រថភ្លើង​​​សម្ងាត់​មួយ «ចាកចេញពី​ទីក្រុងប៉េកាំង, សង្ស័យលោក គីម ជុងអ៊ុន ជិះនៅ​ក្នុងនោះ​ជាមួយមន្ត្រី​ជាន់​ខ្ពស់​​​អម​ដំណើរ…»

(ប៉េកាំង)៖ ព័ត៌មាននានា​បានចេញផ្សាយថា រថភ្លើងមួយខ្សែដែលគេសង្ស័យថា ដឹក​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់​អមដំណើរមួយ​ចំនួនទៀត​នោះ បានចេញពីទីក្រុងប៉េកាំង​ហើយនៅថ្ងៃអង្គារនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia ដកស្រង់ពី Reuters នាល្ងាចថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។

ព័ត៌មានដ៏​រសើបបំផុតខាង​លើនេះ ពីដំបូងឡើយត្រូវបាន​ចេញផ្សាយដោយ កាសែត​កូរ៉េខាងត្បូង Chosun Ilbo ដែលជា​សារព័ត៌មាន តាមដានរាល់សកម្មភាព​​របស់​កូរ៉េខាងជើង​​កន្លងមក។ ព័ត៌មានស្តី​ពីការធ្វើទស្សនកិច្ច​ដ៏សម្ងាត់បំផុត របស់លោក គីម មកកាន់​ប្រទេសចិននេះ ត្រូវបានលេចធ្លាយ​កាលពីរសៀលថ្ងៃចន្ទ ម្សិលមិញ ហើយក៏បានបន្ថែមទៀតថា លោក គីម ជុងអ៊ុន ទំនងជាបានចេញពី​ទីក្រុង​ប៉េកាំងហើយ ដើម្បីសំដៅទៅ​កូរ៉េខាងជើងវិញ នៅរសៀល​ថ្ងៃអង្គារនេះ។

ព័ត៌មានបានអះអាងទៀតថា លោក គីម ជុងអ៊ុន បានធ្វើដំណើរ​មកកាន់ទីក្រុងប៉េកាំង​ ដើម្បីជួបជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅល្ងាចថ្ងៃចន្ទ បន្ទាប់ពីបានចាក​ចេញពីទីតាំងទី ៣ ប៉ុន្តែព័ត៌មាន​មិនបានបញ្ជាក់ទេថា តើទីតាំងទី ៣ នោះជាកន្លែងណា គ្រាន់តែគេដឹងថា ស្ថិតនៅក្នុង​ប្រទេសចិនដដែល ដែលលោក គីម បានធ្វើ​ទស្សនកិច្ច​ដោយសម្ងាត់បំផុត ហើយសូម្បីចេតនានៃការមកដល់ប្រទេសចិននេះ ក៏មិន​ទាន់មាន​ការ​បង្ហើប ឬសន្និដ្ឋាន​ឲ្យដឹង​នោះដែរ។

ជុំវិញបញ្ហា​ខាងលើនេះ អ្នកសារព័ត៌មាន​ជាច្រើន បានចោទ​ជាសំនួរទៅកាន់​អ្នកនាំពាក្យ ក្រសួងការ​បរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) អំពីដំណើរ​មកដល់នៃ លោក គីម ជុងអ៊ុន ស្ងាត់ៗនៅ​​ទីក្រុងប៉េកាំង ប៉ុន្តែលោកស្រី បានឆ្លើយតបវិញថា «នៅ​ខណៈពេលនេះ ខ្ញុំហាក់ដូចជា​មិនយល់អំពី​​ស្ថានភាព ដែលអ្នក​បានលើកឡើង​នេះឡើយ។ ប្រសិនបើ​មានព័ត៌មាន​ថ្មីបន្ថែមនោះ យើងនឹង​ចេញផ្សាយ​វាតាមក្រោយ»។

ទោះជា​យ៉ាងក៏ដោយ ខាងកូរ៉េខាងត្បូង​ឯណោះវិញ ទាំងផ្នែកការទូត និងសារព័ត៌មាន​នានា បាននិង​កំពុងព្យាយាមតាមដានយ៉ាងលម្អិត អំពីព័ត៌មាន​ខាងលើនេះ ប៉ុន្តែមិនទាន់​មាន​ការបញ្ជាក់ជា​ផ្លូវការណាមួយថា ព័ត៌មានបែកធ្លាយ អំពីដំណើរ​ទស្សនកិច្ច​របស់ លោក គីម នៅក្នុងប្រទេស​ចិននេះ ជាការពិតនោះ​ឡើយ ប៉ុន្តែអ្វីដែលគេ​ជឿជាក់ខ្លាំងនោះ គឺរថភ្លើងខាង​លើនេះ គឺពិតជាបានដឹកមន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង មកបំពេញ​ទស្សនកិច្ចនៅចិន ដែលជាសម្ព័ន្ធមិត្ត​លេខ ១ របស់ទីក្រុងព្យុងយ៉ាង​តែម្តង៕

Related Posts

About The Author

Add Comment

error: Content is protected !!