រដ្ឋសភា បើកកិច្ចប្រជុំវិសាមញ ដើម្បីអនុម័តលើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស ប្រមាថព្រះមហាក្សត្រ រួមទាំងច្បាប់សំខាន់ៗមួយចំនួនទៀត

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គវិសាមញ្ញ ដើម្បីអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់បន្ថែមទោសលើ អ្នកប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀត។

កិច្ចប្រជុំនៅព្រឹកថ្ងៃពុធនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាពញ្ញាចក្រី ហេង​ សំរិន ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកនានាមួយចំនួនទៀតរបស់រដ្ឋសភា ផងដែរ។

សេចក្តីព្រាងច្បាប់ ដែលបានអនុម័តក្នុងកិច្ចប្រជុំនេះរួមមាន៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលបន្ថែមទោសកាន់ធ្ងន់ សម្រាប់ជនណាមួយដែលប្រមាថដល់ព្រះមហាក្សត្រ។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។ ៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងទី៤ គឺសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រា ដែលទើបដាក់បញ្ចូលក្រោយពេលរដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការសម្រេច នៅព្រឹកព្រឹលម ថ្ងៃនេះ។

សេចក្តីព្រាង វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលរៀបចំកែប្រែថ្មីចំនួន៥មាត្រា ត្រូវបានរាជរដ្ឋាភិបាលអនុម័ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងនោះមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ជាដើម។ ក្នុង​ចំណោម​៥​មាត្រានោះ មាន​មាត្រា​ចំនួន​២​ ត្រូវបានរដ្ឋាភិបាល ​ផ្លាស់​ប្តូរ​ពាក្យ និង​ដក​ពាក្យ ហើយ​មាត្រា​៣​ទៀត​នៃ​សេចក្តី​ព្រាង​រដ្ឋាភិបាល​បាន​បន្ថែម កថាខណ្ឌ​មួយ​ចំនួន ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​កម្ពុជា រួម​ទាំង​ការ​ប្រឆាំង​នឹង​បរទេស​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​។

មាត្រា​៣៤​ថ្មី​(មួយ) កថាខណ្ឌ​ទី​៥​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​ប្តូរ​ពាក្យ «បន្ថយ» ទៅ​ជា «ដក»។ ក្នុង​មាត្រា​៣៤​ថ្មី​(មួយ)​កថាខណ្ឌ​ទី៥​នៃ​សេចក្តី​ព្រាង សរសេរ​ថា បទ​បញ្ញត្តិ​ដក​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់។ មាត្រា​១១៨​ថ្មី​(មួយ) កថាខណ្ឌ​ទី​​២​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​លុប​ពាក្យ​រដ្ឋលេខាធិការ​ចេញ​ពី​មាត្រា​ចាស់។ ក្នុង​មាត្រា​១១៨​ថ្មី​(មួយ) កថាខណ្ឌ​ទី​២​នៃ​សេចក្តី​ព្រាង សរសេរ​ថា គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​១​រូប អម​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ព្រម​ទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ជា​សមាជិក។ ជាមួយ​គ្នា​នេះ មាត្រា​៤២​ថ្មី​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ ថា «គណបក្ស​នយោបាយ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ទោះ​ដោយ​ផ្ទាល់​ ​ឬ​ដោយ​ប្រយោល​ក្តី នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ»

មាត្រា​៤៩​ថ្មី នៃ​សេចក្តី​ព្រាង រាជរដ្ឋាភិបាល​ បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ថា «ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ទោះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី​ ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ»។ ចំណែក​ឯ​ក្នុង​មាត្រា​៥៣​ថ្មី​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ថា «ព្រះ​រាជាណាចក្រកម្ពុជា​ប្រឆាំង​ដាច់​ខាត​ការ​ជ្រៀត​ជ្រែក​ពី​បរទេស ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ទោះ​ក្រោម​រូបភាព​ណា​ក៏​ដោយ»

ដោយឡែកសម្រាប់ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ថា​បទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវរៀបចំជាមាត្រាថ្មីមួយបន្ថែមគឺមាត្រា ៤៣៧ ស្ទួន ដោយបញ្ចូលទៅក្នុងជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ ដែលមានខ្លឹមសារជារួមថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕ដោយៈFresh News

Related Posts

About The Author

Add Comment

error: Content is protected !!