រឿងអាស្រូវបោះឆ្នោតអាមេរិក៖ ម្សិលមិញលោកត្រាំថាលោកជឿលោកពូទីន តែថ្ងៃនេះលោកថាជឿលើCIA វិញ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ម្សិលមិញបាននិយាយថាលោកជឿជាក់លើសម្ដីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀពូទីន ដែលថា ទីក្រុងមូស្គូមិនបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ ប៉ុន្តែនៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជាក្បត់សម្ដីខ្លួនឯងដោយ អះអាងជាថ្មីថាលោកជឿលើទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក CIA ដែលសង្ស័យថាទីក្រុងមូស្គូបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian​ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកដូណាល់ ត្រាំ ថ្លែងបែបនេះជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានមួយនៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ពាក់ព័ន្ធនឹង ការអត្ថាធិប្បាយរបស់លោកដែលថាលោកជឿជាក់លោកពូទីន។ «រាល់ពេលដែលខ្ញុំបានលឺគាត់ (លោកពូទីន) និយាយថា «ខ្ញុំ (លោកពូទីន) មិនបានធ្វើដូច្នោះ» ខ្ញុំពិតជឿជាក់លើ សម្ដីរបស់គាត់…ខ្ញុំគិតថាគាត់ត្រូវបានគេប្រមាថដោយសារតែរឿងនេះ ហើយវាក៏មិនមែនជារឿងល្អសម្រាប់ប្រទេសយើងដែរ»។ នេះបើតាមលោក ដូណាល់​ ត្រាំ ក្រោយការបដិសេធ ពីលោកពូទីនថាទីក្រុងមូស្គូមិនបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ ក៏ប៉ុន្តែមិនទាំងទាន់បានមួយថ្ងៃស្រួលបួលផង ប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជាបានលេបសម្ដី នេះចូលទៅក្នុងពោះវិញ។ លោកត្រាំ បានលើកឡើងនៅមុខសារព័ត៌មានដូច្នេះថា៖«ខ្ញុំជឿជាក់លើទីភ្នាក់ងាររបស់យើង…ហើយអ្នកសួរថាខ្ញុំជឿឬមិនជឿ ខ្ញុំអាចឆ្លើយប្រាប់ អ្នកថាខ្ញុំ ពិតជាជឿលើទីភ្នាក់ងាររបស់យើង»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក CIA នៅតែរក្សាទុកការចោទប្រកាន់របស់ខ្លួនដដែលប្រឆាំងនឹងរុស្ស៊ី ដោយអះអាងថាការសន្និដ្ឋានពីមុខៗមិនមានអ្វី ត្រូវផ្លាស់ប្ដូរនោះទេ៕

Related Posts

About The Author

Add Comment

error: Content is protected !!