រដ្ឋមន្ត្រីការងារ៖ ជប៉ុនកំពុងសហការជាមួយកម្ពុជា លើការបណ្ដុះបណ្ដាលកម្មសិក្សាការីខ្មែរផ្នែកថែទាំមនុស្សចាស់ មុនបញ្ជូនទៅធ្វើការនៅជប៉ុន

(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជប៉ុនកំពុងសហការជាមួយកម្ពុជា លើការបណ្ដុះបណ្ដាលកម្មសិក្សាការីខ្មែរផ្នែកថែទាំមនុស្សចាស់ មុនបញ្ជូនទៅធ្វើការនៅជប៉ុន ខណៈភាគីជប៉ុនបានអះអាងថា ប្រទេសខ្លួនកំពុងត្រូវការអ្នកធ្វើការសេវាថែទាំមនុស្សចាស់ច្រើន។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីអនុញ្ញាតឲ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជាជប៉ុន (JCIA)ដឹកនាំគណៈប្រតិភូជប៉ុនជួបពិភាក្សាការងារ ពាក់ព័ន្ធទៅលើការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ផ្នែកថែទាំមនុស្សចាស់ នៅទីស្តីការក្រសួង ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Fumio Yamada លើកឡើងថា ធនធានមនុសស្សផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន មានកម្រិតទាបនៅឡើយ ហើយកម្ពុជានឹងមានចំនួនមនុស្សចាស់កើនឡើ ងដូចប្រទេសជប៉ុនដែរ ដូច្នេះក៏ត្រូវការអ្នកដែលមានសមត្ថភាពខាងថែទាំមនុស្សចាស់នេះ។

លោក Yamada បានបន្តថា ខាងអង្គការរបស់លោកកំពុងធ្វើយ៉ាងណាកៀរគរអ្នកវិនិយោគទុនរបស់ជប៉ុន មកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដូច្នេះគឺត្រូវការកិច្ចសហការ និងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាឲ្យបានច្រើនបន្តទៀត។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានឲ្យដឹងថា កម្ពុជា កំពុងតែរៀបចំអភិវឌ្ឍឲ្យមានប្រព័ន្ធគោលនយោបាយ និងធនធានមនុស្សសម្រាប់សេវានេះ ដែលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយ ស្តីពីមនុស្សចាស់ ហេតុដូច្នេះក្រោមគោលនយោបាយនេះ ត្រូវការអភិវឌ្ឍនូវធនធានមនុស្សផ្នែកសេវាថែទាំមនុស្សចាស់នេះជាចាំបាច់។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «កន្លងមកខ្ញុំបានទទួលមិត្តភក្តិជប៉ុនច្រើន ដែលបានចាប់អារម្មរណ៍លើបញ្ហានេះ ឥលូវនេះក្រៅពី JCIA ដែលមានកម្មវិធីសម្រាប់ការអភិវឌ្ឍ និងបណ្តុះបណ្តាលថែទាំមនុស្សចាស់ យើងមានក្រុមហ៊ុនមួយចំនួនដែលជាដៃគូររបស់យើងដែរ កំពុងតែរៀបចំមជ្ឈមណ្ឌល ឬសាលាថែទាំមនុស្សចាស់នេះ ហើយប្រទេសទាំងពីរក៏អាចសហការគ្នាបញ្ជូនកម្មសិក្សាការីទៅធ្វើការផ្នែកនេះដែរ នេះជាឱកាសដែលយើងបានធ្វើជាដៃគូរជាមួយគ្នា ដើម្បីបញ្ជូនកម្មសិក្សាការីទៅជប៉ុន»

លោកបន្តថា ឥលូវនេះ បើនិយាយពីប្រជាពលរដ្ឋនៅប្រទេសជប៉ុន គឺមានជាង៦ពាន់នាក់ ហើយមួយថ្ងៃទៅមួយថ្ងៃ ក៏មានការជ្រើសរើស ការបណ្តុះបណ្តាល និងការបញ្ជូនទៅកាន់តែច្រើន ហើយខាង JCIA ក៏ខំប្រឹងរកដៃគូបន្ថែមទៀត ដើម្បីរូមចំណែកក្នុងការបណ្តុះបណ្តាល និងបញ្ជូនទៅ ក្រៅពីការគាំទ្រដល់គម្រោងរបស់មជ្ឈមណ្ឌលក៏ត្រូវគិតដល់កិច្ចសហប្រតិបត្តិការបើកទូលាយបន្ថែមទៀត។

លោក Fumio Yamada សង្កត់ធ្ងន់ថា JCIA មិនត្រឹមតែខិតខំពន្លឿនការបណ្តុះបណ្តាលខាងធនធានមនុស្សប៉ុណ្ណោះទេ តែក៏នឹងផ្តល់ខាងគ្រូបង្គោលដើម្បីហ្វឹកហាត់ទៅដល់កម្មសិក្សាការីផងដែរ។ កម្មសិក្សាការីថែទាំមនុស្សចាស់វាខុសប្លែកពីកម្មសិក្សាការីផ្សេងៗទៀត គឺតម្រូវឲ្យកម្មសិក្សាការីចេះភាសាជប៉ុនឲ្យបានច្រើន ដើម្បីងាយស្រួលទំនាក់ទំនងអំឡុងពេលធ្វើកិច្ចការនេះ៕

Related Posts

About The Author

Add Comment

error: Content is protected !!