រដ្ឋមន្ត្រី អ៉ិត សំហេង៖ ក្រុមហ៊ុនយក្សមួយរបស់អាមេរិក សន្យាបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា ខណៈក្នុងមួយឆ្នាំៗ ក្រុមហ៊ុននេះបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា គិតជាទឹកប្រាក់៣៥០-៤០០លានដុល្លារ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានថ្លែងប្រាប់ដំណឹងថ្មីមួយទៀតថា ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិកមានឈ្មោះថា ក្រុមហ៊ុន VF ASIA បានសន្យាថានឹងបន្ត និងបង្កើនការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជាបន្ថែម ខណៈក្នុងមួយឆ្នាំៗក្រុមហ៊ុនយក្សមួយនេះ បានបញ្ជាទិញទំនិញយ៉ាងសន្ធឹកសន្ធាប់ពីកម្ពុជា គឺក្នុងទំហំទឹកប្រាក់ពី ៣៥០-៤០០លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយលោក ស៊ាន ខាឌី នាយករងក្រុមហ៊ុន VF ASIA នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ការបញ្ជាទិញរបស់ VF នេះ សន្យាថានឹងបន្ត ហើយនឹងបង្កើនថែមទៀត ជាពិសេសអ្វីដែល VF យកចិត្តទុកដាក់នេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឬការយកចិត្តទុកដាក់ដល់បញ្ហាសុខមាលភាពរបស់បងប្អូនកម្មករ មិនគិតតែប្រាក់ឈ្នួលទេ គឺគិតទៅដល់កន្លែងស្នាក់នៅ ធ្វើដំណើរ បរិយាកាសរស់នៅ ការទទួលបាននូវទឹកស្អាត ហើយនិងការអប់រំសិក្សាជាដើម រហូតទៅដល់បញ្ហាបរិស្ថានទៀត ដែលគាត់បានចាប់អារម្មណ៍»

លោក អ៉ិត សំហេង បន្តថា បញ្ជាក់ថា យើងនឹងពិនិត្យរួមគ្នានូវគម្រោងមួយចំនួនទៀត ដែលទាក់ទងទៅនឹងបញ្ហាសុវត្ថិភាព នៃការធ្វើដំណើររបស់កម្មករ ការដោះស្រាយបញ្ហាដួលសន្លប់ជាដើម ដូច្នេះវាជាព័ត៌មានដ៏ល្អមួយសម្រាប់សាជីវកម្ម VF ក្នុងការធានាជាមួយដៃគូ និងអតិថិជនរបស់ខ្លួសថា កម្ពុជានៅតែជាជម្រើសប្រភពទំនិញ និងនៅតែជាដៃគូយូរអង្វែងបន្តទៀត ដែលក្រុមហ៊ុនយក្សមួយនេះចង់បានការធានាថា តម្លៃនៃគោលការណ៍ស្នូលក្នុងការធ្វើពាណិជ្ជកម្មរបស់ខ្លួន ដោយផ្អែកលើការគោរពសិទ្ធិសេរីភាព សុខុមាលភាព និងកិច្ចគាំពារដល់កម្មករនិយោជិត។

លោកថា អ្វីដែលធ្វើ VF កាន់តែពេញចិត្ត និងសន្យាយកកម្ពុជាជាដៃគូបន្តទៀត គឺថារាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ទៅនឹងការអនុវត្តនូវលក្ខខណ្ឌការងារល្អ បង្កើតឲ្យមាននូវប្រភពទំនិញមួយ ដែលជាទំនិញស្អាតស្អំ គ្មានការកេងប្រវ័ញ្ចកម្លាំងពលកម្ម សិទ្ធិសេរីភាពរបស់កម្មករ ការអនុវត្តសិទិ្ធសេរីភាពអង្គការវិជ្ជាជីវៈ សេរីភាពសហជីព។

សូមបញ្ជាក់ថា ក្រុមហ៊ុន VF ជាសារជីវកម្មដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលបានទិញទំនិញជុំវិញពិភពលោកចន្លោះពី ១២ពាន់លាន ទៅ ២០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលកម្ពុជាជាដៃគូពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុននេះ ដែលមាន២៨រោងចក្រ ជាអ្នកផ្គត់ផ្គង់ទំនិញវាយនភណ្ឌ និងស្បែកជើង ដែលផ្តល់ការងារដល់កម្មករនិយោជិតខ្មែរប្រមាណ ៥៥,០០០នាក់ មានទំហំនៃតម្លៃនាំចេញប្រមាណពី ៣៥០លាន ទៅ ៤០០លានដុល្លារ ក្នុងមួយឆ្នាំ៕

Related Posts

About The Author

Add Comment

error: Content is protected !!