឈ្នះលើរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ហើយក្រោម«នយោបាយឈ្នះ-ឈ្នះ»របស់សម្តេចតេជោ ហ៊ុន សែន ផង គឺមេដឹកនាំ និងកងទ័ពខ្មែរក្រហមជាបន្តបន្ទាប់បានសម្រេចចិត្តចុះចូល ធ្វើសមាហរណកម្ម ចូលក្នុងជួររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។ រហូតដល់ចុងក្រោយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំកំពូលខ្មែរក្រហមដឹកនាំដោយ នួន ជា និងខៀវ សំផន បានដឹកនាំគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមចុងក្រោយ មកចុះចូលដល់ផ្ទះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាខ្មៅ ខេត្តកណ្តាល។ រីឯ ប៉ុល ពត វិញបានស្លាប់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ នៅអន្លង់វែង ជាប់ព្រំដែនថៃ។

ចូលដល់ការបោះឆ្នោតឆ្នាំ១៩៩៨។ លើកនេះ គូប្រជែងរបស់សម្តេចតេជោ ហ៊ុន សែន កើនមួយទៀតហើយ ក្រៅពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅមានលោក សម រង្ស៊ី ដែលទើបតែបង្កើតគណបក្សថ្មី ផ្តាច់ចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បន្ទាប់ពីរាជរដ្ឋាភិបាលចម្រុះបានបណ្តេញលោក ចេញពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីអំឡុងឆ្នាំ១៩៩៤- ១៩៩៥។

ទោះជាគូប្រជែងកើនយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណបក្សប្រជាជនកម្ពុជា ឈានទៅទទួលជ័យជម្នះក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៨ និងឆ្នាំ២០០៣ ហើយបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដដែល។

រហូតដល់ឆ្នាំ២០០៧ គូប្រជែងរបស់សម្តេចតេជោ ហ៊ុន សែន ក៏កើតថ្មីមួយទៀត គឺលោក កឹម សុខា ដែលចេញពីអតីតបក្សលោកតា សឺន សាន និងអង្គការសិទ្ធិមនុស្ស ហើយបានទៅបើកគណបក្សមួយ ដើម្បីចូលរួមប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ២០០៨។ ក៏ប៉ុន្តែ ទាំងលោក កឹម សុខា និងទាំងលោក សម រង្ស៊ី គឺមិនអាចយកឈ្នះសម្តេចតេជោ ហ៊ុន សែន បានឡើយ។

នៅក្នុងការបោះឆ្នោត ឆ្នាំ២០១៣ អ្នកចាញ់ទាំងពីរបានរួមគ្នា ហើយទោះបីជាលោក សម រង្ស៊ី និងលោក កឹម សុខា បានរួមគ្នា បង្កើតជាគណបក្សតែមួយ ដើម្បីប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ក៏ដោយ ក៏ទីបំផុតអ្នកចាញ់ទាំងពីរ គឺ លោក សម រង្ស៊ី និង លោក កឹម សុខា ទទួលបានលទ្ធផលចាញ់បន្តទៀត។ ជ័យជំនះ គឺនៅតែបន្តបានទៅអ្នកឈ្នះ ហើយអ្នកឈ្នះ គឺសម្តេចតេជោ ហ៊ុន សែន។

មិនត្រឹមតែមិនអាចយកឈ្នះសម្តេចតេជោ ហ៊ុន សែន ទេ ផ្ទុយទៅវិញ ក្រោយការបោះឆ្នោតលើកចុងក្រោយនេះ លោក សម រង្ស៊ី បានសម្រេចចិត្តខុសខាងនយោបាយ រហូតបានរត់និទ្ទេសខ្លួន ទៅរស់នៅក្រៅប្រទេស ដូចទម្លាប់កន្លងមក ដើម្បីគេចពីសំណាញ់ច្បាប់។ មិនយូរប៉ុន្មាន នៅក្នុងស្រុកឯណេះវិញ លោក កឹម សុខា បានឱកាស ក៏ដណ្តើមយកតំណែងជាប្រធានគណបក្សប្រឆាំងពីលោក សម រង្ស៊ី និងថែមទាំងទៅដេកនៅផ្ទះរបស់លោក សម រង្ស៊ី ដែលជាទីស្នាក់ការគណបក្ស អស់ប៉ុន្មានខែថែមទៀត ក្រោយពីផ្ទុះរឿងអាស្រូវផ្លូវភេទ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៦។

មិនយូរប៉ុន្មាន លោក កឹម សុខា មោទនភាពជ្រុលនឹងតំណែងប្រធានបក្សប្រឆាំង ក៏បានធ្លាយឯកសារវីដេអូ ដែលជាភស្តុតាងបើកកកាយខ្លួនឯងពីអំពើក្បត់ជាតិ ដែលខ្លួនបានរួមគំនិតជាមួយបរទេស រៀបចំបដិវត្តពណ៌ ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ផែនការនោះ ត្រូវបានរាជរដ្ឋាភិបាល រាំងខ្ទប់ទាន់ពេលវេលា ហើយមេខ្លោងបដិវត្តពណ៌ គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន យកទៅឃុំឃាំងនៅពន្ធនាគារកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

សរុបមក រហូតដល់ពេលនេះ រាប់ចាប់តាំងពីមេខ្មែរក្រហម ដែលបានស្លាប់ជាបន្តបន្ទាប់ ហើយខ្លះទៀត កំពុងជាប់ពន្ធនាគារ រីឯអ្នកនយោបាយជំនាន់ថ្មី ព្រមទាំងលោកសម រង្ស៊ី បានរត់ចោលស្រុក និងមួយចំនួនជាប់ពន្ធនាគារ មានទាំងលោក កឹម សុខា ផង គឺសុទ្ធតែមិនទាន់អាចយកឈ្នះសម្តេចតេជោ ហ៊ុន សែន នៅឡើយទេ។

គេជឿថា ចំណុចខ្លាំងរបស់ សម្តេចតេជោ ហ៊ុន សែន មាន៣យ៉ាងជាគន្លឹះគឺ៖ ទី១- សម្តេចតេជោ ហ៊ុន សែន មានសមត្ថភាពនិងជាមេដឹកនាំប្រកបដោយទេពកោសល្យ ដែលគ្មានគូប្រៀប។ ទី២- សម្តេចតេជោ ហ៊ុន សែន មានស្នាដៃជាសមិទ្ធផលជាច្រើនដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិនិងប្រជាជន។ ទី៣- សម្តេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រពីប្រភព៣គឺ៖ ពីផ្ទៃក្នុងបក្សនិងរដ្ឋាភិបាល ពីប្រជាជនកម្ពុជា និងពីមជ្ឈដ្ឋានអន្តរជាតិផងដែរ ហើយទាំងនេះជាអ្វីដែលគូរប្រជែងនយោបាយរបស់គាត់មិនមាន ហើយមិនអាចយកឈ្នះគាត់បាន។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំលើគ្រប់វិស័យសម្រាប់ការរីកចម្រើនតទៅមុខទៀតវែងឆ្ងាយប្រកបដោយកិត្តិយស មោទនភាព និងក្តីសង្ឃឹម៕

 


  
       

Related Posts

About The Author

Add Comment

error: Content is protected !!