រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារចម្រុះមួយធ្វើការសិក្សាស្រាវជ្រាវ ដើម្បីត្រៀមធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្រ្តី​អាច​តែងតាំង​មន្ត្រី​ថ្នាក់រដ្ឋលេខាធិការ តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបទទួលបានថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង កាលពីដើមខែធ្នូ ដែលសម្រេចបង្កើតក្រុមការងារចម្រុះមួយនេះបានឲ្យដឹងថា លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ជា​ប្រធាន អមដោយ​អនុប្រធាន៣រូប និង​សមាជិក៨រូប​ទៀត ដែល​សុទ្ធសឹងតែ​ជា​ក្រុមអ្នកច្បាប់ ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ជាដើម។ (បញ្ជីឈ្មោះក្នុងសេចក្តីប្រកាស)

ក្រុមការងារ​ថ្មី​នេះមាន​ភារកិច្ច​ជា​សេនាធិការរបស់នាយក​រដ្ឋមន្ត្រី ក្នុងការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការចាំបាច់ ស្រប​តាម​​មាត្រា ១៥១ថ្មី និង​មាត្រា ១៥៣ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តី​សម្រេច​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។

សូមជំរាបថា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន សម្តេចតេជោ ហ៊ុន សែន បាន​បង្ហើប​ពី​បំណង​របស់សម្តេច ចង់​បង្រួម​គណៈរដ្ឋមន្ត្រី​។ ក្នុងនោះរដ្ឋាភិបាល​​គ្រោង​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ប្រទេស ដើម្បី​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្រ្តី​អាច​តែងតាំង​មន្ត្រី​ថ្នាក់រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដោយ​មិនចាំបាច់​ឆ្លងកាត់ការបោះឆ្នោត ផ្តល់​សេចក្តីទុកចិត្តពី​រដ្ឋសភា​ទៀត​នោះទេ៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!